ជាតិ
ស៊ិម គឹម​អាង ចង់បង្កើតបណ្ណាល័យ​ភូមិ ​ដើម្បីឱ្យកុមារក្រីក្រមានសៀវភៅអាន
29, Jan 2024 , 9:39 am        
រូបភាព
ភ្នំពេញ​៖ ​យុវនារី​ ស៊ិម គឹមអាង ​​ជា​គ្រូបង្រៀន​កម្រិត​បឋម​ សិក្សា​នៅតំបន់ដាច់ស្រយាលមួយ នៃស្រុក​រតនមណ្ឌល​ ខេត្តបាត់ដំបង។ គ្រូបង្រៀនវ័យ២២ឆ្នាំរូបនេះ មានបំណងបង្កើត​បណ្ណាល័យមួយនៅក្នុង​ភូមិ​ ​សម្រាប់ឱ្យកុមារ​​ដែលមានជីវភាពខ្វះខាត និងខ្វះលទ្ធភាពទៅសាលារៀន មានទីកន្លែងសម្រាប់អាន​សៀវ​ភៅ។ សម្រាប់អ្នកគ្រូ ស៊ិម គឹមអាង  មានបណ្ណាល័យនៅតាមភូមិ ក៏ជាមធ្យោបាយបង្ហាញគំរូនៃការសិក្សារៀនសូត្រ និងជាការជំរុញការអប់រំកុមារ​នៅតំបន់ដាច់ស្រយាល​ផងដែរ។



សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានឌីជីថលថ្មីៗដូចតទៅ៖ 
 
 
​កញ្ញា ​ស៊ិម គឹម​អាង វ័យ​២២​ឆ្នាំ គឺជាអ្នក​ស្រុក​​​មង្គល​បុរី​​ ខេត្ត​បន្ទាយ​មាន​ជ័យ ដែលបាន​ទៅ​ធ្វើ​​​ជា​គ្រូ​បង្រៀន​ជាប់កិច្ចសន្យាថ្នាក់បឋម​សិក្សា​ ក្នុង​ខេត្ត​​បាត់​ដំបង ​​បានប្រមាណជាង២​ឆ្នាំមកហើយ​។ ជា​កូន​ពៅ ​ក្នុង​ចំណោម​បង​ប្អូន​៤​នាក់​ គឹម​អាង ធ្លាប់​ធ្វើ​ជា​​អ្នក​​ស្ម័គ្រ​ចិត្ត​ ក្នុង​យុទ្ធនាការ​ សៀវ​ភៅ​មួយ​សហគមន៍​មួយ​ នៅ​ក្រុង​​ប៉ោយ​ប៉ែត​​ និងធ្លាប់រៀន​ពី​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​​បណ្ណា​ល័យ​ ពី​​​​បណ្ណាល័យ​បញ្ញវន្ត​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹងទាក់ទង​នឹង​បណ្ណាល័យ​។
 
យុវតីដែល​​​ចាប់​អារម្មណ៍​​តួនាទី​បណ្ណារក្ស​ និង​ការ​ងារ​រៀប​ចំ​បណ្ណាល័យ​រូប​នេះ យល់​ឃើញ​ថា បណ្ណាល័យ​មាន​តួនាទី​យ៉ាង​សំខាន់​ សម្រាប់​ការ​បណ្ដុះ​ធន​ធាន​មនុស្ស​ក្នុង​សង្គម​។ ទៅ​ថ្ងៃ​អនាគត នាង​ចង់​បង្កើត​បណ្ណាល័យ​តូច​មួយដោយ​ខ្លួន​ឯង​​​​ នៅ​ក្នុង​សហគមន៍ ដូច្នេះ​ទើបនាងខំ​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ច្បាស់ ថា​សហគមន៍ ឬ​បណ្ណាល័យ​ត្រូវ​ការ​អ្វី​ខ្លះ​ ឬ​នាង​ត្រូវ​ត្រៀម​អ្វី​ខ្លះ​? ​

ទោះជាយ៉ាងណាក៏ដោយ ​អ្នក​គ្រូ​​វ័យ​ក្មេង​រូប​នេះ ពុំ​មែនមានបំណង​បើក​បណ្ណាល័យ នៅ​ក្នុង​ខេត្ត​​បន្ទាយ​មាន​​ជ័យ​ ដែល​ជា​ខេត្ត​កំណើត​របស់​នាង​ឡើយ​ ប៉ុន្តែ​នាងគ្រោង​​បង្កើត​បណ្ណាល័យ​ភូមិ​ ក្នុង​​​ខេត្ត​បាត់​ដំបង​ ស្រុក​រតនមណ្ឌល ជា​ស្រុក​​ដែលនាង​​ធ្វើ​ការ​។ ចង់​បើក​បណ្ណាល័យ​ភូមិ​ ក្នុង​ភូមិ​ដាច់​ស្រយាល​មួយនៃ​ស្រុក​រតនមណ្ឌល​ ក៏​ព្រោះអ្នកគ្រូ​មើល​ឃើ​ញ​ថា សិស្សក្នុងតំបន់នោះ ​បាន​រៀន​ដល់​ថ្នាក់​ទី​១២​ មាន​តែ​ប្រមាណ​​១ ឬ​២​នាក់​ប៉ុណ្ណោះ​ ក្នុង​មួយ​ភូមិ​។ ចំពោះ​អ្នក​ដែល​មាន​លទ្ធភាព​ ទៅ​រៀន​ដល់​ថ្នាក់​វិទ្យា​ល័យ​ មាន​ត្រឹម​តែ​ ២ ​ទៅ​៣​នាក់​ប៉ុណ្ណោះ។ នាងថាសិស្សពិបាកទៅរៀន ព្រោះ​វិទ្យា​ល័យ​នៅ​ឆ្ងាយ​ខ្លាំង។​ 
 
«​អ្នក​រៀន​ដល់​វិទ្យា​ល័យ​ មាន​តែ​២ ទៅ​៣​នាក់​អី​ប៉ុណ្ណឹង​។​ នៅ​ហ្នឹង​ជា​តំបន់​ជន​បទ​ ហើយ​មូល​ហេតុ​ដែល​សំខាន់​ជាង​គេ សាលា​រៀន​នៅ​ទី​នោះ​ឆ្ងាយ។ វិទ្យា​ល័យ​គឺ​នៅ​ឆ្ងាយ​មែនទែន​ ខ្ញុំ​អត់​ច្បាស់​ទេ​ថា​ប៉ុន្មាន​គីឡូ ប៉ុន្តែ​​អាច​ចំណាយ​ពេល​កន្លះ​ម៉ោង ​ទៅ​មួយ​ម៉ោង ហ្នឹង​ជិះ​ម៉ូតូ​ គឺ​ឆ្ងាយ​មែនទែន​។ ភូមិ​ដែល​ខ្ញុំ​ ចង់​បង្កើត​បណ្ណាល័យ​នោះ នៅ​​ចុង​ស្រុក​រតនមណ្ឌល ផុត​មួយ​ភូមិ​ទៀត ចូល​ដល់​ខេត្ត​ប៉ៃ​លិន ហើយ​នៅ​ទី​នោះ​គឺ​ជា​តំបន់​ព្រៃ​ភ្នំ​ មិន​សូវ​មាន​ផ្ទះ​ទេ​។ សព្វ​ថ្ងៃ​មាន​គេ​ធ្វើ​ផ្ទះ​​​​ខ្លះ ប៉ុន្តែ​ពី​ដើម​ព្រៃ​សុទ្ធ»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់ គឹម​អាង​។
 

 
មាន​ម្ដាយ​ឪពុក​​ជា​កសិករ​ គឹម​អាង ថា​សិស្ស​ក្នុង​ភូមិ​ដែល​នាងទៅបង្រៀន ពុំ​បាន​ចូល​​​រៀន ​ភាគ​ច្រើន​មក​ពី​ជីវភាព។ នាង​បន្ថែម​ថា កត្តា​សំខាន់​មួយ​ទៀត​ អាច​​មក​ពី​ការ​យល់​ដឹងរបស់​ម្ដាយ​ឪពុក ឬ​​អាណាព្យាបាល​ ក៏អាចថា​មិន​មាន​គំរូភាពល្អៗ ទាក់ទងនឹងការសិក្សា សម្រាប់​ក្មេង​ៗដែរ ទើប​ធ្វើ​ឱ្យ​ពួក​គេ​មិន​ពុះ​ពារ​ទៅ​សាលា​រៀន​។ 
 
«​កុមារ​មាន​ការ​ខ្វះ​ខាត​ខ្លាំង ហើយ​នៅ​ពេល​ទំនេរ​គាត់​ទៅ​ធ្វើ​ចម្ការ​។ ​នៅ​គ្រប់​រដូវ​កាល​​ គឺ​ការ​ងារ​ទាំង​អស់​។ នៅ​ហ្នឹង ខែ​១ដល់​ខែ៣​ គេ​ដាំ​ដំឡូង។ ផុត​ពី​ការ​ប្រមូល​ផល​ដំឡូង គេ​ដាក់​ចន្ទី​ម្ដង​។ អស់​ពី​ចន្ទី​ មាន​ផ្លែ​ឈើ​ផ្សេង​ៗទៀត​ តាម​រដូវ​កាល​។ មួយ​ឆ្នាំ​គឺ​ធ្វើ​រហូតវិល​ជុំ​។ កុមារ​​គាត់​ទៅ​ជួយ​ការ​ងារ​ហ្នឹង។​ មាន​ន័យ​ថា​គាត់​រៀន​ព្រឹក ហើយ​ថ្ងៃ​គាត់​ទៅ​ជួយ​ការ​ងារ​ ដើម្បី​បាន​ចំណូល​បន្ថែម​»។
 
អត្រា​សិស្ស​រៀន​ដល់​ថ្នាក់​វិទ្យា​ល័យ មាន​ចំនួន​តិច ហើយ​អត្រា​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប ​កាន់​តែ​តិច​។ ដូច្នោះ​ប្រសិនបើ​សិស្ស​ជាប់​បាក់​ឌុប​ មិន​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់ឧត្ត​ម​សិក្សា នោះ​ប្រាកដ​ណាស់​ថា នឹងមិន​មាន​គំរូនៅ​ថ្នាក់​បរិញ្ញាបត្រ ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឡើយ​។ ដោយ​មើល​ឃើញ​បែប​នេះ​ហើយ​ ទើបបាន​ជា​អ្នក​គ្រូ​វ័យ​ក្មេង គឹម​អាង ចង់​ពង្រឹក​ការ​អប់​រំ​ដល់​កុមារ តាម​រយៈ​ការ​បង្កើត​បណ្ណាល័យ​ភូមិ ឱ្យ​មាន​សៀវ​ភៅ​ច្រើន​ និង​សម្បូរ​បែប​ ឱ្យ​កុមារ​ចូល​ចិត្ត​អាន​សៀវ​ភៅ និង​បណ្ដុះ​គំនិត​ចង់​រៀន​។ 
 
​កត្តា​ខាង​លើ​នេះ ក៏ជា​ផ្នែក​មួយ​ជំរុញ​ចិត្ត​ គឹម​អាង​ ឱ្យ​​ខំ​ប្រឹង​ប្រែង​រៀនរហូត​ចប់​បរិញ្ញាបត្របន្ទាប់​មក​ប្រឡង​ចូល​ធ្វើ​ជា​​គ្រូបង្រៀនថ្នាក់​បឋម​សិក្សា​​ បង្រៀន​ក្នុង​ខេត្ត​បាត់​ដំបង ស្រុក​រតន​មណ្ឌល ក្នុងភូមិ​ដាច់​ស្រយាល​ ដែល​នាង​គ្រោង​បើ​ក​បណ្ណាល័យ​នោះ​ដែរ។ 
 
«អ្នក​ខ្លះ​ទៀត​ចង់​រៀន គាត់​មិន​ទៅ​ចម្ការ​ទេ ប៉ុន្តែ​គាត់​មិន​មាន​លទ្ធភាព​ទិញ​សៀវ​ភៅ​អាន​។ សៀវ​ភៅ​ដែល​ក្មេង​ៗ​អាន​រាល់​ថ្ងៃ មាន​តែ​សៀវ​ភៅ​រដ្ឋ ដែល​សម្បូរ​អក្សរ មិន​សូវ​មាន​រូប ក្មេង​ៗ​មិន​សូវ​ចង់​អាន​ ដូច្នេះ​សៀវ​ភៅ​ផ្សេង​ៗ​សម្រាប់​កុមារ​អាន​ ឱ្យ​ត្រូវ​និង​វ័យ​របស់​គាត់ គឺ​មិន​មាន​ទេ»​។ ​
 
គឹមអាង ​តែង​តែ​ចុះ​ទៅ​ដល់​ផ្ទះ​អាណាព្យាបាល​ ជា​ទៀងទាត់​ក្នុង​មួយ​ខែ​ម្ដង​ ដើម្បី​រំលឹក និង​លើក​ទឹក​ចិត្ត​ ម្ដាយ​ឪពុក​ ក៏​ដូច​ជា​អាណាព្យាបាល ឱ្យ​ជំរុញ​កូន​ៗ​ទៅ​សាលា​រៀន​។ អ្ន​កគ្រូ​វ័យ​ក្មេង​រូប​នេះ​ថា ក្រោយខ្លួន​​ចុះ​ជួប គ្រួសារ​មួយ​ចំនួន​ បាន​យល់​ពី​សារសំខាន់​ នៃ​ការ​សិក្សា​ ហើយ​​ម្ដាយ​ឪពុក​ បាន​ជួយបង្រៀន​​កូន​ៗបន្ថែម​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​មាន​​ការ​រីក​ចម្រើ​នជាង​មុន ក្នុង​​ការ​អាន​សៀវ​ភៅ​។ ទោះ​ជា​យ៉ាង​ណា គឹម​​អាង ថា​​គ្រួសារ​ខ្លះ​ ម្ដាយ​ឪពុក​រវល់​ខ្លាំង​ ក៏​មិន​បាន​បង្រៀន​កូ​ន​បន្ថែម​ដែរ​។
 
​នារី​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ អះ​អាង​ថា សៀវភៅ​​គឺ​ជា​ផ្នែក​មួយ​​ដ៏​សំខាន់ ​នៅ​ក្នុង​ជីវិតមនុស្ស​គ្រប់​រូប ព្រោះ​វា​មាន​ផ្ទុក​ទាំង​ការ​ស្រាវជ្រាវ ការ​កម្សាន្ត​ ទស្សនវិជ្ជា ​ការ​លើក​ទឹក​ចិត្ត​ និងបទពិសោធរបស់មនុស្សជុំវិញពិភពលោក។ សៀវ​ភៅ​ប្រៀប​បាន​នឹង​សម្លៀក​បំពាក់ ដែល​មនុស្ស​គ្រប់​រូប​ ត្រូវ​ការ​ពាក់​ជា​រៀង​រាល់ថ្ងៃ​ ដែល​មិន​អាច​ខ្វះ​បាន​៕ ​​

Tag:
 អំណាន
  អប់​រំ​
  សិក្សា​
  បណ្ណាល័យ​
© រក្សាសិទ្ធិដោយ thmeythmey.com