កីឡាជាតិ
ជាតិ
NOCC ស្នើសហព័ន្ធកីឡាជិះសេះអន្ដរជាតិ ជួយអត្ដពលិកកម្ពុជា និងបច្ចេកទេសថែទាំសេះ
31, Jan 2024 , 9:29 am        
រូបភាព
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្នើលោក Ingmar De Vos ប្រធានសហព័ន្ធកីឡាជិះសេះអន្ដរជាតិ (FEI) ជួយបណ្ដុះធនធានអត្ដពលិក បច្ចេកទេសថែទាំសេះ និងការសាងសង់ទីលានតាមស្ដង់ដារអន្ដរជាតិ ដើម្បីដាក់បញ្ចូលកីឡាជិះសេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ការស្នើនេះ ធ្វើឡើងក្នុងកិច្ចសម្ដែងការគួរសមរវាងលោក ថោង ខុន ជាមួយ លោក Ingmar De Vos នៅទីស្នាក់ការ NOCC នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។



សហព័ន្ធកីឡាបង្ហាត់ជិះសេះកម្ពុជា គ្រោងនឹងបង្កើតកម្មវិធីបណ្ដុះបណ្ដាលវីជ្ជាជីវៈសម្រាប់ក្មេងក្រីក្រ នៃជំនាញថែទាំសេះនៅកម្ពុជា ហើយវគ្គបណ្ដុះបណ្ដាលនេះ មានការគាំទ្រពី FEI។ លោក ថោង ខុន មានសុទិដ្ឋិនិយមថា វគ្គបណ្ដុះបណ្ដាលនេះ គឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យកីឡាជិះសេះ។
  
កិច្ចសំណេះសំណាលរវាង NOCC និង FEI ពីការអភិវឌ្ឍកីឡាជិះសេះនៅកម្ពុជា

ក្រៅពីនេះ ប្រធាន NOCC ក៏បានស្នើរឲ្យ FEI គាំទ្រក្នុងកិច្ចការបណ្ដុះធនធានកីឡាករ-កីឡាការិនី បច្ចេកទេសហ្វឹកហាត់ បច្ចេកទេសថែទាំទីលាន និងការសាងសងទីលាន ឲ្យប្រកបដោយស្ដង់ដារអន្ដរជាតិ ក្នុងគោលដៅស្នើរដាក់កីឡាមួយនេះ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា។
 
គួរបញ្ជាក់ផងដែរ កីឡាជិះរបស់កម្ពុជា ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បានចំនួន៣លើក គឺចាប់ពីឆ្នាំ២០១៣។ ដោយឡែកក្នុងឆ្នាំ២០១៧ ស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី កម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ១។ បន្ថែមជាងនេះទៀត ក្នុងឆ្នាំ២០២៣ អត្តពលិកកីឡាជិះសេះរបស់កម្ពុជា បានដណ្ដើមបានមេដាយមាស១ ក្នុងព្រឹត្តិការណ៍ FEI Southeast Asian Youth Cup នៅប្រទសថៃ ផងដែរ៕
 

Tag:
 កីឡាជិះសេះ
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com