កីឡាជាតិ
ជាតិ
លោក ទៀ ស្យាម ជំរុញឧស្សាហកម្មកីឡា Off Road នៅកម្ពុជា តាមរយៈការប្រកួតនៅថៃ
31, Jan 2024 , 5:28 pm        
រូបភាព
ក្រុមកីឡាករប្រណាំងរថយន្តកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road អន្តរជាតិ Khao Noi Off Road 2024 នៅខេត្ត រ៉ាយង ប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ទៀ ស្យាម ប្រធានក្រុមកីឡាករមហាគ្រួសាររថយន្ត Off Road យកឱកាសនេះ ជំរុញឧស្សាហកម្មកីឡា Off Road នៅកម្ពុជា និងបង្កើនទំនាក់ទំនងវិស័យរថយន្តជាមួយថៃ។



កម្ពុជា ក្រោមការដឹកនាំរបស់លោក ទៀ ស្យាម ប្រធានក្រុមកីឡាករមហាគ្រួសាររថយន្ត Off Road បានបញ្ជូនរថយន្ត Off-Road ៤គ្រឿងទៅចូលរួមប្រណាំង រួមជាមួយរថយន្តសេវាកម្មជួសជុល៦គ្រឿង និងកីឡាករ ក្រុមការងារ១៨នាក់ទៅកាន់កម្មវិធី Khao Noi Off Road 2024 ។ ក្រុមកម្ពុជា បានចាកចេញទៅទឹកដីថៃ នៅថ្ងៃទី២៩ ខែមករា ដោយឆ្លងកាត់ខេត្តកោះកុង និងខេត្តត្រាតរបស់ថៃ និងបានទៅដល់ខេត្តរ៉ាយងហើយ នៅរសៀលថ្ងៃទី៣១ ខែមករា។ 
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានមុនក្រុម Off Road ចាកចេញពីកម្ពុជា លោក ទៀ ស្យាម អះអាងថា សមាគម Off Road ថៃ បានអញ្ញើញក្រុមកីឡាករមហាគ្រួសាររថយន្ត Off Road កម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ដ្បិតកម្ពុជាមានការពេញនិយមលេងវិស័យកីឡានេះកាន់តែច្រើនរយៈពេលចុងក្រោយ។ 
  
លោក ទៀ ស្យាម ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន។ រូបភាព៖ AKP

មិនត្រឹមតែប៉ុណ្ណោះកូនប្រុសច្បងសម្តេច ទៀ បាញ់ បានឆ្លៀតយកឱកាសចូលរួមក្នុងការប្រកួតប្រជែងអន្តរជាតិលើកនេះ ដើម្បីជំរុញឧស្សាហកម្មកីឡា Off Road នៅកម្ពុជាផង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃក្នុងវិស័យរថយន្តផង។ 
 
លោក ទៀ ស្យាម ដាក់ក្តីរំពឹងខ្ពស់ ថា​ក្រុម​កម្ពុជា​នឹងទទួលបានលទ្ធផលគាប់ប្រសើរ ដ្បិតកីឡាករ​មាន​បទពិសោធន៍ក្នុងការដោះស្រាយបញ្ងហាអំឡុងពេល​​ប្រណាំង រួមជាមួយបច្ចេកវិទ្យា​ និង​ឧបករណ៍បំពាក់លើរថយន្តទំនើបជាងមុន។ 
 
Khao Noi Off Road 2024 ជាព្រឹត្តិការណ៍ប្រណាំងរថយន្តលើផ្លូវឧបសគ្គអន្តរជាតិនៅខេត្តរ៉ាយង ដោយម្ចាស់ផ្ទះថៃធ្វើឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងប្រទេសជិតខាងអាស៊ាន និងផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ Khao Noi និងតំបន់ទេសចរណ៍សហគមន៍ក្បែរៗនោះ៕ 





Tag:
 Off Road
  ទៀ ស្យាម
© រក្សាសិទ្ធិដោយ thmeythmey.com