កីឡាជាតិ
ជាតិ
បុរសស៊ីលី Andres រីករាយបានរត់ចម្ងាយ ក្នុងតំបន់អង្គរលើកដំបូង ជាមួយអត្តពលិក៥០ប្រទេសទៀត
31, Jan 2024 , 9:09 am        
រូបភាព
លោក Matias “Mtes” Andres សញ្ជាតិស៊ីលី បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងនៅពេលបានចូលរួមរត់ចម្ងាយ Angkor Ultra Trail ឆ្នាំ ២០២៤ និងបានឃើញភ្ញៀវទេសចរមកពី ៥១ប្រទេសរត់នៅក្នុងតំបន់អង្គរដ៏អស្ចារ្យ។



លោក Mtes ដែលបានរស់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ឆ្នាំ ចូលរួមរត់ប្រណាំង លើកដំបូងលើវិញ្ញាសាចម្ងាយ ៦៤គីឡូម៉ែត្រហើយបានបញ្ចប់ចំណាត់ថ្នាក់លេខ ២០ តាមការរំពឹងទុក។
«ការរត់នេះពិតជាល្អខ្លាំងណាស់ ទាំងការរៀបចំនិងទីកន្លែងប្រកួត។ ទីនេះពិតជាកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត ដោយទីនេះមានប្រវត្តិសាស្ត្ររឿងរ៉ាវជាច្រើន ខ្ញុំពិតជាសប្បាយចិត្តខ្លាំងនៅពេលឃើញជនបរទេសជាច្រើនមកពីប្រទេសនានា បានមករត់ទីនេះនឹងបានឃើញទេសភាពដ៏អស្ចារ្យជុំវិញតំបន់អង្គរ។ ខ្ញុំធ្លាប់មកកាន់ទីនេះច្រើនលើក ហើយក៏នឹងបន្តមកកាន់ទីនេះបន្ថែមទៀត ព្រោះវាពិតជាអស្ចារ្យខ្លាំង។»។ លោក Matias Andres បាននិយាយប្រាប់មកកាន់សារព័ត៌មានថ្មីៗបែបនេះ។
  

 

រត់ចម្ងាយ ៦៤គីឡូម៉ែត្រ នៅក្នុងការព្យាយាមលើកដំបូងអាចនឹងក្លាយជារឿងមួយលំបាកសម្រាប់កីឡាករដែលទើបចាប់ផ្តើមរត់ដំបូងៗ ប៉ុន្តែលោក Mtes អះអាងថាខ្លួនបានហ្វឹកហាត់គុនខ្មែរ នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ហើយការហ្វឹកហាត់មានការរត់ចម្ងាយជាប្រចាំដើម្បីកម្តៅសាច់ដុំ ទើបអាចធ្វើឱ្យសម្រេចការរត់ចម្ងាយ ៦៤គីឡូម៉ែត្រក្នុងតំបន់អង្គរ។
 
ត្រង់ចំណុចនេះលោក Mtes បញ្ជាក់ដូច្នេះថា៖«ខ្ញុំហ្វឹកហាត់គុនខ្មែរនៅភ្នំពេញ ដូច្នេះពេលហ្វឹកហាត់គឺមានការរត់ ដូច្នេះហើយទើបខ្ញុំអាចរត់បានចម្ងាយ ៦៤គីឡូនេះបាន។»។
 
ចំពោះការចេះនិយាយភាសាខ្មែរបុរសសញ្ជាតិស៊ីលី បាននិយាយរៀបរាប់ប្រាប់មកកាន់អ្នកសារព័ត៌មានថ្មីៗ ​ការចេះភាសាខ្មែរ គឺតាមរយៈពេលភរិយាជាជនជាតិខ្មែរ ព្រមទាំងជាគ្រូបង្រៀនផ្នែកភាសាខ្មែរថែមទៀត។
 
គួរបញ្ជាក់ថាព្រឹត្តិការណ៍រត់ចម្ងាយឆ្លងឧបសគ្គ ​Angkor Ultra Trail បានបិទបញ្ចប់កាលពីថ្ងៃទី២៧ ខែមករា ដោយមានចំនួនកីឡាករ កីឡាការិនីចុះឈ្មោះរត់ប្រណាំងសរុប ១,៥០០នាក់ មកពី ៥១ប្រទេសផ្សេងៗគ្នា ទៅលើវិញ្ញាសាចំនួន ៨ ប្រភេទរួមមាន៖ ១០០គីឡូម៉ែត្រ, ៦៤គីឡូ, ៤២គីឡូ, ៣២គីឡូ, ១៨គីឡូម៉ែត្រ ៣ វិញ្ញាសាតូចៗ និងរត់ ៨គីឡូម៉ែត្រ៕
 

Tag:
 រត់ចម្ងាយ
  Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com