ជាតិ
សុខភាព
ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់នៅខេត្តព្រៃវែង មានជំងឺផ្តាសាយបក្សី H5N1
26, Jan 2024 , 1:40 pm        
រូបភាព
ក្រសួងសុខាភិបាល នាថ្ងៃទី២៦ ខែមករា នេះ បានប្រកាសពីករណីក្មេងប្រុសអាយុ៣ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។



បើតាមក្រសួង ក្មេងប្រុសរូបនោះ មានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង ហើយបច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការ សាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាងាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។

ក្រុមការងារក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ កំពុងសហការគ្នាដើម្បីអង្កេតស្រាវជ្រាវលើការកើតឡើងនូវជំងឺផ្តាសាយបក្សី ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធផងដែរ។

«ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា»។ នេះជាការក្រើនរំលឹករបស់ក្រសួងសុខាភិបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com