កីឡាជាតិ
ជាតិ
រៀបប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិតាមខេត្ត ដើម្បីឲ្យពលរដ្ឋតាមស្រុក បានទស្សនាផ្ទាល់
30, Jan 2024 , 6:29 pm        
រូបភាព
លោក ខូវ ឆាយ ប្រធានគណៈកម្មការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រូបពីសហព័ន្ធប្រដាល់គុនខ្មែរ
លោក ខូវ ឆាយ ប្រធានគណៈកម្មការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រូបពីសហព័ន្ធប្រដាល់គុនខ្មែរ
ការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នឹងរៀបចំនៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ខុសប្លែងពីឆ្នាំមុនៗ ដែលរៀបចំនៅភ្នំពេញ លោក ខូវ ឆាយ បញ្ជាក់ថា ដោយសារចង់ឲ្យប្រជាជនតាមខេត្តបានទស្សនាផ្ទាល់ និងជាការបំផុសបំផុលនៃការគាំទ្រវិស័យប្រដាល់គុនខ្មែរ។



លោក ខូវ ឆាយ ប្រធានគណៈកម្មការរៀបចំការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ អះអាងថា វិស័យកីឡាប្រដាល់គុនខ្មែរ ជាកីឡាអត្ដសញ្ញាណជាតិ ហើយបច្ចុប្បន្នកំពុងមានប្រជាប្រិយភាពខ្លាំង ព្រោះមានអ្នកគាំទ្រច្រើន ស្របពេល ក្លិប និងធនធានកីឡាករ-កីឡាការិនី មានការកើនឡើងជារៀងរាល់ឆ្នាំ។ 
 
ចំណែកការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានកីឡាករ-កីឡាការិនី សរុប ១៤៨នាក់ មកពីបណ្ដាលសមគម-ក្លិបរាជធានីខេត្ត-ក្រុង និងក្រសួង ចូលរួមប្រកួតប្រជែង។ អ្វី ដែលលោក ខូវ ឆាយ សង្កត់ធ្ងន់ ដែលជាចំណុចវិជ្ជមាននោះ គឺចំនួនកីឡាការិនី កើនឡើង ដល់ចំនួន ២០នាក់ ខុសពីឆ្នាំ២០២២ ដែលមានត្រឹមតែ១២នាក់ប៉ុណ្ណោះ។ ប្រធានគណៈកម្មការរៀបចំរូបនេះ ប្រាប់ថានេះ គឺជាការអភិវឌ្ឍន៍ ដ៏ល្អនៃវិស័យប្រដាល់គុនខ្មែរ ព្រោះមានទាំងធនធានកីឡាករ-កីឡាការិនី ត្រៀមស្នងមរតកពី និងសាងស្នារដៃ បន្ទាប់ពីអត្ដពលិកជំនាន់មុន។
 
ទន្ទឹមនិងការអភិវឌ្ឍន៍ លោក ខូវ ឆាយ បញ្ជាក់ថាការរៀបចំការឲ្យមានការប្រកួតតាមខេត្ត ក៏ដូចជាការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺដើម្បីបំផុសបំផុលការគាំទ្រពីបណ្ដាលប្រជាជននៅតាមតំបន់ ហើយក៏បានផ្ដល់ឲ្យអ្នកទាំងនោះ បានទស្សនាការប្រកួតដោយផ្ទាល់ ដែលទទួលបានអារម្មណ៍ប្លែកខុសពីការទស្សនា នៅតាមគេហដ្ឋាន តាមរយៈការផ្សាយផ្ទាល់តាមហ្វេសប៊ុក ឬក៏ទូរទស្សន៍។
 
«កន្លងមកការប្រកួតជើងឯកថ្នាក់ជាតិ មាននៅតែរាជធានីភ្នំពេញ ហើយនៅតាមបណ្ដាលខេត្ត និងនៅតាមជាយក្រុង ក៏មានអ្នកគាំទ្រប្រដាល់គុនខ្មែរច្រើន យើង ចង់ឲ្យអ្នកនៅតាមតំបន់ បានទស្សនាផ្ទាល់ ព្រោះជាការបំផុសបំផុល និងផ្សព្វផ្សាយមួយ ពីវិស័យមួយនេះ។»។ លោក​ ខូវ ឆាយ​ បាននិយាយដូច្នេះ។
 
ដោយឡែក ប្រធានគណៈកម្មការរូបនេះ ក៏បញ្ជាក់ផងដែរថា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ក៏អាចនឹងត្រូវដាក់តាមខេត្តដែរ ក៏ប៉ុន្ដែមិនទាន់អាចបញ្ជាក់ពីខេត្តណាមួយនៅឡើយទេ គ្រាន់តែបង្ហើបឲ្យដឹងថា នឹងព្យាយាមធ្វើឲ្យបានគ្រប់ខេត្ត ព្រោះចង់ឲ្យអ្នកគាំទ្រទាំងអស់ សុទ្ធតែមានឱកាសមកទស្សនាផ្ទាល់នៅសង្វៀនប្រកួត។
 
ជាមួយនិងការរៀបចំប្រកួតថ្មីនេះ ប្រាក់រង្វាន់មេដាយ ក៏ត្រូវបានគណៈកម្មការរៀបចំការប្រកួត បង្កើនឲ្យមានច្រើនផងដែរ ដោយមេដាយមាសក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ នឹងទទួលបានថវិកា ៤លានរៀល, មេដាយប្រាក់ ២.៤លានរៀល, និងមេដាយសំរិទ្ធ ១.២លានរៀល៕
 

Tag:
 លោក ខូវ ឆាយ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com