ជាតិ
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា
01, Feb 2024 , 3:09 pm        
រូបភាព
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ក្នុងទម្រង់ជា Original Equipment Manufacturer( OEM) លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថា សម្ភារៈទាំងនោះ ផលិតនៅកម្ពុជា (Made In Cambodia)។



ថ្លែងក្នុងជំនួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, លោក Yoshihisa Suzuki បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកម្ពុជានាពេលនេះ ដើម្បីស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ច និងកាលានុវត្តភាព សម្រាប់ការវិនិយោគនៅកម្ពុជា ជាពិសេសពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ។ 
 
«គណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មាន ធ្វើការស្ទង់មតិ និងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គ រួមទាំងប្រទេសកម្ពុជាផងដែរ»។ នេះជាការបញ្ជាក់របស់លោក Yoshihisa ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។
 
បច្ចុប្បន្នសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលកំពុងដំណើរការនៅកម្ពុជា រួមមានវិស័យវាយនភ័ណ្ឌ ការផ្គត់ផ្គង់ឧស្ម័ន និងដំណាំល្ង ជាដើម។
 
ចំពោះបំណងចង់ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសម្ដេច ហ៊ុន ម៉ាណែត។ សម្ដេច សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននេះ នឹងបង្កើនលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀតនៅកម្ពុជា ។ 
 
«រាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងសហការជាមួយវិនិយោគិនជប៉ុន ក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី ដោយប្រាប់គណប្រតិភូជប៉ុន ពីច្បាប់វិនិយោគនៅកម្ពុជា ដែលផ្ដល់ការលើកទឹកចិត្ត និងឱកាសដល់វិនិយោគិនទៀតផង។
 
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ជាស្ថាប័នដ៏ធំនៅក្នុងប្រទេសជប៉ុន ។ បច្ចុប្បន្នស្ថាប័ននេះ មានការិយាល័យចំនួន ៥១៥ និងមានសមាជិកសរុបជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាន និងហិរញ្ញវត្ថុ៕

Tag:
 សេដ្ឋកិច្ច
  ហ៊ុន ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com