កីឡាជាតិ
ជាតិ
ពានសម្ដេច ហ៊ុន សែន៖ អង្គរថាយហ្គឺរប្រឈមហាលអាវខណៈបឹងកេតមិនរំពឹងខ្ពស់ទៅវគ្គបន្ទាប់
31, Jan 2024 , 2:39 pm        
រូបភាព
ការប្រកួតរវាងអង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ ក្នុង Cambodian Premier League រូបពី CPL
ការប្រកួតរវាងអង្គរថាយហ្គឺរ និងណាហ្គាវើលដ៍ ក្នុង Cambodian Premier League រូបពី CPL
អង្គរថាយហ្គឺរ មានសម្ពាធខ្លាំងក្នុងការប្រកួតជើងទី២ ជាមួយណាហ្គាវើលដ៍ ក្នុងពានសម្ដេច ហ៊ុន សែន Hun Sen Cup លើកទី១៧ (វគ្គជម្រុះថ្នាក់ជាតិ) ថ្ងៃទី៣១ ខែមករា ម៉ោង៦:០០ល្ងាច ដោយសាររបូតគ្រាប់បាល់ក្នុងទឹកដីខ្លួន ជើងទី១ ដល់ទៅ ៥-១។ ទោះមានគ្រាប់បាល់ចំណេញចំនួន៤ លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ នៅតែមិនទាន់ធានា ១០០ភាគរយទៅវគ្គបន្ទាប់ឡើយ។ បឹងកេត ម្ចាស់ជើងឯករងឆ្នាំ២០២២-២០២៣ មិនសូវជារំពឹងខ្ពស់នោះទេ ក្នុងការឡើងទៅវគ្គ៨ក្រុម ព្រោះជើងទី១ បានត្រឹមស្មើគ្នាជាមួយ សៀមរាប ក្នុងលទ្ធផល១-១ ប៉ុណ្ណោះ។



អង្គរថាយហ្គឺរ គឺជាក្លិបមួយ មិនសូវសមប្រកបសោះក្នុងការប្រកួតលីគកន្លងមក ដោយឆ្លងកាត់១៩ប្រកួត ចាញ់១៣ ស្មើ២ និងឈ្នះ ៤។ ដោយឡែក ក្នុងជំនួបជើងទី១ នៅកីឡដ្ឋានហនុមាន ក្នុងពានសម្ដេច ហ៊ុន សែន លើកទី១៧ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ អង្គរថាយហ្គឺរ បានចាញ់ ណាហ្គាវើលដ៍ លទ្ធផល៥-១ ដែលជាហេតុធ្វើឲ្យក្រុមនេះ កាន់តែមានភាគរយតិចក្នុងការទៅវគ្គបន្ទាប់។ ម្យ៉ាងវិញទៀត ជំនួបជើងទី២ ជាមួយណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ធ្វើឲ្យក្រុមម្ចាស់ផ្ទះកាន់តែមានប្រៀបច្រើន។
 
ប៉ុន្ដែលោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ នៅតែមិនហ៊ានសង្ឃឹម ដល់ទៅ១០០ភាគរយ ក្នុងការកក់កៅអីវគ្គ៨ក្រុមទេ ប៉ុន្ដែក្ដីរំពឹងរបស់លោក ឃឹម បុរី គឺមានចន្លោះពី ៦០-៧០ភាគរយ ព្រោះកីឡាករ លេងបានល្អជាងមុន ពីមួយប្រកួតទៅមួយប្រកួត។
 
«យើង មិនអាចធ្វេសប្រហែសបានទេ ព្រោះបាល់ទាត់អ្វីៗ អាចកើតឡើងគ្រប់ពេល។ ចំពោះការរំពឹងទុករបស់ខ្ញុំ យើង មាន៤គ្រាប់ក្នុងដៃ។ អ៊ីចឹង យើងមានឱកាស ៦០ ទៅ៧០ភាគរយ ឡើងទៅវគ្គបន្ទាប់។ យើង ហ៊ានរំពឹងទុកដូច្នេះ ព្រោះយើងបានផ្លាស់ប្ដូពីរបៀបលេងរបស់យើង ដោយសារតែពីមួយប្រកួតទៅមួយប្រកួត កីឡាករកាន់តែប្រសើរ ហើយធ្វើបានល្អច្រើន នៅលើទីលាន។«។ លោក ឃឹម បុរី បាននិយាយដូច្នេះ។
 
ក្នុងពេលទន្ទឹមគ្នានោះ បឹងកេត ម្ចាស់ជើងឯករងពានសម្ដេច លើកទី១៦ ត្រូវស្វាគមន៍ ក្រុមបាល់ទាត់សៀមរាប នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លទ្ធផលស្មើ ១-១ ក្នុងជើងទី១ ធ្វើឲ្យបឹងកេត មិនទាន់អាចសង្ឃឹមថា មានកៅអីទៅវគ្គ៨ក្រុម នៃពានសម្ដេច ហ៊ុន សែន ឡើយ។ យ៉ាងណា បឹងកេត ជាក្រុមមានប្រៀបទៅវគ្គបន្ទាប់ ដ្បិតជើងទី២នៅទឹកដីខ្លួន។
 
ក្នុងថ្ងៃដដែលនោះ កងយោធពលខេមរភូមិន្ទ ត្រូវស្វាគមន៍ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានស្ដាតចាស់។ ការប្រកួតជើងទី១ គិរីវង់សុខសែនជ័យ បានចាញ់ កងយោធពលខេមរភូមិន្ទ លទ្ធផល ៣-២ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ។ 
 
ចំណែកក្នុងជំនួបជើងទី២ ព្រៃវែង ត្រូវប៉ះជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង ៣:៣០ រសៀល។​ ក្នុងជំនួបជើងទី១ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឈ្នះលទ្ធផល ១-០ នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា។
 
គួរបញ្ជាក់ថា កៅអីវគ្គ ៨ក្រុម នៃពានសម្ដេច ហ៊ុន សែន លើកទី១៧ រកឃើញ៤ក្រុមរួចហើយ គឺវិសាខា ភ្នំពេញក្រោន ស្វាយរៀង និងអាយ អេស អាយ ដង្កោសែនជ័យ ចំណែក ៤ក្រុមផ្សេងទៀត ត្រូវរងចាំមើលលទ្ធផល ប្រកួតនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៕

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com