ជាតិ
ប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល ​កំពុងបង្អួតខ្លួនដាក់ភ្ញៀវទេសចរ ក្រោយជួសជុលរួច ​ ​
25, Jan 2024 , 7:39 pm        
រូបភាព
ប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលដែលជួសជុលរួច។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលដែលជួសជុលរួច។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី

សៀមរាប៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាថ្មី សម្រាប់ភ្ញៀវ​ទេសចរ​ទស្សនានៅប្រាសាទតាព្រហ្មកិលនេះ និងសម្អាតប្រព័ន្ធលូ ​ដើម្បីឱ្យទឹកហូរចូល​ទៅ​ក្នុងស្រះ​​ផ្នែកខាងជើង និងរៀបចំទីធ្លា​ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ។

 
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្ម​កិល​ ដែល​មានសភាពទ្រុឌទ្រោមខ្លាំង ឱ្យងើបឈរឡើងវិញហើយ។ តាម លោក ម៉ៅ សុខនី ជាស្ថាបត្យករ និងប្រធានការដ្ឋានជួសជុសជុល ​ការងារជួសជុលប្រាសាទនេះ មាន​ពីរដំណាក់កាល ដែលដំណាក់​កាលទីមួយ គឺជាការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយ​ស្រាវជ្រាវ និងដំណាក់កាលទីពីរ គឺ​ការជួសជុល ដែលបាន​ចាប់ផ្តើម​នៅអំឡុងខែមីនា ​ដល់ខែធ្នូ ឆ្នាំ២០២៣។ ​អ្នក​ជំនាញរូបនេះ បញ្ជាក់ថាក្រោយ​បញ្ចប់ការងារជួសជុល ​រចនាសម្ព័ន្ធរបស់ប្រាសាទ​ដែល​ធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រ​ជាញឹក​ញាប់ បានរឹងមាំឡើងវិញ។ ​
 
លោក ម៉ៅ សុខនី បន្ថែមថា ​ប្រាសាទនេះបានរងការខូចខាតជាខ្លាំងដោយសារថ្មខ្លះ​បាន​បាក់ធ្លាក់កប់ដី នៅរាយប៉ាយ។ រីឯតួប៉មកណ្ដាល បានបាក់ជ្រុះអស់មួយចំហៀង​នៅជ្រុងខាងត្បូងនិងខាងលិច។ ដូច្នេះ​អ្នកជំនាញ ត្រូវ​ពង្រឹងរចនាសម្ព័ន្ធនៃជ្រុងប្រាសាទ​ដែលបានធ្លាក់ឱ្យរឹងមាំឡើងវិញ​ ដោយមានជំនួសនូវថ្មថ្មីខ្លះ។
 
បើតាមអាជ្ញាធរជាតិអប្សរា បច្ចុប្បន្ន​​ក្រុមការងារ​ កំពុងរៀបចំវង់ទស្សនាថ្មី ​សម្រាប់ភ្ញៀវ​ទេសចរ និងសម្អាតប្រព័ន្ធលូ​ដើម្បីឱ្យទឹកហូរចូល​ទៅក្នុងស្រះ​​ផ្នែកខាងជើង និងរៀបចំទីធ្លា​ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញ ដើម្បីងាយស្រួលដល់ភ្ញៀវចូលទស្សនា។ 
 
គួររំលឹកដែរថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅអ​រោ​គ្យ​សាលា​​​មួយ (មន្ទីរពេទ្យ) ​ក្នុងចំណោមអ​រោ​គ្យ​សាលាទាំង៤ ជុំវិញក្រុងអង្គរធំ ដែលត្រូវ​បាន​កសាង ឡើង​ក្នុងរជ្ជកាល​​ព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តសករាជ។ ប្រាសាទនេះ មានទីតាំង​នៅផ្នែកខាងលិចឆៀងខាងជើង ប្រាសាទអង្គរវត្ត៕
 

Tag:
 ប្រាសាទតាព្រហ្មកិល
  ជួសជុល
© រក្សាសិទ្ធិដោយ thmeythmey.com