ជាតិ
វីដេអូ
សេដ្ឋកិច្ច
គ្រឹះស្ថានធនាគារ ត្រូវពន្យល់ពីហានិភ័យបំណុលដល់អតិថិជន មុនឱ្យកម្ចី
25, Jan 2024 , 9:39 am        
រូបភាព
លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen
លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានតួនាទីនិងកាតព្វកិច្ចច្រើន ក្នុងការផ្តល់កម្ចីឱ្យអតិថិជន ដែលមានចែងនៅក្នុងក្រមប្រតិបត្តិ រួមទាំង វិធានផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ (Responsible Lending)។​ ក្រៅពីការអនុវត្តតួនាទីក្នុងក្រមប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនហើយនោះ​ ស្ថាប័នហិរញ្ញវត្ថុ ក៏ត្រូវពន្យល់អតិថិជនឱ្យបានច្បាស់លាស់ពីហានិភ័យបំណុល មុននឹងផ្តល់កម្ចី។

 
លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen សង្កេតឃើញបញ្ហាមួយចំនួន ដែលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មិនបានបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវដល់អតិថិជន មុនផ្ដល់កម្ចី។ លោកបានបញ្ជាក់ថា នៅក្នុងការផ្សព្វផ្សាយផលិតផលឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុនីមួយៗ មានការប្រើប្រាស់ភាសាបច្ចេកទេសច្រើន ដែលពិបាកក្នុងការស្វែងយល់ និងមិនមានមាតិកាអប់រំដល់អតិថិជន។ 
 
លើសពីនេះ ការផ្សព្វផ្សាយរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាក់ទងកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ( Financial Literacy) ក៏នៅមានកម្រិត។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន​ឌីជីថលថ្មីៗ(ThmeyThmey) លោក ស៊ឹម ភីរុណ បាននិយាយយ៉ាងដូច្នេះ៖ «ធម្មតា​ពីអ្នកប្រើប្រាស់ គឺចេះតែចង់ខ្ចីច្រើន ហើយបង់តិច ដោយពួកគាត់តាមពិតអត់ដឹងលទ្ធភាពរបស់ខ្លួនមានដល់ប៉ុណ្ណឹងទេ។ អ៊ីចឹង ពីអ្នកផ្គត់ផ្គង់ត្រូវគិតពីបញ្ហាហ្នឹង ហើយអ្នកប្រើប្រាស់ក៏ត្រូវដឹងបញ្ហាហ្នឹងដែរ ព្រោះជួនកាល បើអ្នកប្រើប្រាស់អត់ដឹងពីបញ្ហាហ្នឹង ហើយអ្នកផ្គត់ផ្គង់រៀងបន្ធូរបន្ថយ[លក្ខខណ្ឌផ្តល់កម្ចី]នោះ វារុញឱ្យ​[អតិថិជន] មានបំណុលច្រើនទៅៗ»។ 
 
ដើម្បីជ្រាប់កាន់តែច្បាស់លាស់ សូមលោកអ្នកទស្សនាកិច្ចសម្ភាស រវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានសេដ្ឋកិច្ចនៃសារព័ត៌មានថ្មីៗ ជាមួយលោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen ខាងក្រោម​៖ 



ដូច្នេះ ដើម្បីកុំឱ្យអតិថិជនធ្លាក់ខ្លួនក្នុងស្ថានភាពបំណុលច្រើនលើសលុប គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនីមួយៗ ត្រូវផ្សព្វផ្សាយពីកម្មវិធីចំណេះដឹងហិរញ្ញវត្ថុឱ្យបានទូលំទូលាយ និងត្រូវពន្យល់ឱ្យបានច្បាស់លាស់ ពីហានិភ័យបំណុលដល់អតិថិជន មុននឹងឱ្យកម្ចី។ នេះជាលើកឡើងរបស់ លោក ស៊ឹម ភីរុណ ដោយបន្ថែមថា ការផ្តល់កម្ចីឱ្យអតិថិជនក្នុងរយៈពេលវែងដល់២៥ឆ្នាំ និងទំហំកម្ចីរហូត៧០ភាគរយនៃប្រាក់ចំណូល គឺអាចធ្វើឱ្យអតិថិជនមានហានិភ័យពេលសងត្រឡប់។ 
 
បញ្ហាហានិភ័យកម្ចី រយៈពេលវែង លើទំហំ៧០ភាគរយ នៃប្រាក់ចំណូល!
 
កញ្ញា អ៊ូ សុខមាន៖ តើហានិភ័យអ្វីដែលអតិថិជនប្រឈមក្នុងការសងប្រាក់ឱ្យគ្រឹះស្ថានធនាគារ វិញ? 
 
លោក ស៊ឹម ភីរុណ៖ ឧទាហរណ៍ យើងមានចំណូល១០០០ដុល្លារ តែត្រូវសង់កម្ចីអស់៧០០ដុល្លារទៅហើយ។ ក្នុងករណីយើងជួបហានិភ័យលើប្រាក់ចំណូល ឬថយចំណូលតែបន្តិច​នោះ វានឹងប៉ះពាល់ដល់លទ្ធភាពសងត្រឡប់របស់យើងហើយ។ ជុំវិញបញ្ហានេះ ពីអ្នកប្រើប្រាស់ភាគច្រើន​មិនបានគិតដល់រឿងនេះទេ​ ព្រោះតែអ្នកទាំងនោះចង់ខ្ចីប្រាក់ឱ្យបាន ​ដើម្បីទិញអ្វីមួយ ឬផ្ទះជាដើម ទោះបីត្រូវបង់សងវិញច្រើន ក៏ស្ម័គ្រចិត្តទទួលដែរ។ 
 
លោកបានបញ្ជាក់ថា អ្នកប្រើប្រាស់ភាគច្រើនគឺគិតបែបនេះ ដោយរំពឹងថាប្រាក់ចំណូលរបស់ខ្លួនអាចកើននាពេលអនាគត ក៏ប៉ុន្តែភ្លេចគិតថា បើមានស្ថានភាពមិនល្អមួយកើតឡើងប៉ះដល់ចំណូល នោះនឹងធ្វើឱ្យពួកគាត់ពិបាកសងវិញ។ បញ្ហានេះ វាក៏ផ្សារភា្ជប់នឹងការផ្តល់កម្ចី ក្នុងរយៈពេលយូរពេកផងដែរ ដែលធ្វើឱ្យអតិថិជន ពិបាកក្នុងការទទួលបានការរៀបចំឥណ​ទានឡើងវិញ (Loan Restructure)។ 
 
អ្នកជំនាញហិរញ្ញវត្ថុរូបនេះ​បន្តរៀបរាប់ដោយលើកឧទាហរណ៍មកពន្យល់ថា ការផ្តល់កម្ចីលើគេហដ្ឋានក្នុងរយៈពេល២៥ឆ្នាំ! បើយើងគិតទៅគឺបង់ការប្រាក់សឹងទាំងអស់ហើយ។ បើយើងចង់រៀបចំឥណទានឡើងវិញ​ ទៅរយៈពេល៣០ឆ្នាំ ក៏វាអត់មានន័យអីទេ។ ព្រោះរៀបចំឥណទានថែម៥ឆ្នាំទៀត គឺត្រូវបង់លុយខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ​។  អ៊ីចឹង! បើយើងបង់ឥឡូវ បង់មិនបានផង ថែមម៉េចក៏បង់អត់រួចដែរ។ 
 
ហេតុដូច្នេះហើយ គ្រឹះស្ថានធនាគារគួរពិនិត្យឡើងវិញ ក្នុងការផ្តល់កម្ចីក្នុងរយៈពេលវែង និងកម្ចីទំហំខាងលើនេះ ដោយត្រូវព្យាយាមអប់រំអ្នកប្រើប្រាស់ឱ្យយល់ដឹងច្បាស់ ពីហានិភ័យ​នៃបំណុលរបស់ខ្លួន។ 
 
កញ្ញា អ៊ូ សុខមាន៖ ក្នុងករណីអតិថិជនមានបញ្ហាបំណុល គ្មានលទ្ធភាពសងទៅគ្រឹះស្ថានធនាគារវិញ តើយើងគួរដោះស្រាយបែបណាចំពោះគាត់ ជាជាងយើងរឹបអូសយកទ្រព្យបញ្ចាំ ឬដាក់ការពិន័យលើអតិថិជននោះ? 
 
លោក ស៊ឹម ភីរុណ៖ តាមពិត ភារកិច្ចរបស់គ្រឹះស្ថានផ្តល់កម្ចី គឺមិនទាន់ចប់ត្រឹមតែការបញ្ចេញឥណទានឱ្យអតិថិជនប៉ុណ្ណោះទេ។ រឿងសំខាន់មួយទៀតដែលគ្រឹះស្ថានផ្តល់កម្ចីត្រូវធ្វើ​គឺតាមដានការសងត្រឡប់របស់អតិថិជន។ រឿងនេះ ក៏ទាមទារការធ្វើការងារច្រើន ដោយមានលក្ខណៈបែបបុរេសកម្មថែមទៀត។ ព្រោះបើសិនយើងអង្គុយចាំតែអតិថិជនមានបញ្ហាហើយ​បានជាយើងទៅ នាំឱ្យយើងវាយតម្លៃស្ថានភាពរបស់គាត់មិនត្រូវទេ។
 
ខ្ញុំលើកបែបនេះ ព្រោះពេលខ្លះអតិថិជនដែលខំបឹ្រងរកលុយសងធនាគារ គឺពួកគាត់អាចមានបញ្ហាលើចំណូលគាត់ទៅហើយ ដែលយើងជាបុគ្គលិករបស់គ្រឹះស្ថានផ្តល់កម្ចីអត់ដឹងពីរឿងហ្នឹង។ អ៊ីចឹង! នៅពេលអតិថិជនប្រឹងរកលុយសងត្រឡប់បាន៣ខែ ដែលមានបញ្ហារួចហើយ យើងទើបទៅដល់គឺវាយឺតពេល ហើយក្នុងការដោះស្រាយ។ ដូច្នេះគ្រឹះស្ថានផ្តល់កម្ចី គួរដោះស្រាយលើរឿងនេះឱ្យបានច្រើន ដើម្បីយើងអាចពិនិត្យលទ្ធភាពទាន់ពេលវេលា ក្នុងការរៀបចំឥណទានឡើងវិញជូនអតិថិជន ឱ្យសមស្របនឹងទៅស្ថានភាពប្រែប្រួលនៃចំណូលរបស់គាត់។ 
 
ក្នុងករណីដែលអតិថិជនអស់លទ្ធភាពមែនទែន ហើយយើងក៏បានជួយដោះស្រាយបញ្ហារបស់គាត់រួចអស់ដែរ ប៉ុន្តែអតិថិជននៅមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបំណុលជាមួយគ្រឹះស្ថានផ្តល់កម្ចីដោយយល់ព្រមដាក់លក់ទ្រព្យបញ្ចាំ ដើម្បីសងបំណុលហ្នឹង!។ ខ្ញុំគិតថា គ្រឹះស្ថានផ្តល់កម្ចីគួរតែបន្ធូរបន្ថយការប្រាក់ និងពិន័យ ក្នុងអំឡុងពេលអតិថិជនកំពុងលក់ទ្រព្យហ្នឹងដើម្បីសងធនាគារ​។
 
យើងដឹងស្រាប់ហើយ​ថា​ កាលណាយើងអត់បានសង នោះការប្រាក់នឹងកើនឡើងពីមួយខែទៅមួយខែ ដូច្នេះគ្រឹះស្ថានធនាគារ គួរពិនិត្យលទ្ធភាពក្នុងការយោគយល់ដល់អតិថិជនណា ដែលមានឆន្ទៈក្នុងការសងបំណុលវិញ៕ 


 

Tag:
 ចំណេះដឹងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com