ជាតិ
ព្រះមហាក្សត្រ
សម្តេច នរោត្តម ច័ក្រពង្ស់ ឡើងព្រះឋានៈជា «សម្តេចក្រុមព្រះ»
23, Jan 2024 , 3:36 pm        
រូបភាព
ដោយ: រួបរួម
សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ដំឡើងព្រះឋានៈ ជា «សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់»។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែមករា។



ព្រះជន្ម៧៨ព្រះវស្សា សម្តេច នរោត្តម ច័ក្រពង្ស់ ជាព្រះរាជបុត្រ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សាមុនី។ ព្រះអង្គជាព្រះអនុជរួមព្រះមាតានៃសម្ដេចព្រះបរមរាមា នរោត្ដម យុវនាថ និងត្រូវជាព្រះជេដ្ឋាមាតាទីទៃនៃព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។

សម្តេចនរោត្តម ច័ក្រពង្ស់ ជាអតីតអ្នកនយោបាយ អ្នកជំនួញ និងជាអតីតឧត្តមសេនីយ៍ផ្កាយ៤នៃកងយោធពលខេមរភូមិន្ទផងដែរ។ នៅឆ្នាំ១៩៩៩ ព្រះអង្គបានឡើងព្រះគោរមងារជា «សម្តេច» ហើយបន្ទាប់ ក្នុងខែសីហា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានដំឡើងព្រះដំណែងជាសម្តេចព្រះមហិស្សរា។

ចាប់ពីឆ្នាំ១៩៩៩ មក ព្រះអង្គមានព្រះតួនាទីជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានព្រះឋានៈស្មើឧបនាយករដ្ឋមន្ត្រី និងធ្លាប់ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២។

មុនសម្តេច នរោត្តម ច័ក្រពង្ស់ គឺសម្តេច នរោត្តម រណឫទ្ធិ បានទទួលបានព្រះរាជឋានៈដ៏ខ្ពង់ខ្ពស់នេះ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ១៩៩៣។ ព្រះអង្គបានចូលព្រះទិវង្គត កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្ម៧៧ព្រះវស្សា៕



© រក្សាសិទ្ធិដោយ thmeythmey.com