អន្តរជាតិ
អគ្គលេខាធិការអង្គការអូតង់ជំរុញសម្ព័ន្ធមិត្តឱ្យបន្តផ្តល់ថវិកាជួយដល់សេចក្តីត្រូវការសម្រាប់ការការពារជាតិអ៊ុយក្រែន
30, Jan 2024 , 9:59 pm        
រូបភាព
រូបឯកសារ៖ កង​អាកាស​របស់​អ៊ុយក្រែន​ត្រៀម​ប្រតិបត្តិការ​ប្រយុទ្ធ​នៅ​ក្នុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ កង​អាកាស​របស់​អ៊ុយក្រែន​ត្រៀម​ប្រតិបត្តិការ​ប្រយុទ្ធ​នៅ​ក្នុង​កៀវ ប្រទេស​អ៊ុយក្រែន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។
ដោយ: VOA
អគ្គលេខាធិការ​អង្គការអូតង់ លោក ​Jens Stoltenberg​ និយាយ​ថា​ ប្រទេស​អ៊ុយក្រែន​គួរបន្ត​ទទួល​បាន​ការ​គាំទ្រដែល​ខ្លួន​ត្រូវ​ការ​ដើម្បី​ប្រយុទ្ធប្រឆាំង​បណ្តេញ​រុស្ស៊ីចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ បើ​មិន​ដូច្នោះ​ទេ​ សហរដ្ឋ​អាមេរិក​ អឺរ៉ុប​ និង​ផ្នែក​ជា​ច្រើន​ទៀត​របស់​ពិភពលោក​ ​នឹងងាយ​ទទួល​រងគ្រោះកាន់​តែ​ខ្លាំងថែម​ទៀត​ ប្រសិន​បើ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin សម្រេច​បាន​នូវ​អ្វី​ដែល​លោក​ចង់​បានពី​ប្រទេស​អ៊ុយក្រែន​នោះ»។ ​



សេណារីយ៉ូ​របៀប​នេះ​ក៏​អាច​ធ្វើ​ឱ្យ​របប​ផ្តាច់​ការ​មួយ​ចំនួននៅផ្នែក​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​រៀន​សូត្រ​តាម​ ដោយ​ដណ្តើម​យក​ទឹក​ដីពី​កន្លែង​ផ្សេង​ផង​ដែរ។​
 
នៅ​ក្នុង​កិច្ចសម្ភាសន៍មួយ​ជាមួយ​ទូរទស្សន៍ Fox News ​លោក​ Stoltenberg និយាយ​ថា​ រដ្ឋាភិបាលក្រុង​ប៉េកាំង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ លើ​ការ​ឆ្លើយ​តប​របស់​អង្គការ​អូតង់​ចំពោះ​ការឈ្លានពានរបស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន។​ ​លោក​បន្ថែម​ទៀត​ថា៖ «​នៅ​ថ្ងៃ​នេះ រឿង​នេះ​កំពុង​កើតឡើង​លើ​អ៊ុយក្រែន​ ថ្ងៃ​ស្អែក​វានឹង​អាច​កើត​ឡើង​សម្រាប់​កោះតៃវ៉ាន់»។​ ​
 
​ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ​និយាយ​ថា​ ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ដល់រដ្ឋាភិបាល​ប្រទេស​លោក​ ​ នឹង​ផ្តល់​សារ​ដ៏​ទន់​ខ្សោយ​មួយ​ ខណៈប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ត្រូវ​បានសមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​រាំងខ្ទប់​ មិន​ឱ្យ​លោក​អាចទទួល​បាន​ការយល់ព្រមពី​សភា​ ដើម្បី​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន​បន្ថែម​ទៀត។
 
ជាមួយ​នឹង​ការរំពឹង​ទុក​លើ​ជំនួយ​របស់អាមេរិក​ ដែលកំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិលនោះ​ ​លោក​ Zelenskyy បានជំរុញ​ដល់ប្រទេស​អាល្លឺម៉ង់ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​ប្រមូល​កៀគរ​ពី​ដៃគូ​សហភាព​អឺរ៉ុប​ ​ក្នុង​ការ​ផ្តល់​ជំនួយបន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធប្រឆាំង​ជា​មួយ​នឹង​រុស្ស៊ី។
 
ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​ដែល​ថា​ ការ​ធ្វើ​សមយុទ្ធយោធាឆ្នាំ ​២០២៤ ​របស់​អង្គការ​អូតង់​ ដែល​ជា​សមយុទ្ធយោធា​ដ៏​ធំបំផុត​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ ២ ​មក​ ​ អាច​ជា​ដើមហេតុ​ដែល​អាច​ឱ្យ​មាន​ការ​តបតពីរ​បុរស​ខ្លាំងក្នុង​ប្រទេស​ចិន​និង​រុស្ស៊ី​នោះ​ ​លោក​ Stoltenberg ​និយាយ​ថា​ អង្គការ​សម្ព័ន្ធភាពយោធាមួយ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការពារ​បញ្ជៀសសង្គ្រាម​ មិនមែន​ដើម្បីបង្កសង្គ្រាមនោះ​ឡើយ»៕​ ​
 

© រក្សាសិទ្ធិដោយ thmeythmey.com