ជាតិ
សាសនា / ធម៌
មន្ទីរធម្មការហៅគ្រូបារមី ទៅធ្វើកិច្ចសន្យា បញ្ឈប់ទង្វើនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា
30, Jan 2024 , 4:45 pm        
រូបភាព
ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនា តាមខេត្តនិងរាជធានី បានធ្វើកិច្ចសន្យាជាមួយ បុគ្គល៦រូប ឱ្យបញ្ឈប់សកម្មភាពទាំងឡាយ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ របស់ព្រះពុទ្ធសាសនា។ ក្នុងចំណោមបុគ្គលទាំង៦រូបនោះ មាន១រូបបានធ្វើកិច្ចសន្យាជាលើកទី២។



កញ្ញា សុខ នី មានមុខរបរជាគ្រូទាយជោគវាសនា និងមើលជំងឺ បានយកស្បង់ចីវរព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា មកស្លៀកពាក់កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការថតបង្ហោះផង។ នាងបានធ្វើកិច្ចសន្យាជាមួយ ប្រធានមន្ទីរ​ធម្មការនិងសាសនា ខេត្តក្រចេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថាឈប់ប្រព្រឹត្តទង្វើដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនាបន្តទៀត។

កញ្ញា សុខ នី មានមុខរបរជាគ្រូទាយជោគវាសនា និងមើលជំងឺ

លោក ប៉ាន់ វណ្ណៈ មានមុខរបរជាគ្រូបារមី បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ លោកអះអាងថា នឹងស្ដាប់តាមការណែនាំរបស់មន្ទីរធម្មការ និងសាសនាខេត្តកំពត។ មិនធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ មិនថតបង្ហោះ​ក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈអួតអាងហួសពីការពិត។

លោក ប៉ាន់ វណ្ណៈ មានមុខរបរជាគ្រូបារមី
 
លោក គឹន បុត្តា មានមុខរបរជាគ្រូដោះអំពើ អាបធ្មប់ ធ្លាប់បានអនុញ្ញាតឱ្យ ក្រុមអ្នកសារព័ត៌មាន អ្នកប្រើបណ្ដាញសង្គម ទៅសម្ភាសផ្សព្វផ្សាយក្នុង Facebook YouTube Tiktok ថាចេះមន្តអាគម មានរិទ្ធិបារមី ចេះដោះអំពើ អាប ធ្មប់ជាដើម។ បុរសរូបនេះ បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ ខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ថានឹងលុបចេញរាល់សកម្មភាព ដែលបានបង្ហោះក្នុងបណ្ដាញសង្គមខាងលើចេញ។ ឈប់បង្ហោះ ឬអនុញ្ញាតឱ្យក្រុមអ្នកសារព័ត៌មាន ឬអ្នកប្រើបណ្ដាញសង្គមសម្ភាសបន្តទៀត។ 

លោក គឹន បុត្តា មានមុខរបរជាគ្រូដោះអំពើ អាបធ្មប់

លោក ស៊ីវ សុផល មុខរបរគ្រូហុងស៊ុយ បានតាងនាមខ្លួនឯងថា “ព្រះនាមលោកគ្រូ បារមីមុន្នីឥសីខ្លា” បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លុបរូបភាពចាស់ៗ តាមបណ្ដាញសង្គម ដែលបានបង្ហោះ។ ឈប់បង្ហោះរូបភាពថ្មី។

ក្រុមរបស់លោក ស៊ីវ សុផល មុខរបរគ្រូហុងស៊ុយ បានតាងនាមខ្លួនឯងថា “ព្រះនាមលោកគ្រូ បារមីមុន្នីឥសីខ្លា”

លោក ញ៉ឹប សុភិន បានបើកយីហោប្រោះព្រំឈ្មោះ បារមីលោកគ្រូឥណ្ឌា១២ភាសា បានចុះកិច្ចសន្យាជាមួយ ប្រធានមន្ទីរវប្បធម៌ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នឹងលុបរាល់វីដេអូចាស់ៗ ពាក់ព័ន្ធនឹងធម៌សូត្រ មិនមានប្រភពច្បាស់លាស់ ចេញពីផេក ឬបណ្ដាញសង្គមផ្សេងៗ ដែលបានផ្សាយពីមុន។ មិនធ្វើសកម្មភាពថតឡាយវីដេអូ ពេលទាយជាដើម។ 

លោក ញ៉ឹប សុភិន បានបើកយីហោប្រោះព្រំឈ្មោះ បារមីលោកគ្រូឥណ្ឌា១២ភាសា

លោក វ៉ាត វុធ គ្រូបារមី ដែលបានតាងនាមខ្លួនឯងថា “លោកតាបារមីឥសីសំរិទ្ធ” បានចុះកិច្ចសន្យាជាលើកទី២ ជាមួយប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដោយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរបានចុះណែនាំម្ដងរួចហើយ ឱ្យលុបវីដេអូចាស់ៗ ចេញពីក្នុងផេកហ្វេសប៊ុក តិកតុកជាដើម។ ប៉ុន្តែរហូតដល់ពេលថ្ងៃ ចុះកិច្ចសន្យាលើកទី២ លោក វុធ មិនបានលុបឡើយ។


លោក វ៉ាត វុធ គ្រូបារមី ដែលបានតាងនាមខ្លួនឯងថា “លោកតាបារមីឥសីសំរិទ្ធ” ដែលបានចុះកិច្ចសន្យាជាលើកទី២ ជាមួយប្រធានមន្ទីរធម្មការ រាជធានីភ្នំពេញ

អ្នកទាំងអស់ខាងលើ សុទ្ធតែបានអះអាងថា ប្រសិនពួកគេមិនគោរពតាមកិច្ចសន្យា ពួកគេនឹងព្រមទទួលខុសត្រូវ ចំពោះមុខច្បាប់។
 
ក្រសួងធម្មការ និងសាសនា ក៏បានព្រមានដល់មហាជន ដែលប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឱ្យឈប់បង្ហោះវីដេអូចាស់ៗកន្លង​ទៅ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ។ ប្រសិនមិនបញ្ឈប់ទេ នោះសាមីខ្លួន ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ជាធរមានផងដែរ។
 
សូមបញ្ជាក់ថា នេះគឺជាលើកទីមួយហើយ ដែលគេឃើញក្រសួងធម្មការ និងសាសនា ធ្វើការងារជាប្រព័ន្ធ ក្នុងការទប់ស្កាត់ សកម្មភាពអនាធិបតេយ្យ របស់បុគ្គលមួយចំនួន ដែលបានយកសាសនាព្រះពុទ្ធ ជាឈ្នាន់ក្នុងការស្វែងរកលាភនានា។ នៅមានបុគ្គលជាច្រើនរូបទៀត ដែលបានធ្វើទង្វើទាំងនោះ ហើយដែលក្រសួងធម្មការ ពុំទាន់បានផ្សាយជាសាធារណៈ ថាបានចុះទៅធ្វើកិច្ចសន្យាឱ្យបញ្ឈប់។ 
 
បានឃើញចំណាត់ការបែបនេះ អ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក ក៏បានស្នើឱ្យក្រសួងធម្មការ និងសាសនា កោះហៅព្រះសង្គមួយចំនួន ដែលបានកាឡៃ ឬមួលបង្កាច់ពុទ្ធដីការព្រះពុទ្ធ ធ្វើឱ្យសាធារណជន មានការយល់ខុស និងយល់ច្រឡំ លើពុទ្ធដីការព្រះពុទ្ធផងដែរ៕

Tag:
 ក្រសួងធម្មការ
  គ្រូបារមី
  កិច្ចសន្យា
© រក្សាសិទ្ធិដោយ thmeythmey.com