កីឡាជាតិ
ជាតិ
ទោះមានវ័យ ៥៥ឆ្នាំ តែលោក គឹម កុក អាចរត់ចម្ងាយ ១០០គីឡូ បំបែកកំណត់ត្រាចាស់បានសម្រេច
30, Jan 2024 , 7:39 pm        
រូបភាព
លោក គឹម សារឿន ហៅ គឺម កុក បានក្លាយជាកីឡាករកម្ពុជាដំបូង ដែលរត់ដល់ទីព្រ័ត្រចម្ងាយ ១០០គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ ២០២៤ កាលពីថ្ងៃទី២៧ ខែមករា ក្នុងទឹកដីអង្គរ ខេត្តសៀមរាប ។​ មានវ័យ៥៥ឆ្នាំ លោក គឹម កុក បានអះអាងបន្ថែមថា ការរត់ក្នុងតំបន់អង្គរធ្វើឱ្យលោកទទួលបានអារម្មណ៍ស្រស់ស្រាយ និងទទួលបានអត្ថប្រយោជន៍ខ្លាំង ចំពោះសុខភាព។



រៀបរាប់ប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីអំឡុងព្រឹត្តិការណ៍រត់ចម្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លោក គឹម កុក ប្រធានក្លិបអ្នករត់ KKRC បានបញ្ជាក់ថា លោកបំបែកកំណត់ត្រាចាស់ ដោយសម្រេចដល់ទីព្រ័ត្របានប្រើថេរវេលាជាង ១២ម៉ោង បើធៀបទៅកាលពីឆ្នាំ ២០២៣ ដែលបានប្រើថេរវេលាជាង ១៣ម៉ោង​ និង ៤០នាទី។កាលឆ្នាំ ២០២៣ លោកក៏បានរត់សម្រេចចម្ងាយ ១០០គីឡូម៉ែត្រដូចគ្នា។

កន្លងមកបុរសសញ្ជាតិខ្មែរ ធ្លាប់បានរត់ច្រើនលើករួចមកហើយ នៅក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្លងឧបសគ្គ ក្នុងតំបន់អង្គរចាប់តាំងពីឆ្នាំដំបូងនៅក្នុងឆ្នាំ ២០១៦ ។ បុរសវ័យ ៥៥ឆ្នាំ រៀបរាប់ថា៖«ខ្ញុំចាប់ផ្តើមរត់តាំងពីឆ្នាំដំបូង ដោយកាលនោះចម្ងាយឆ្ងាយបំផុត ១២៨គីឡូ តែគ្មានអ្នកអាចរត់ដល់ទី ទើបគេទម្លាក់មកត្រឹម ១០០គីឡូវិញ ហើយទើបមានអ្នកចូលរួមច្រើន និងពីមួយឆ្នាំទៅមួយឆ្នាំ មានប្រជាជនខ្មែរចូលរួមរត់ច្រើន ១០០គីឡូ និង ៦៤គីឡូ។ 
 
 
លោក បន្តថា៖«ការរត់នេះពិតជាល្អ សម្រាប់ទេសចរការរត់ផ្តល់ផលចំណេញខ្លាំងដោយពួកគាត់ដែលមានបំណងមកថតរូបនិងរត់ អាចមើលឃើញប្រាសាទជាច្រើនអំឡុងពេលរត់ ប្រសិនបើមកទស្សនាបានត្រឹមតែ ១ ឬ ២ ប្រាសាទតែប៉ុណ្ណោះ។»។
 
រីករាយជាមួយការរត់ចម្ងាយក្នុងតំបន់អង្គរ ដោយការរត់ឆ្លងកាត់តាមភ្នំនានា តាមភូមិស្រុក និងព្រៃ នៃតំបន់អង្គរ លោក គឹម កុក ទទួលបានអារម្មណ៍ស្រស់ស្រាយខ្លាំង មិនចេះជិនណាយ។ ប្រធានក្លិបអ្នករត់ KKRC ក៏មានបំណងបំផុសគំនិតក្នុងការស្វែងរកផ្លូវបុរាណដទៃផ្សេងទៀត ក្នុងតំបន់អង្គរ ដើម្បីទាក់ទាញភ្ញៀវទេសចរ មករត់ប្រណាំង ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន នៅឆ្នាំក្រោយៗទៀត។
  

«ការរត់គឺធ្វើឡើងនៅតាមផ្លូវជុំវិញអង្គរ តែផ្លូវបុរាណគឺយើងនៅមិនទាន់ស្គាល់​ សូម្បីតែខ្ញុំជាដើម តែយ៉ាងណាផ្លូវបុរាណពីប្រាសាទព្រះខ័នមកកាន់ប្រាសាទបឹងមាលាខ្ញុំបានស្គាល់ ដោយវាមានចម្ងាយ ៦២គីឡូ ដែលបន្សល់ទុកតាំងពីជំនានដូនតាខ្មែរមក។ ខ្ញុំនឹងព្យាយាមរត់រលផ្លូវបុរាណនឹងឱ្យឃើញ ហើយប្រសិបបើយើងរកឃើញ យើងបំផុសថាយើងនឹងរត់តាមផ្លូវបុរាណនោះ នឹងមានភ្ញៀវទេសចរមកចូលរួមកាន់តែច្រើនថែមទៀត។»។ លោក គឹម កុក បានលើកឡើងដូច្នេះ។
 
បន្ថែមពីនេះលោក គឹម កុក ក៏អំពាវនាវឱ្យយុវជន និងប្រជាជនកម្ពុជាគ្រប់វ័យ ឱ្យចូលរួមការរត់ចម្ងាយនេះ ដើម្បីជួយពង្រឹងដល់សុខភាព ព្រមទាំងការជួយផ្សព្វផ្សាយតំបន់ទេសចរណ៍អង្គរ ទៅកាន់ប្រទេសដទៃឱ្យបានស្គាល់បន្ថែមទៀត៕





Tag:
 រត់ចម្ងាយ
  Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com