ជាតិ
សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ ប្រព័ន្ធធនាគារកម្ពុជា​ មានស្ថិរភាពយ៉ាងរឹងមាំ
26, Jan 2024 , 9:29 pm        
រូបភាព
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
ប្រព័ន្ធធនាគារកម្ពុជា​ បន្តមានស្ថិរភាពយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពគ្រឹះស្ថានធនាគារមួយចំនួននៅសហរដ្ឋអាម៉េរិក និងស្វីល បានដួលរលំ​។ នេះជាមោទកភាពរបស់កម្ពុជា​ ដែលលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានលើកឡើងក្នុង​ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិ នៅថ្ងៃទី២៦មករានេះ ។

 
បើតាមលោកស្រី ជា សិរី ដ្បិតកន្លងមក​ មានគ្រឹះស្ថានមួយចំនួន​បានដំឡើងការប្រាក់បន្តិចបន្តួចក្តី ប៉ុន្តែក៏មិនបានចោទជាបញ្ហាដល់ទំហំឥណទាននៅកម្ពុជាដែរ បើធៀបនឹងការកើនឡើងការប្រាក់នៅបណ្តាប្រទេសនានា ដូចជានៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ 
 
«ខ្ញុំ​សូមវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែកក្នុងការគោរពតាមបទប្បញ្ញត្តិប្រុងប្រយ័ត្ននានា និងបន្តខិតខំរក្សាស្ថិរភាពអត្រាការប្រាក់ឥណទាន»។ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានអះអាងបែបនេះ ដោយបន្តរៀបរាប់ថា នៅក្នុងស្ថានភាពដែលការរៀបចំឥណទានឡើងវិញ ត្រូវបានបញ្ចប់ក្រោយវិបត្តិកូវីដ-១៩ ហើយសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ជាមួយនឹងការកើនឡើងអត្រាការប្រាក់កម្ចីក្រៅប្រទេស កំណើនឥណទានបានធ្លាក់ចុះមកត្រឹម ៤,៨ភាគរយ ដែលជាអត្រាទាបបំផុតក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ។ 
 
ទោះជាយ៉ាងណា កំណើនឥណទាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញវិស័យផលិតកម្ម ដូចជា វិស័យកម្មន្តសាល និងកសិកម្ម នៅតែមានកំណើនក្នុងអត្រា២ខ្ទង់។ ទន្ទឹមនេះ ឥណទានមិនដំណើរការ ក៏បានបន្តកើនឡើង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ ធនាគារ  និងធ្វើការ Stress Test ជាប់ជាប្រចាំ, ការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅលើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត។ 
 
លោកស្រី ជា សិរី បានបញ្ជាក់ថា ប្រឈមនឹងបញ្ហាទាំងនេះ ធនាគារជាតិបានកែសម្រួលការវាយតម្លៃហានិភ័យឥណទាន ដោយបន្ទាបហានិភ័យក្នុងការផ្តល់ឥណទានទៅកាន់វិស័យអទិភាព ដូចជា កសិកម្ម អប់រំ និងសហគ្រាសធុនតូច និងមធ្យម ជាដើម ។ ជាមួយគ្នានេះ បទប្បញ្ញាត្តិប្រុងប្រយ័ត្នមួយចំនួនត្រូវបានអនុគ្រោះ ដើម្បីផ្តល់សន្ទនីយភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែច្រើន​ ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាពង្រឹងការការពារហានិភ័យនានា។ ដូចជា ការបន្តអនុវត្តទ្រនាប់ដើមConservation ត្រឹម ១,២៥ភាគរយ , ការបន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណមក៧ភាគរយ និងការពអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្ត​សៀមរាប។
 
ដោយឡែក ធនាគារជាតិនៃកម្ពុជា ក៏បានបន្តលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងប្រទេស ក្នុងរូបភាពផ្សេងៗ ដូចជាការផ្សព្វផ្សាយក្នុងវេទិកា និងយុទ្ធនាការនានា ក៏ដូចជាកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធដែលរួមមាន ក្រសួងអប់រំយុវជន និងកីឡាលើការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងកិច្ចសហការជាមួយក្រសួងកិច្ចការនារីលើការលើកកម្ពស់ហិរញ្ញប្បទានស្ត្រី និងសហគ្រិនស្ត្រី។
 
បើតាមលោកស្រី ជា សិរី  ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានចាប់ឱកាសអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ជាលំដាប់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោយបានដោះស្រាយឧបសគ្គក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។ ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការដោះដូរទំនិញនិងសេវា បរិយាបន្នហិរញ្ញវត្ថុ និងការលើកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលគាំទ្រដល់គោលដៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ 
 
ម្យ៉ាងទៀត ការតភា្ជប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ ក៏ត្រូវបានពង្រឹង និងពង្រីក ដែលបានចូលរួមលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ពីក្រៅប្រទេស។ 
 
លោកស្រី បន្តនិយាយដូច្នេះ៖ « បច្ចុប្បន្ន យើងបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ហើយក្នុងឆ្នាំនេះ យើងនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌ និងចិន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់។ការតភ្ជាប់នេះនឹងបើកលទ្ធភាពឱ្យប្រជាជនកម្ពុជា អាចទូទាត់តាមប្រព័ន្ធឃ្យូអរកូត ចេញពីគណនីប្រាក់រៀលរបស់ខ្លួន នៅតាមបណ្តាហាងទំនិញរាប់លានកន្លែង ហើយក៏ផ្ដល់លទ្ធភាពឱ្យប្រជាជននៅក្នុងប្រទេស និងបណ្តាញដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ អាចទូទាត់នៅកម្ពុជាបានដោយងាយស្រួល»។
 
នៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិវិញ ធនាគារជាតិនៃកម្ពុជា បានបន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសមាហរណកម្ម និងស្ថិរភាពហិរញ្ញវត្ថុតំបន់ ជាពិសេសនៅក្នុងបរិការណ៍ដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងការកើនឡើងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់។
 
ម៉្យាងទៀត ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងការផ្តួចផ្តើមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា និងសហការជាមួយអង្គការ ស្ថាប័នអន្តរជាតិ ដូចជា UNESCAP និង IFC ជាដើម ក្នុងការរៀបចំផែនទីមគ្គុទ្ទេសក៍ហិរញ្ញប្បទានប្រកបដោយចីរភាពកម្ពុជា សំដៅគាំទ្រសេដ្ឋកិច្ចបៃតង កិច្ចការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ 
 
ទន្ទឹមនេះ ការពង្រឹងកាតព្វកិច្ចអនុវត្តច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក៏បានរួមចំណែកមិនអាចខ្វះបានផងដែរ ក្នុងការធានានូវតម្លាភាពនិងចីរភាពនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាជំនឿទុកចិត្តពីសាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារកម្ពុជា។
 
ជាក់ស្ដែង អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាហិរញ្ញប្បទានភេរវកម្ម ហើយបានឈានទៅដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) កាលពីដើមឆ្នាំ២០២៣៕

Tag:
 ធនាគារ
  ជា សិរី
© រក្សាសិទ្ធិដោយ thmeythmey.com