កីឡាជាតិ
ជាតិ
មានចំណាត់ថ្នាក់ពិភពលោក កីឡាការិនីវាយកូនគោល យិន អាមូនី តំណាងកម្ពុជាដំបូង ទៅប្រកួតនៅថៃ
01, Feb 2024 , 8:39 am        
រូបភាព
កីឡាការិនីវាយកូនគោល យិន អាមូនី ក្លាយជាកីឡាការិនីកម្ពុជាដំបូងបំផុត ត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ជ្រើសរើសចូលរួមក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោល 2024 Women's Amateur Asia-Pacific Championship នៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកស្រី ហេង ស្រីពៅ ប្រធានលេខាធិការដ្ឋានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលជ្រើសរើសយក អាមូនី ដោយសារនាង មានសមត្ថភាព និងស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោក។

 
​នេះ គឺជាលើកទី១ ដែលកម្ពុជា បានចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Women's Amateur Asia-Pacific Championship នៅទីលានវាយកូនគោល Siam Country Club, Waterside ដែលមាន ២២ប្រទេសចូលរួម។ យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា កីឡាការិនី យិន អាមូនី ដែលជាកូនខ្មែរទៅហ្វឹកហាត់នៅប្រទេសបារាំង ត្រូវបានសហព័ន្ធ ជ្រើសរើសជាអត្ដពលិកវាយកូនគោល តំណាងឲ្យកម្ពុជា​។ លោកស្រី ហេង ស្រីពៅ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា កីឡាការិនីកម្ពុជារូបនេះ មានលក្ខណៈគ្រប់គ្រាន់ ព្រោះប្រសិនមិនមានចំណាត់ថ្នាក់ពិភពលោកទេ គឺមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតឡើយ។ ម្យ៉ាងវិញទៀត កីឡាការិនី អាមូនី ធ្លាប់ប្រកួតបានចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ផងដែរ។
  


«ការប្រកួត Women's Amateur Asia-Pacific Championship លុះត្រាតែយើងមានចំណាត់ថ្នាក់ពិភពលោក ទើបគេអនុញ្ញាតឲ្យយើងចូលប្រកួត។»។ លោកស្រី ហេង ស្រីពៅ បាននិយាយដូច្នេះ។
 
កីឡាការិនី យិន អាមូនី បច្ចុប្បន្នមានចំណាត់ថ្នាក់ទី ១៦៥៦ ពិភពលោក។ ការប្រកួតព្រឹត្តិការណ៍ 2024 Women's Amateur Asia-Pacific Championship ប្រទេសថៃ មាន២២ប្រទេសចូលរួម សរុបកីឡាការិនី៩០នាក់៕
 

Tag:
 វាយកូនគោល
  យិន អាមូនី
© រក្សាសិទ្ធិដោយ thmeythmey.com