ជាតិ
គ្រឿងស្រវឹង បំផ្លាញជីវិត ហេតុអ្វីគេនៅតែទទួលទាន?
26, Jan 2024 , 11:55 am        
រូបភាព
ម្ចាស់រថយន្តម៉ាក Ford ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្ស៤នាក់ នៅក្រោមស្ពានឫស្សីកែវ ខណ្ឌឫស្សី។ បុរសបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ នាង សំអូន ជាមន្ត្រីគយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបពីហ្វេសប៊ុកលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ម្ចាស់រថយន្តម៉ាក Ford ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្ស៤នាក់ នៅក្រោមស្ពានឫស្សីកែវ ខណ្ឌឫស្សី។ បុរសបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ នាង សំអូន ជាមន្ត្រីគយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបពីហ្វេសប៊ុកលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ភ្នំពេញ៖ គ្រឿងស្រវឹង នាំបាត់សតិ។ គ្រឿងស្រវឹង នាំអន្តរាយ និងបំផ្លាញជីវិត។ គ្រឿងស្រវឹង នាំឱ្យមនុស្ស ក្លាយជាឃាតករ។ គ្រឿងស្រវឹង ធ្វើឱ្យមនុស្ស គ្មានសមត្ថភាព គ្រប់គ្រងខ្លួនឯង។ ចុះហេតុអ្វី ពួកគេនៅតែទទួលទានគ្រឿងស្រវឹង? ​



ការទទួលទាន ឬបរិភោគអ្វីមួយ គឺជាសិទ្ធិសេរីភាព ដ៏ពេញលេញបំផុត ដែលមនុស្សគ្រប់រូប ត្រូវតែទទួលបាន។ ប៉ុន្តែសិទ្ធិសេរីភាពទាំងនោះ បើកាលណា ប៉ះពាល់ដល់អ្នកដទៃ វាត្រូវតែមានការ គ្រប់គ្រងដោយច្បាប់។ ទោះជាយ៉ាងណា ចំពោះមនុស្ស ដែលមានកម្រិតវប្បធម៌ខ្ពស់ និងមានមនុស្សធម៌ គេពុំដែលបណ្ដោយឱ្យសិទ្ធិរបស់ខ្លួន ទៅបង្កបញ្ហា ឬគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
 
វិលមកការទទួលទានទឹកស្រវឹងវិញ ខ្ញុំហ៊ាននិយាយថា អ្នកចូលចិត្តទទួលទានស្រា ឬគ្រឿងស្រវឹង ហួសប្រមាណ គឺជាមនុស្សពោរពេញដោយការប្រមាថ ។ ពួកគេប្រមាថទាំងអាយុជីវិតខ្លួនឯង អាយុជីវិតអ្នកដទៃ បំផ្លាញសុភមង្គលគ្រួសាររបស់អ្នកដទៃ និងបំផ្លាញសេដ្ឋកិច្ចជាតិផង។ 
 
ជនប្រមឹកមួយចំនួន បានពង្រាត់ ម្ដាយ ឪពុក កូន ជីដូន ជីតា និងសាច់ញាតិ ជាទីស្រឡាញ់ របស់អ្នកដទៃ នៅលើដងផ្លូវ អស់ជាច្រើនឆ្នាំ និងច្រើនរយនាក់មកហើយ។ រូបភាពទាំងនេះ មិនដឹងថា នឹងបន្តដល់ពេលណា​ទៀតឡើយ។ 

ជនបង្កគ្រោះថ្នាក់ ចរាចរណ៍ នាពេលបញ្ជូនទៅ ដល់ សាលាដំបូងរាជធានីភ្នំពេញ។ រូបថត ស្នងការនគរបាលរាជធានីភ្នំពេញ
 
តើយើងគួរតែស្អប់គ្រឿងស្រវឹង ឬស្អប់មនុស្ស ដែលផឹកគ្រឿងស្រវឹង? ខ្ញុំនិយាយនេះ ពុំមែនមានចេតនា ញុះញង់ឱ្យមានការរើសអើង ឬស្អប់ខ្ពើមគ្នាឡើយ។ ជាធម្មតាប្រទេសជាតិ អនុវត្តនៅរបបទីផ្សារសេរី ដូច្នេះការប្រកួតប្រជែងផលិតផល ជាពិសេសភេសជ្ជៈគ្រប់ប្រភេទ រួមទាំងផលិតផលគ្រឿងស្រវឹងដ៏សម្បូរបែប វារមែងតែងតែកើតមាននូវរូបភាពទាក់ទាញ ដើម្បីការគាំទ្រផលិតផលរបស់ពួកគេ។
 
ប៉ុន្តែសួរថា តើគួរឱ្យបន្តមានរូបភាពទាក់ទាញបែបនេះ? ឬក៏ត្រូវដោះស្រាយជាបន្ទាន់? ចម្លើយនោះ គឺត្រូវដោះស្រាយបញ្ហាជាបន្ទាន់ ព្រោះយើងម្នាក់ៗប្រាកដជាមិនចង់ឃើញអ្នកដទៃ ឬសាច់ញាតិយើង ជួបគ្រោះថ្នាក់លើដងផ្លូវ ដោយសារស្ថានភាពស្រវឹងឡើយ។ ដូច្នេះដំណោះស្រាយ ដ៏មានប្រសិទ្ធភាពនោះ ទាល់តែមានការប្ដេជ្ញាចិត្ត ពីពលរដ្ឋទាំងអស់គ្នា។ 
 
មកដល់ដំណាក់កាលនេះ យើងមិនអាចដាក់បន្ទុក ទៅលើតែជន ឬក្រុម ឬភាគីណាមួយបានទេ។ ប៉ុន្តែវាត្រូវការ ការចូលរួមទាំងអស់គ្នា ពីក្រសួង និងពីស្ថាប័នពាក់ព័ន្ធនានា ជាចាំបាច់។ 
 
ផ្ដើមចេញពីបុគ្គលខ្លួនឯង និងមនុស្សជុំវិញខ្លួន!

ជាញឹកញយ គេតែងសង្កេតឃើញថា រាល់ពេលមានពិធីជួបជុំ ដោយមានការប្រើប្រាស់គ្រឿងស្រវឹង មិត្តភ័ក្ដិក្នុងកម្មវិធី តែងជំរុញឱ្យមិត្តរបស់ពួកគេ ទទួលទានស្រាលើសកម្រិត រហូតពួកគេគ្រប់គ្រងខ្លួនឯងលែងបាន។
 
មិត្តខ្លះ ពោលពាក្យពន្យុះ ឬឌឺដងថា «បើហ្អែងផឹកអន់បែបនេះ កុំផឹកជាមួយអញ» , «ហ្អែង ផឹកស៊ីខ្លាចប្រពន្ធមែន?» , «យូរៗ ជួបគ្នាម្ដង ផឹកមិនស្រវឹង មិនចូលផ្ទះ» …ជាដើម។ ពាក្យទាំងនេះ បានជំរុញទឹកចិត្តឱ្យអ្នកទទួលទានគ្រឿងស្រវឹងទាំងនោះ កាន់តែមានភាពក្លាហាន ចង់ឈ្នះ ចង់ចាញ់គ្នា រហូតដល់ស្រវឹងជោគជាំរៀងៗខ្លួន។
 
«កាន់តែស្រវឹង កាន់តែក្លាហាន»! អ្នកខ្លះ ឃើញភ្នំ ចាត់ទុកដូចដុំដី! អ្នកខ្លះឃើញដំរី ចាត់ទុកដូចស្រមោច ក៏មាន។ ម្ល៉ោះហើយ វាក៏ជាមូលហេតុ ដែលមនុស្សស្រវឹង បាត់បង់ម្ចាស់ការលើខ្លួន​ឯង ហើយអ្នកខ្លះទៀត ហ៊ានបើកបរលឿនហួសប្រមាណ រហូតដល់ជ្រុលបុកគ្នាស្លាប់លើដងផ្លូវ។ ជនដែលបានបង្កគ្រោះថ្នាក់ នៅតាមដងផ្លូវកន្លងមក ក្រោមស្ថានភាពស្រវឹង គឺសុទ្ធសឹងជាជន ពោរពេញដោយក្ដីប្រមាថនៅក្នុងខ្លួន។



ដូច្នេះវាត្រូវការចូលរួមទាំងអស់គ្នា ដោយផ្ដើមចេញពីបុគ្គលខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ហើយដំណោះស្រាយនោះ គឺងាយៗទេ ! រាល់ពេលទៅកម្មវិធីជួបជុំណាមួយ មនុស្សគ្រប់រូប ត្រូវមានការគ្រប់គ្រងខ្លួនឯងខ្ពស់ ដោយមិនត្រូវយកទំនាក់ទំនងមិត្តភាព ឬឥទ្ធិពលអំណាចខ្លួន បង្ខំឱ្យនរណាម្នាក់ ផឹកស្រវឹងជោគជាំ រហូតបាត់បង់ម្ចាស់ការនោះទេ ព្រោះវាអាចបង្ករគ្រោះថ្នាក់ជាយថាហេតុណាមួយ ដល់រូបគេ ដូចជា គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ, ដាច់សរសៃឈាមភ្លាមៗ ឬជំងឺផ្សេងៗជាដើម។
 
ចំណែកបុគ្គលខ្លួន ក៏ត្រូវគិតពិចារណា និងដឹងពីសមត្ថភាពខ្លួនឯង នៃការសេពគ្រឿងស្រវឹងដែរ ដោយមិនត្រូវខ្លបខ្លាច ឬចាញ់ការគំរាមគេទេ។ បើដឹងថា ខ្លួនមិនអាចទទួលគ្រឿងស្រវឹងបានច្រើន ចូរកុំទៅក្បែរ ឬគេចចេញពីអ្នកពូកែផឹក, កុំចង់ឈ្នះ-ចាញ់ ជាមួយអ្នកផឹកខ្លាំង ដូចពាក្យចាស់ថា «ចាញ់ជាព្រះ ឈ្នះជាមារ»។ ម្យ៉ាងទៀតយើងសុខចិត្តឱ្យអ្នកផឹកខ្លាំង ឈ្នះចុះ ព្រោះជីវិត និងជីវភាពប្រចាំថ្ងៃយើងម្នាក់ៗ មិនរស់នៅអាស្រ័យលើការពូកែសេពគ្រឿងស្រវឹងទេ។
 
ជាមួយគ្នានេះ មិត្តភក្តិ ឬមនុស្សជុំវិញខ្លួន ត្រូវចេះជួយហាមឃាត់គ្នា ពេលឃើញបុគ្គល ឬមិត្តសេពគ្រឿងស្រវឹងច្រើន ដោយមិនត្រូវប្រើពាក្យពន្យុះ ឬឌឺដងឱ្យគេផឹកសារធាតុស្រវឹង កាន់តែច្រើននោះទេ។ មិត្តភក្តិល្អ មិនអាស្រ័យលើការសេពគ្រឿងស្រវឹងខ្លាំងដូចគ្នានោះទេ។ មិត្តល្អ គឺចេះជួយទុក្ខធុរៈគ្នា និងចេះជួយផ្ដល់គំនិត និងកែតម្រូវចំណុចខ្វះខាតគ្នា ។ល។

ព្រះពុទ្ធបានសម្ដែងថា ទោសនៃការផឹកទឹកស្រវឹងមាន៦យ៉ាង ទី១វិនាសទ្រព្យ ទី២នាំ​ឱ្យមានជម្លោះ ទី៣នាំឱ្យកើតរោគ ទី៤នាំឱ្យខូចឈ្មោះ ទី៥បង្ហាញកេរ្ដិ៍ខ្មាស ទី៦ធ្វើឱ្យបញ្ញាថយចុះ។ ស្រាមិនធ្វើឱ្យមនុស្សខូចសុខភាព​ភ្លាមៗឡើយ ប៉ុន្តែវាផ្ដល់ផលប៉ះពាល់យូរអង្វែង ទើបបានជាមនុស្សមិនខ្លាច ហើយកើតចិត្តប្រមាថជាប់ក្នុងខ្លួន។
 
សរុបមកវិញ យើងមិនអាចហាមបុគ្គលណាម្នាក់ ស្អប់គ្រឿងស្រវឹងទេ ប៉ុន្តែគ្រាន់តែចង់ឱ្យពួកគេកាត់បន្ថយការសេពជាតិស្រវឹង និងមានការទទួលខុសត្រូវខ្ពស់ជាងមុន។ ប្រសិនគ្រប់គ្នា មានទម្លាប់ដាស់តឿនខ្លួនឯងជានិច្ច មិនឱ្យពាក់ព័ន្ធនឹងគ្រឿងស្រវឹង ឬអាចគ្រប់គ្រងការទទួលទាន គ្រឿងស្រវឹងរបស់ខ្លួនបាន ក្នុងកម្រិតតិចតួច នោះអ្វីៗនឹងប្រសើរឡើង។ 
 
អ្នកអាចគ្មានសមត្ថភាព ពន្យល់អ្នកដទៃឱ្យយល់ពីផលប៉ះពាល់នៃគ្រឿងស្រវឹង ប៉ុន្តែអ្នកមានលទ្ធភាពគ្រប់គ្រាន់ ពន្យល់ខ្លួនឯង ឱ្យយកឈ្នះទឹកស្រវឹងបាន។ ចុះបើមនុស្សគ្រប់រូប សុទ្ធតែអាចពន្យល់ខ្លួន​ឯងបាន តើលទ្ធផល នឹងទៅជាយ៉ាងណាវិញ? 
 
លទ្ធផលនោះ គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ក្នុងស្ថានភាពស្រវឹង ក៏បានកាត់បន្ថយ។ ទំនាក់ទំនងក្នុងគ្រួសារ ប្តីប្រពន្ធកូន ក៏បានល្អ និងមានសុភមង្គល។ សេដ្ឋកិច្ច និងជីវភាពគ្រួសារ ក៏ប្រសើរ។ ជាពិសេសជាគំរូល្អ ដល់បងប្អូន និងកូនក្មួយជាដើម។
 
អ្នករៀបចំកម្មវិធី និងផ្សព្វផ្សាយគ្រឿងស្រវឹង ត្រូវគិតប្រយោជន៍ជាតិជាធំ ជាងផលចំណេញ

តាមពិតការគ្រប់គ្រង លើការផ្សាយពាណិជ្ជកម្ម និងការលើកកម្ពស់ ការលក់ផលិតផលគ្រឿងស្រវឹង រួមទាំងការឧបត្ថម្ភកម្មវិធី ដោយឧស្សាហកម្មគ្រឿងស្រវឹង មានចែងក្នុង “ច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង” រួចទៅហើយ ទាស់ត្រង់ថាច្បាប់នេះ មិនទាន់បានអនុម័តឱ្យប្រើប្រាស់។ 
 
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលរៀបចំកម្មវិធី ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ក៏គួរមានការគិតពិចារណា ពីផលប៉ះពាល់ធំដែរ មុននឹងបង្កើតរូបភាពណាមួយ ផ្សព្វផ្សាយចេញទៅ។ កន្លងទៅ គេឃើញមានការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីមួយ ដែលគេបានឱ្យក្មេងៗមិនទាន់គ្រប់អាយុ ទទួលទានស្រា នៅលើឆាកតែម្ដង។ រូបភាពនេះមានការរិះគន់ខ្លាំង។ ក្រៅពីនេះ នៅមានរូបភាព ផ្សាយពាណិជ្ជកម្ម លើផ្ទាំងប៉ាណូ និងបដាធំៗជាច្រើនទៀត ស្ទើរគ្រប់ទីកន្លែង ដែលជំរុញឱ្យមានការទទួលទានគ្រឿងស្រវឹង​។ 



ពិតណាស់ក្រុមហ៊ុនស្រាបៀនៅកម្ពុជាបច្ចុប្បន្ន កំពុងធ្វើទីផ្សារយ៉ាងគគ្រឹកគគ្រេង ទាំងការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អតិថិជន ទាំងការចំណាយកញ្ចប់ថវិកាឧបត្ថម្ភផ្ដាច់មុខគ្រប់កម្មវិធី និងកិច្ចការងារមនុស្សធម៌ជាដើម ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ។ ទង្វើទាំងនេះ សុទ្ធតែស្របច្បាប់។ ប៉ុន្តែក្រុមហ៊ុនស្រាបៀ ក៏គួរពិចារណាលើការផ្សព្វផ្សាយរបស់ខ្លួននេះដែរ ព្រោះរូបភាពស្រាបៀ វាមានផលប៉ះពាល់ច្រើន ជាងន័យអប់រំ។ ម្យ៉ាងទៀត រាល់ផលិតផលណាល្អ គឺពលរដ្ឋប្រាកដជាគាំទ្រហើយ ដូច្នេះមិនចាំបាច់ផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងទូទាំងប្រទេសទេ។
   
ដ្បិតតែក្រុមហ៊ុនស្រាបៀ ជាម្ចាស់ឧបត្ថម្ភធំក៏ពិតមែន ប៉ុន្តែអ្នករៀបចំកម្មវិធី ត្រូវតែមានការកំណត់ដោយខ្លួនឯងដែរ ថាគួរបង្ហាញរូបភាពផ្សព្វផ្សាយនោះ ក្នុងកម្រិតទាប ឬរូបភាពសមរម្យ ក្នុងកម្រិតណាមួយ ចៀសវាងធ្វើឱ្យឃើញរូបភាព ជំរុញឱ្យមានការទទួលទានគ្រឿងស្រវឹង ជ្រុលហួសហេតុ។ អ្នករៀបចំកម្មវិធី ត្រូវចេះសម្របសម្រួល និងពន្យល់ទៅម្ចាស់ក្រុមហ៊ុនស្រាបៀ ក្នុងលក្ខខណ្ឌណាមួយ មុនផ្សព្វផ្សាយ ពោលគឺមិនត្រូវចង់បានតែលុយ ដោយមិនគិតគូរពីប្រយោជន៍ជាតិនោះទេ។ 
 
ត្រូវចាំថា គ្រោះថ្នាក់គ្រប់ប្រភេទ ដែលកើតចេញពីការប្រើប្រាស់ គ្រឿងស្រវឹង ក៏ជាការទទួលខុសត្រូវ របស់អ្នកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាព ទោះក្នុងកម្រិតធំឬតូចក្ដី រួមទាំងអ្នកផលិតគ្រឿងស្រវឹងផងដែរ។
 
ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ ក្រោមស្ថានភាពស្រវឹង តើរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណា?

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ មានសារសំខាន់បំផុត។ រដ្ឋាភិបាល មិនអាចនៅបន្តភាពស្ងៀមស្ងាត់ ឬដាក់ចេញចំណាត់ការធូរលុងទៀតឡើយ។ កន្លងទៅមានប្រជាជនខ្មែរមិនតិចឡើយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលបានបាត់បង់ទំនុកចិត្ត លើប្រព័ន្ធអនុវត្តន៍ច្បាប់នៅកម្ពុជា។ ជនបង្កមួយចំនួន បានរត់គេចផុតពីសំណាញ់ច្បាប់ ហើយជនរងគ្រោះ ត្រូវរងអយុត្តិធម៌ផ្ទួនៗ។ 
 
ទើបតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ដែលមានប្រជាជនប្រើប្រាស់ហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ផុលផុសរួមគ្នាជួយផ្សព្វផ្សាយរកយុត្តិធម៌ឱ្យជនរងគ្រោះ ទើបមានអ្នកដឹង និងមានដំណោះស្រាយលឿន។ 
 
កាលពីថ្ងៃទី២៣ មករា អយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតលើបុរសម្ចាស់រថយន្តម៉ាក Ford ដែលស្ថិតនៅក្នុងស្ថានភាពស្រវឹង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្ស៤នាក់ នៅក្រោមស្ពានឫស្សីកែវ ខណ្ឌឫស្សី។ បុរសបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ នាង សំអូន ជាមន្ត្រីគយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានដាក់បទចោទលើបុរសរូបនេះ ពីបទ«បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យរបួស និងស្លាប់អ្នកដទៃ »។
 
បុរសឈ្មោះ នាង សំអូន ដែលជាមន្ត្រីមួយរូប បានបើកបរក្នុងល្បឿនលឿន និងស្ថិតនៅក្នុងស្ថានភាពស្រវឹង ជាមួយនឹងអត្រាជាតិអាល់កុល ០,៥៤មីលីក្រាម ក្នុងមួយលីត្រខ្យល់ នាវេលាម៉ោង៦ និង៤០នាទីល្ងាចថ្ងៃទី២០ ខែមករា។
 
ការបើកបរមិនគោរពច្បាប់ និងក្នុងស្ថានភាពស្រវឹងនេះ បណ្តាលឱ្យរថយន្តរបស់គាត់ទៅបុករះលើរថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង ហើយមនុស្ស៤នាក់ (ស្រី៣នាក់) បានស្លាប់នៅកន្លែងកើតហេតុ, ៣នាក់របួសធ្ងន់ និង១នាក់របួសស្រាល ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
 
តាមមាត្រា ៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក តម្រូវបណ្ដាលឱ្យរបួសដល់អ្នកដទៃ ហើយបណ្ដាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារ ក្នុងរយៈពេលស្មើ ឬលើស៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផន្ទាទោសពី៦ ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល និងអាចផ្ដន្ទាទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។


 
ដោយឡែកមាត្រា ៨៥ ក៏បានចែងដែរថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក តម្រូវបណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផន្ទាទោសពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥លានរៀល និងអាចផ្ដន្ទាទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
 
អត្ថបទទាក់ទង
 

ក្រោយសង្កេតឃើញមានគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារអ្នកមានសារធាតុស្រវឹងលើសកម្រិតនេះ រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចេញចំណាត់ការដាក់គោលដៅត្រួតពិនិត្យសារធាតុស្រវឹងឡើងវិញ នាពេលយប់ នៅតាមច្រកល្ហក នៃទីតាំងសំខាន់ៗ ដើម្បីទប់ស្កាត់ករណីចរាចរណ៍នេះ។ រដ្ឋាភិបាល បានចាប់ផ្ដើមអនុវត្តវិធានការនេះ ពីថ្ងៃទី២៤ មករា ២០២៤។
 
ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលបានប្រឹងប្រែង ស្ដារកេរ្ដិ៍ឈ្មោះ និងកំណែទម្រង់ ទម្លាប់ធ្វើការមួយចំនួន ឱ្យកាន់តែប្រសើរឡើងហើយ។ ប៉ុន្តែការកំណែទម្រង់ និងការអនុវត្តវិធានការនេះ ត្រូវមានភាពតឹងរឹងជានិច្ច មិនមែនធ្វើតែមួយប្រាវប្រៀបដូចភ្លើងចំបើង តាមចលនារិះគន់របស់ប្រជាពលរដ្ឋលើបណ្ដាញសង្គមឡើយ។ ជាមួយគ្នានេះ រដ្ឋក៏គួរតែដល់ពេល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាឱ្យច្បាប់នេះ អនុវត្តន៍មានប្រសិទ្ធភាព លើគ្រប់បុគ្គលទាំងអស់។ 
 
ការផ្ដន្ទាទោសលើជនបង្ក បានត្រឹមតែដាក់ទោសប៉ុណ្ណោះ ប៉ុន្តែមិនបានជួយអ្វីឱ្យប្រសើរប៉ុន្មានទេ ព្រោះជីវិតមនុស្សស្លូតត្រង់ បានបាត់បង់ទៅហើយ ។ គ្រួសាររបស់ពួកគេ ក៏បានព្រាត់មនុស្ស ជាទីស្រឡាញ់រួចទៅហើយដែរ។ អ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺវិធានការបង្ការជាមុន។
 
តើច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដំណើរការដល់ណាហើយ?

អស់រយៈពេលជិត៩ឆ្នាំមកហើយ តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ សេចក្ដីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង នេះ នៅបន្តភាពស្ងៀម។ ច្បាប់នេះមានភាពល្អប្រសើរច្រើន ដោយគ្របដណ្ដប់លើ ផលិតផលគ្រឿងស្រវឹង ឧស្សាហករគ្រឿងស្រវឹង ការផ្សាយពាណិជ្ជកម្ម និងការលើកកម្ពស់ ការលក់ផលិតផលគ្រឿងស្រវឹង ការឧបត្ថម្ភកម្មវិធី ដោយឧស្សាហកម្មគ្រឿងស្រវឹង ការលក់រាយ រួមទាំងការអប់រំ នៅតាមគ្រិះស្ថានអប់រំ និងទីតាំងមួយចំនួនទៀតផងដែរ។ 


 
ប៉ុន្តែច្បាប់នេះ នឹងពុំមានប្រយោជន៍ឡើយ ប្រសិនវាមិនត្រូវបានដាក់ឱ្យប្រើប្រាស់ ឬក៏ដាក់ឱ្យប្រើប្រាស់យឺតពេល។ ប្រសិនច្បាប់ខាងលើនេះ ត្រូវបានអនុវត្តន៍ នោះវានឹងក្លាយជា ឧបករណ៍បង្ការមួយ អាចទប់ស្កាត់ការបង្កគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីឥទ្ធិពលគ្រឿងស្រវឹង។ ការដាក់ទោសទាន់ធ្ងន់ធ្ងរបំផុត ដល់ជនល្មើសច្បាប់ ឬជនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គឺជាមធ្យោបាយ ដ៏ល្អប្រសើរ រាងរាំងមនុស្ស មិនឱ្យប្រព្រឹត្តិខុស។
 
រដ្ឋគួរតែផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោក តាមទីប្រជុំជន ឱ្យកាន់តែផុសផុល?
 
ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ នៅតាមទូរទស្សន៍ វិទ្យុ វេបសាយ ហ្វេសប៊ុក យូធូប និងប្រព័ន្ធអនឡាញផ្សេងៗទៀត គឺជាវិធីល្អ។ ប៉ុន្តែមនុស្សនៅតែអាចរំលង ឬមិនមើលច្បាប់ទាំងនោះបាន។ ខ្ញុំគិតថា នៅមានវិធីសាស្ត្រមួយទៀត ដែលអាចឱ្យច្បាប់នេះ បានទៅដល់ត្រចៀកមនុស្សគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។ ទោះពួកគេចង់ ឬមិនចង់ស្ដាប់ក្ដី។ នោះគឺឧបករណ៍បំពងសំឡេង(ឧគ្ឃោសានាសព្ទ) អចិន្ត្រៃយ៍។
 
រដ្ឋាភិបាល គួរបង្កើតគោលនយោបាយមួយ ដោយពង្រាយឧបករណ៍បំពងសំឡេង(ឧគ្ឃោសានាសព្ទ) នៅតាមភូមិ នៅតាមគ្រឹះស្ថានអប់រំ និងនៅគ្រប់ទីប្រជុំជន ទូទាំងប្រទេសកម្ពុជា។ ក្នុងមួយភូមិ ត្រូវមានឧបករណ៍នេះ ច្រើនឬតិច អាស្រ័យលើទំហំភូមិ ឬទំហំទីប្រជុំជន ដែលប្រាកដថា សំឡេងរបស់វា បានទៅដល់គ្រប់ផ្ទះ។
 
ឧបករណ៍នេះ ត្រូវប្រើប្រាស់ដើម្បីផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ ឬច្បាប់ផ្សេងៗទៀត និងការអប់រំចាំបាច់ផ្សេងៗ រៀងរាល់១ថ្ងៃ៣ដង គឺនៅពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ព្រោះជាពេលវេលា ដែលមនុស្សនៅក្នុងផ្ទះ ឬពេលវេលាផ្សេងទៀត អាស្រ័យលើស្ថានភាព ទីតាំងជាក់ស្ដែង ដូចជានៅតំបន់ទីប្រជុំជន ឬនៅតាមគ្រឹះស្ថានអប់រំជាដើម។ 
 
កាលកន្លងទៅ រដ្ឋាភិបាល បានអនុវត្តន៍ការផ្សព្វផ្សាយ តាម(ឧគ្ឃោសនាសព្ទ) ពីច្បាប់នានា ឬក៏វិធានការបន្ទាន់ផ្សេងៗ ដូចជាក្នុងអំឡុងពេលកូវីដ ឬនៅរដូវត្រីពងជាដើម តាមរយៈសំឡេងឧគ្ឃោសនាសព្ទ ដែលគេដឹកតាមម៉ូតូ។ វិធីនេះល្អ ប៉ុន្តែពុំសូវមានប្រសិទ្ធភាព ព្រោះប្រជាជន បានឮតែពេលម៉ូតូឆ្លងកាត់ប៉ុណ្ណោះ។


 
ប្រសិនរដ្ឋាភិបាល ដាក់ពង្រាយ (ឧគ្ឃោសានាសព្ទ) អចិន្ត្រៃយ៍ នៅតាមទីតាំង ដែលបានរៀបរាប់ខាងលើ​ខ្ញុំជឿថា មិនធ្វើឱ្យរដ្ឋចំណាយប្រាក់ច្រើនខ្លាំងពេកទេ ផ្ទុយទៅវិញរដ្ឋចំណាយតែម្ដង តែចំណេញច្រើន ព្រោះអាចប្រើប្រាស់បានយូរអង្វែង និងប្រើប្រាស់បានច្រើនយ៉ាង។ ក្នុងប្រទេសកម្ពុជាយើង កាលសម័យមុន និងក្រោយបែកសង្គ្រាមថ្មីៗ ក៏មានការប្រើឧគ្ឃោសានាសព្ទផ្សព្វផ្សាយព័ត៌មាន តាមទីប្រជុំជនមួយចំនួនដែរ។
 
នៅក្នុងប្រទេសថៃ ដែលជាប្រទេសជឿនលឿន គេនៅរក្សាការដាក់ឧគ្ឃោសានាសព្ទនេះ នៅគ្រប់ភូមិទាំងអស់ ដើម្បីផ្សព្វផ្សាយដំណឹងសេចក្ដីប្រកាសផ្សេងៗ និងអ្វីគ្រប់យ៉ាង រួមទាំងច្បាប់ផង ដើម្បីឱ្យប្រជាជនគេដឹង។ រៀងរាល់ថ្ងៃ គេតែងចាក់បទចម្រៀងជាតិ(ភ្លេងជាតិ) នៅរៀងរាល់ម៉ោង ដែលបានកំណត់ជាក់លាក់។ ក្នុងឧគ្ឃោសានាសព្ទមួយ គេដាក់ឆាង ចំនួន៤៕

 

Tag:
 ទស្សនៈ
  សង្គម
  ស្រា
  គ្រោះថ្នាក់
  ចរាចរណ៍
 
© រក្សាសិទ្ធិដោយ thmeythmey.com