អន្តរជាតិ
អត្រាជក់បារី បានធ្លាក់ចុះនៅលើពិភពលោក ប៉ុន្តែអត្រាជក់បារីអេឡិចត្រូនិកបានកើនឡើង
26, Jan 2024 , 7:59 am        
រូបភាព
រូបឯកសារ៖ ស្ត្រីម្នាក់​កំពុង​ជក់បារីអេឡិចត្រូនិក នៅ​ទីក្រុង Vacouver រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ ស្ត្រីម្នាក់​កំពុង​ជក់បារីអេឡិចត្រូនិក នៅ​ទីក្រុង Vacouver រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
ដោយ: VOA
ខណៈ​ដែល​ទិន្នន័យ​ថ្មី​បង្ហាញ​ថា​ការ​ជក់​បារី​នៅ​ទូទាំង​ពិភពលោក​កំពុង​ធ្លាក់ចុះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា ដំណឹង​ដ៏​ល្អ​នេះ​កំពុង​ត្រូវបាន​បន្ទច់បង្អាក់​ដោយសារ​ការ​កើនឡើង​គួរឱ្យ​ព្រួយ​បារម្ភ​នៃ​ការ​ជក់​បារី​អេឡិចត្រូនិក​និង​ការ​ប្រើ​ឧបករណ៍​ជក់​បារី​អេឡិចត្រូនិក ជាពិសេស​ក្នុង​ចំណោម​កុមារ។



លោក Ruediger Krech ប្រធាន​ផ្នែក​លើកកម្ពស់​សុខភាព​នៅ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា៖ «វា​ជា​ការ​កើនឡើង​គួរឱ្យ​ព្រួយ​បារម្ភ​ក្នុង​រយៈពេល ៤ ទៅ ៥ ឆ្នាំ​ចុងក្រោយ​នេះ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ប្រកាស​អំពី​រឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ​នេះ»។
 
លោក Krech បាន​ថ្លែង​បន្ត​ថា៖ «នៅក្នុង​ប្រទេស​មួយ​ចំនួន យើង​ឃើញ​ថា ការ​ជក់​បារី​អេឡិចត្រូនិក​និង​ការ​ប្រើ​ឧបករណ៍​ជក់​បារី​អេឡិចត្រូនិក​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង។ យើង​ឃើញ​ថា នៅ​ចក្រភព​អង់គ្លេស​និង​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​កើនឡើង​ចំនួន ១៥០%។ យើង​ក៏​ឃើញ​ផងដែរ​ថា ការ​ប្រើ​ឧបករណ៍​ជក់​បារី​អេឡិចត្រូនិក​ក្នុង​ចំណោម​កុមារ​មាន​ការ​កើនឡើង​រាប់​សិប​ដង»។
 
លោក Krech បាន​ចោទ​ឧស្សាហកម្ម​ផលិត​ថ្នាំជក់​ថា​បាន​ប្រើ​ល្បិច​បោកបញ្ឆោត​ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ជក់ចិត្ត​នឹង​ថ្នាំជក់​ដោយ​ណែនាំ​ពួកគេ​ឱ្យ​ស្គាល់​ផលិតផល​ថ្មី «ដែល​ពួកគេ​ព្យាយាម​អូសទាញ​កុមារ​តាំងពី​អាយុ ៨ ឆ្នាំ​ឡើង​ទៅ​ឱ្យ​ជក់​បារី​អេឡិចត្រូនិក​ឬ​ប្រើ​ឧបករណ៍​ជក់​បារី​អេឡិចត្រូនិក»។
 
លោក Krech បាន​បញ្ជាក់​ដូច្នេះ​ថា៖ «‍ប្រសិនបើ​អ្នក​ដឹង​ថា សកម្មភាព​របស់​អ្នក​នឹង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ … សម្រាប់​ខ្ញុំ​ផ្ទាល់​ជឿ​ថា​នោះ​គឺជា​អំពើ​ឧក្រិដ្ឋ»។
 
ការស្ទង់​មតិ​ជាតិ​បាន​បង្ហាញ​ថា កុមារ​ដែល​មាន​អាយុ​ពី ១៣ ដល់ ១៥ ឆ្នាំ នៅក្នុង​ប្រទេស​ភាគច្រើន​បាន​ប្រើប្រាស់​ថ្នាំជក់​និង​ផលិតផល​ដែល​មាន​សារធាតុ​ញៀន​នីកូទីន​ផ្សេង​ទៀត។
អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា កុមារ​យ៉ាងតិច ៣៧ លាន​នាក់​ដែល​មាន​អាយុ​ពី ១៣ ដល់ ១៥ ឆ្នាំ​កំពុង​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ក្នុង​ទម្រង់​ណាមួយ ហើយ «ប្រទេស​ជាច្រើន​បាន​រកឃើញ​ថា​ការ​ជក់​បារី​អេឡិចត្រូនិក​ក្នុង​ចំណោម​មនុស្ស​វ័យ​ជំទង់​ស្ថិត​ក្នុង​កម្រិត​គួរឱ្យ​ព្រួយ​បារម្ភ»។
 
និន្នាការ​នេះ​កំពុង​កើនឡើង​នៅ​ចំ​ពេល​ដែល​ព័ត៌មាន​ថ្មី​បង្ហាញ​ថា​វិធានការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំជក់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​កំពុង​ទទួល​បាន​ជោគជ័យ។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ពេញវ័យ​ចំនួន ១ ពាន់ ២ រយ ៥០ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ជា​អ្នក​ប្រើប្រាស់​ថ្នាំជក់។


រូបឯកសារ៖ អ្នក​ជក់បារីម្នាក់​កំពុង​អុជបារី នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤។
 
ការ​ប៉ាន់​ប្រមាណ​ចុងក្រោយ​បំផុត​នៅក្នុង​របាយការណ៍​សាកល​របស់​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​និន្នាការ​នៃ​អត្រា​ប្រេវ៉ាឡង់​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០៣០ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៦ ខែ​មករា​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ថា អត្រា​ប្រើប្រាស់​ថ្នាំជក់​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់។ ទិន្នន័យ​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០២២ មនុស្ស​ពេញ​វ័យ​ម្នាក់​ក្នុង​ចំណោម ៥ នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ប្រើប្រាស់​ថ្នាំជក់ បើ​ធៀប​ទៅ​នឹង​ម្នាក់​ក្នុង​ចំណោម ៣ នាក់​កាលពី​ឆ្នាំ ២០០០។
 
លោក Krech បាន​និយាយ​ថា៖ «ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ យើង​ឃើញ​ថា​ចំនួន​អ្នក​ប្រើប្រាស់​ថ្នាំជក់​បាន​ធ្លាក់ចុះ​ប្រហែល ១៩ លាន​នាក់​នៅ​ទូទាំង​ពិភពលោក‍ ទោះបីជា​មាន​កំណើន​ជា​បន្ត​នូវ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក​ដែល​មនុស្ស​ពេញវ័យ​បាន​កើន​ប្រហែល ១៤៩ លាន​នាក់​ក្នុង​រយៈពេល​ដូចគ្នា​នេះ​ក៏ដោយ‍»។
 
លោក Krech បាន​ថ្លែង​ទៀត​ថា៖ «‍សរុប​មក ក្នុង​ពេល​ឥឡូវ​នេះ ប្រទេស​ចំនួន ១៥០ កំពុង​ស្ថិត​ក្នុង​និន្នាការ​ដែល​ការ​ប្រើប្រាស់​ថ្នាំជក់​បាន​ធ្លាក់ចុះ ដោយ​ប្រទេស​ចំនួន ៥៦ ក្នុង​ចំណោម​នោះ​កំពុង​ដើរ​ឆ្ពោះ​ទៅរក​ការ​សម្រេច​គោលដៅ​ជា​សាកល​នៃ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់​ឱ្យ​បាន ៣០% នៅ​ត្រឹម​ឆ្នាំ ២០២៥»។
 
អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ថា អត្រា​ប្រេវ៉ាឡង់​ខ្ពស់​បំផុត​នៃ​អ្នក​ប្រើប្រាស់​ថ្នាំជក់​គឺ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន​ចំនួន ២៦,៥% ហើយ​បន្ទាប់មក​គឺ​នៅ​តំបន់​អឺរ៉ុប​ដែល​មាន​ចំនួន ២៥,៣%។ អង្គការ​នេះ​បាន​កត់សម្គាល់​ថា អត្រា​ស្ត្រី​ដែល​ប្រើប្រាស់​ថ្នាំជក់​នៅក្នុង​តំបន់​អឺរ៉ុប​គឺ​ច្រើន​ជាង​ទ្វេដង​នៃ​ចំនួន​ជា​មធ្យម​របស់​ស្រ្តី​ដែល​ប្រើប្រាស់​ថ្នាំជក់​នៅ​លើ​ពិភពលោក។
 
បច្ចុប្បន្ននេះ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​នេះ​បាន​រក​ឃើញ​ថា អត្រា​នៃ​អ្នក​ប្រើប្រាស់​ថ្នាំជក់​កំពុង​ធ្លាក់ចុះ​លឿន​បំផុត​នៅក្នុង​ក្រុម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប ដោយ​អត្រា​ប្រេវ៉ាឡង់​ទាប​បំផុត​គឺ​នៅក្នុង​ទ្វីប​អាហ្រ្វិក ដែល​ការ​ជក់បារី​បាន​ថយចុះ​ពី​ចំនួន​ប្រហែល ១៨% ក្នុង​ឆ្នាំ ២០០០ មក​នៅ​ក្រោម ១០% ក្នុង​ឆ្នាំ ២០២២។
 
លោក Krech បាន​បញ្ជាក់​ថា៖ «‍យើង​មើល​ឃើញ​ថា ឧស្សាហកម្ម​ផលិត​ថ្នាំជក់​ផ្តោត​លើ​ទ្វីប​អាហ្រ្វិក​ច្រើន​ជាង​គេ​បង្អស់ ដោយសារ​នៅ​ទ្វីប​នោះ​មាន​អត្រា​ប្រេវ៉ាឡង់​ទាប​បំផុត ហើយ​ឧស្សាហកម្ម​នេះ​កំពុង​ព្យាយាម​បង្កើន [ការ​ផលិត​ថ្នាំជក់] របស់​ពួកគេ។ ដូច្នេះ ពួកគេ​កំពុង​ព្យាយាម​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​រដ្ឋាភិបាល​និង​គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​នានា​នៅ​ទ្វីប​នោះ»។
 
លោក Krech បាន​បន្ថែម​ថា៖ «‍ទ្វីប​អាហ្រ្វិក​គឺជា​ទ្វីប​ដែល​មាន​មនុស្ស​វ័យ​ក្មេង​ច្រើន ដូច្នេះ​ឧស្សាហកម្ម​ផលិត​ថ្នាំជក់​ដឹង​ថា​ពួកគេ​អាច​មាន​វត្តមាន​នៅ​ទីនោះ​បាន​យូរ​អង្វែង‍»។
 
អង្គការ​សុខភាព​ពិភពលោក​កំពុង​ជំរុញ​ឱ្យ​ប្រទេស​នានា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​របស់​ឧស្សាហកម្ម​ផលិត​ថ្នាំជក់​តាម​រយៈ​ការ​អនុវត្ត​គោល​នយោបាយ​គ្រប់គ្រង​ការ​ប្រើប្រាស់​ថ្នាំជក់​ដូចជា​ការ​យក​ពន្ធ​លើ​ថ្នាំជក់ ការ​ហាមឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំជក់ និង​ការ​ធ្វើ​និយតកម្ម​លើ​ការ​លក់​ជាដើម។
 
លោក Krech បាន​និយាយ​ថា វា​គឺ​ជា​រឿង​សំខាន់​យ៉ាង​ខ្លាំង​ដែល​បណ្ដា​ប្រទេស​ដែល​មិន​បាន​ហាមឃាត់​ការ​ជក់​បារី​អេឡិចត្រូនិក​ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​ដើម្បី​ធានា​ថា​កុមារ​មិន​អាច​ជក់​បារី​អេឡិចត្រូនិក​បាន។
 
លោក​បាន​ព្រមាន​ថា ឧស្សាហកម្ម​ផលិត​ថ្នាំជក់​កំពុង​ធ្វើ​ឱ្យ​ការ​ជក់​បារី​អេឡិចត្រូនិក​មាន​ភាព​ទាក់ទាញ​ខ្លាំង​ដើម្បី​ធ្វើ​ឱ្យ​យុវវ័យ​ជក់ចិត្ត​នឹង​សារធាតុ​នីកូទីន​ដែល​ជា​សារធាតុ​មាន​ភាព​ញៀន​ខ្លាំង។
 
លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «បារី​អេឡិចត្រូនិក​ដែល​មាន​រសជាតិ​នៅ​លើ​ទីផ្សារ​មាន​ចំនួន​រាប់​ពាន់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​រសជាតិ​ដូច​ការ៉េម​វ៉ានីឡា​និង​ដូច​ស្ករ​គ្រាប់​ជូរអែម​ផងដែរ ដែល​ទាក់ទាញ​កុមារ​យ៉ាងខ្លាំង»។
 
លោក Krech បាន​បន្ថែម​ថា៖ «‍យើង​សូម​ស្នើ​ឱ្យ​បាន​ម៉ឺងម៉ាត់​ថា​បារី​អេឡិចត្រូនិក​គ្រប់​រសជាតិ​ទាំងអស់​គឺ​ត្រូវតែ​ហាមឃាត់»។
 
អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ការ​ជក់បារី​គឺ​ជា​មូលហេតុ​នាំមុខគេ​ដែល​នាំឱ្យ​មាន​ការ​ស្លាប់​និង​ការ​កើត​ជំងឺ​ដែល​អាច​ការពារ​បាន​នៅ​ទូទាំង​ពិភពលោក។ អង្គការ​នេះ​បាន​បន្ថែម​ថា ថ្នាំជក់​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ ៨ លាន​នាក់​ស្លាប់​មុន​អាយុ​ក្នុង​មួយ​ឆ្នាំៗ ហើយ​ការជក់​បារី​ក៏​អាច​បណ្តាល​ឱ្យ​កើត​ជំងឺ​មហារីក ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ជំងឺ​សួត និង​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com