ជាតិ
ភាសាអ្វីនៅអាស៊ីដែលពលរដ្ឋអាម៉េរិកចង់រៀនជាងគេ? ការសិក្សាបង្ហាញថា ភាសាខ្មែរនៅលេខរៀងទី៩
23, Jan 2024 , 12:26 pm        
រូបភាព
ដោយ: រួបរួម
ការសិក្សាថ្មីមួយរបស់សាលាជំនាញភាសាអាស៊ី LTL Language School បង្ហាញថា ភាសាខ្មែរស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមភាសាអាស៊ីដែលពលរដ្ឋអាម៉េរិកចូលចិត្តរៀនជាងគេបំផុត ខណៈជប៉ុន កូរ៉េ និងចិនកុកងឺ (Mandarin) ស្ថិតនៅលំដាប់ខ្ពស់ជាងគេបំផុត។



ការសិក្សា បានផ្តោតទៅលើ៤២ភាសានៅអាស៊ីបូព៌ា និងខាងត្បូង ជាមួយនឹងការដាក់បញ្ចូលពាក្យគន្លឹះចំនួន២៤ ហើយបន្តដំណើរការវិភាគតាមរយៈ Google Keyword Planner ដើម្បីទទួលបានទិន្នន័យលើបរិមាណស្រាវជ្រាវជាមធ្យម នារយៈពេលជាង១២ខែចុងក្រោយនៅសហរដ្ឋអាម៉េរិក និងពីសំណាក់ពលរដ្ឋអាម៉េរិក។

ភាសាជប៉ុន ស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយមានបរិមាណស្រាវជ្រាវប្រចាំខែជាមធ្យម ១៧០ ៩២៧,៥។ ភាសាកូរ៉េ ឈរលំដាប់ទី២ (១៣៣ ៨៨៦,៧), លេខ៣ ភាសាចិនកុកងឺ (៥២ ៧៤៥,៨)។ ភាសាហិណ្ឌី ដែលស្ថិតក្នុងចំណោមភាសាផ្លូវការ២២ និងភាសានិយាយ១២១ នៅឥណ្ឌា ឈរលេខរៀងទី៤ ដោយមានបរិមាណស្រាវជ្រាវប្រចាំជាមធ្យម ៣៧ ៧៩០។

ភាសាថៃ ស្ថិតនៅចំណាត់ថ្នាក់ទី៥ (៣៦ ៦៣០) និងភាសាវៀតណាម លេខរៀងទី៦ (៣១ ៤២០) ក្នុងចំណោមភាសាអាស៊ីដែលពលរដ្ឋអាម៉េរិកចង់រៀន។ ភាសាពែរ្ស (Persian) ដែលប្រើប្រាស់ជាផ្លូវការនៅអ៊ីរ៉ង់ អាហ្វហ្គានីស្ថាន រួមទាំងបណ្តារដ្ឋនៅអាស៊ីខាងលិច កណ្តាល និងខាងត្បូង ស្ថិតនៅលេខរៀងទី៧ (២៤ ០២៩,២) ខណៈភាសាហ្វីលីពីន ស្ថិតនៅលេខ៨ ៏១៨ ៨៤៤,២)។

ការសិក្សារបស់ LTL Language School ក៏បានរកឃើញផងដែរថា ភាសាខ្មែរ ស្ថិតនៅចំណាត់ថ្នាក់ទី៩ ដែលពលរដ្ឋអាម៉េរិកចង់រៀនក្នុងចំណោមភាសាអាស៊ី ជាមួយនឹងបរិមាណស្រាវជ្រាវប្រចាំខែជាមធ្យម ១៥ ៨៩៦,៧។ តេលុគុ (Telugu) ដែលជាភាសាផ្លូវការនៅបណ្តារដ្ឋមួយចំនួននៅឥណ្ឌា ស្ថិតក្នុងចំណោម Top 10 ជាមួយនឹងបរិមាណស្រាវជ្រាវ ១៥ ៧៧៦,៧។

បើផ្អែកតាមលទ្ធផលស្រាវជ្រាវនៅតាមបណ្តារដ្ឋនីមួយៗវិញ ភាសាជប៉ុនគឺជាជម្រើសទី១ ភាសាកូរ៉េជាជ្រើសទី២ ដោយលើកលែងតែរដ្ឋ Nebraska ប៉ុណ្ណោះដែលចង់រៀនកូរ៉េច្រើនជាងជប៉ុន។ ភាសាខ្មែរ ក៏បានជាប់ក្នុងចំណោម Top 5 នៅរដ្ឋចំនួន២ផងដែរ។ ពលរដ្ឋអាម៉េរិកនៅរដ្ឋ Rhode Island ចង់រៀនភាសាខ្មែរ បន្ទាប់ពីជប៉ុន កូរ៉េ និងកុកងឺ រីឯនៅរដ្ឋ Massachusetts ភាសាខ្មែរ ស្ថិតនៅលេខ៥ បន្ទាប់ពីជប៉ុន កូរ៉េ កុកងឺ និងហិណ្ឌី។

លោក Max Hobbs នាយកទីផ្សារសាលា LTL បានគូសបញ្ជាក់ថា ការសិក្សានេះ បង្ហាញពីនិន្នាការកើនឡើងនៅសហរដ្ឋអាម៉េរិក ដែលបុគ្គលម្នាក់ៗ កាន់តែមានចំណាប់អារម្មណ៍លើភាពសម្បូរបែបនៃវប្បធម៌ និងឱកាសផ្នែកសេដ្ឋកិច្ច តាមរយៈការរៀនភាសាអាស៊ី។ លោកបន្ថែមថា៖ «ទិន្នន័យនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ក្នុងការរៀនភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារសំខាន់នៃការជំរុញការយល់ដឹងពីវប្បធម៌ឆ្លងគ្នានៅក្នុងទំនាក់ទំនងទៅវិញទៅមកផងដែរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com