ជាតិ
សេដ្ឋកិច្ច
បំណុលឯកជនក្នុងប្រព័ន្ធធនាគារ​នៅកម្ពុជា​ កើនដល់៥៧,៦ពាន់លានដុល្លារ
30, Jan 2024 , 11:42 am        
រូបភាព
ឥណទានរបស់វិស័យឯកជន ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានឡើងដល់ ២៣៧,២ទ្រីលានរៀល (៥៧,៦ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៣។ ទំហំនេះ បានកើនក្នុងអត្រា៤,៨ភាគរយ ធៀបនឹងឆ្នាំ២០២២ មានបំណុលឯកជនចំនួន ​៥៦,១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា(NBC) ដែលទើបចេញផ្សាយនាព្រឹកថ្ងៃទី៣០មករានេះ។

 
ក្នុងចំណោមបំណុលឯកជនសរុបទាំង ៥៧,៦ពាន់ដុល្លារ នៅក្នុងប្រព័ន្ធធនាគារកម្ពុជានេះ គឺមាន ៥១,៨ពាន់លានដុល្លារ នៅគ្រឹះស្ថានធនាគារ កើន១៨,២ភាគរយ។ ក៏ប៉ុន្តែទំហំបំណុលរបស់ពលរដ្ឋ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានធា្លក់ចុះរហូតដល់៤២,៦ភាគរយ ដែលមានទំហំទឹកប្រាក់ត្រឹម៥,៤ពាន់លានដុល្លារប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២២។ របាយណ៍ពីធនាគារជាតិ​ បានបង្ហាញថា ការកើនឡើងនៃបំណុលឯកជននេះ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងតម្រូវការហិរញ្ញប្បទានរបស់អតិថិជន។ 
 
បំណុលឯកជនក្នុងប្រព័ន្ធធនាគារទាំងនោះ ត្រូវបានបែងចែក ឬធ្វើពិពិធកម្ម​​ ទៅតាមវិស័យសំខាន់នានានៅក្នុងសេដ្ឋកិច្ច។ ក្នុងនោះ បំណុលសម្រាប់ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន១៣,៥ភាគរយ, ការជួញដូរអចលនទ្រព្យចំនួន៩,៨ភាគរយ, សំណង់ចំនួន៩,៥ភាគរយ, ការជួញដូររាយមាន១៧,៦ភាគរយ, ការជួញដូរដុំមាន៩ភាគរយ, វិស័យកសិកម្មមាន ៩ ភាគរយ, ការឱ្យខ្ចីជាបុគ្គលមាន ៩,៨ភាគរយ និងវិស័យកម្មន្តសាលមាន ៤,៤ភាគរយ, វិស័យសណ្ឋាគារ និងភោជនីយដ្ឋានមាន ៤ភាគរយ...ផងដែរ។ នេះបើតាមធនាគារជាតិ។
 
ជាមួយនឹងការកើនឡើងនៃបំណុលឯកជននេះ ក៏មានការកើនឡើងនៃឥណទាន មិនដំណើរការ(កម្ចីខូច)ផងដែរ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ឥណទានមិនដំណើរការបានកើនដល់ ៥,៤ភាគរយ សម្រាប់វិស័យធនាគារ  និង៦,៧ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។ ធនាគារជាតិបានបញ្ជាក់ថា៖«ការកើនឡើងនៃឥណទានខូចនេះ គឺដោយសារការបញ្ចប់នូវវិធានការរៀបចំឥណទានឡើងវិញ និងការថមថយកំណើនឥណទាន»។  
 
ដ្បិតមានការកើនឡើងនៃបំណុលឯកជន ជាមួយនឹងការខូចឥណទានរបស់ពលរដ្ឋក្តី ក៏ប៉ុន្តែធនាគារជាតិ បានអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តរក្សាបាននូវភាពធន់​ និងមានវឌ្ឍនភាពជាលំដាប់ ដែលធានាដល់ការរក្សាចីរភាពហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុចាំបាច់នានា ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចជាតិ។ 
 
ក្នុង​ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិ នៅថ្ងៃទី២៦មករា លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បាននិយាយយ៉ាងដូច្នេះ៖ «​ ទោះជាយ៉ាងណា កំណើនឥណទាននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកជំរុញវិស័យផលិតកម្ម ដូចជាវិស័យកម្មន្តសាល និងកសិកម្ម នៅតែមានកំណើនក្នុងអត្រា២ខ្ទង់ ។ ទន្ទឹមនេះ ឥណទានមិនដំណើរការ ក៏បានបន្តកើនឡើងដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យ ធនាគារ និងធ្វើការ Stress Test ជាប់ជាប្រចាំ, ការតាមដានវាយតម្លៃឱ្យបានស៊ីជម្រៅលើហានិភ័យប្រទាក់ក្រឡា ក៏ដូចជាទាមទារឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត»។ ​
 
លោកស្រី ជា សិរី បានបញ្ជាក់ថា ប្រឈមនឹងបញ្ហាទាំងនេះ ធនាគារជាតិបានកែសម្រួលការវាយតម្លៃហានិភ័យឥណទាន ដោយបន្ទាបហានិភ័យ ក្នុងការផ្តល់ឥណទានទៅកាន់វិស័យអាទិភាព ដូចជាកសិកម្ម អប់រំ និងសហគ្រាសធុនតូច និងមធ្យមជាដើម។ ជាមួយគ្នានេះ បទប្បញ្ញាត្តិប្រុងប្រយ័ត្នមួយចំនួន ត្រូវបានអនុគ្រោះ ដើម្បីផ្តល់សន្ទនីយភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាន់តែច្រើន​ ក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាពង្រឹងការការពារហានិភ័យនានា។ 
 
ក្នុងនោះរួមមាន ការបន្តអនុវត្តទ្រនាប់ដើម Conservation ត្រឹម ១,២៥ភាគរយ, ការបន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណមក ៧ភាគរយ និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្ត​សៀមរាប។ 
 
គួរជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានឡើង ដល់៣៤៦,៧ ទ្រីលានរៀល (៨៤,៣ពាន់លានដុល្លារ) កើន៨,៦ភាគរយ ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះវិស័យធនាគារ មានសមាមាត្រ ៩១,៨ភាគរយ, វិស័យមីក្រូហិរញ្ញវត្ថុ ៧,៦ភាគរយ និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៦ភាគរយ។ ឥណទានទៅកាន់វិស័យចម្បងៗ មានកំណើន ៤,៨ភាគរយ ដល់ ២៣៧,២ ទ្រីលានរៀល (៥៧,៦ ពាន់លានដុល្លារ) និងប្រាក់បញ្ញើអតិថិជនកើនឡើង ១៣,១ភាគរយ ដល់ ១៩៧,២ ទ្រីលានរៀល (៤៧,៩ ពាន់លានដុល្លារ)។ 
 
ស្ថានភាពដើមទុនរបស់ប្រព័ន្ធធនាគារ បន្តរក្សាបានភាពរឹងមាំ ដោយអនុបាតសាធនភាពមានកម្រិតខ្ពស់ដល់ ២២,៧ភាគរយ សម្រាប់វិស័យធនាគារ និង ២៥,៤ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ជាងកម្រិតកំណត់នៃបទប្បញ្ញត្តិ (១៥ភាគរយ) ស្របពេលដែលទ្រនាប់ដើមទុន ត្រូវបានបន្តអនុវត្តឡើងវិញក្នុងកម្រិត ១,២៥ភាគរយ នៃទ្រព្យសកម្មថ្លឹងតាម​ទម្ងន់ហានិភ័យ។
 
ជារួមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុជាលំដាប់ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើននៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ១៨,៩ លានគណនី និងគណនីឥណទានអតិថិជនដល់ ៣,៩ លានគណនី។ បើតាមធនាគារជាតិ៕

Tag:
 ប្រព័ន្ធធនាគារ
  បំណុល​
© រក្សាសិទ្ធិដោយ thmeythmey.com