ជាតិ
មន្ត្រីនគរបាល​ជាតិដែល​សុំច្បាប់​លើ​សពី​១០ថ្ងៃ ត្រូវមាន​ការ​សម្រេច​ពី​រដ្ឋមន្ត្រីមហាផ្ទៃ
01, Feb 2024 , 7:39 pm        
រូបភាព
មន្ត្រីនគរបាល​ជាតិដែល​សុំច្បាប់​លើ​សពី​១០ថ្ងៃ ត្រូវមាន​ការ​សម្រេច​ពី​រដ្ឋមន្ត្រីមហាផ្ទៃ  រួបរួម ជាតិ (នគរបាលជាតិ
មន្ត្រីនគរបាល​ជាតិដែល​សុំច្បាប់​លើ​សពី​១០ថ្ងៃ ត្រូវមាន​ការ​សម្រេច​ពី​រដ្ឋមន្ត្រីមហាផ្ទៃ រួបរួម ជាតិ (នគរបាលជាតិ
ដោយ: រួបរួម
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តីណែនាំ​មួយស្តីពីការអនុញ្ញាតច្បាប់​ឈប់​សម្រាក​ពីការងាររបស់មន្ត្រីនគរបាលជាតិ។ ការសុំ​ច្បាប់​គឺ​ត្រូវធ្វើ​ពាក្យ​ជាលាយ​ល័ក្ខអក្សរតាម​ឋានានុក្រម ដោយភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ផ្សេងៗ។

 
សេចក្តី​សម្រេច​ចុះ​កាលពីថ្ងៃទី​២៦ ខែមករា បាន​បញ្ជាក់ថា ករណី​មន្ត្រីនគរបាលជាតិ​សុំច្បាប់​ឈប់​សម្រាក​លើសពី​១០​ថ្ងៃ ត្រូវ​មាន​ការ​សុំ​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ខណៈរដ្ឋលេខាធិការ​ទទួល​បន្ទុក​អគ្គ​នាយក​ដ្ឋានធនធានមនុស្ស អាចផ្តល់​ការ​​អនុញ្ញាតច្បាប់ចាប់​ពី​៦ ដល់​១០​ថ្ងៃ និង​ការ​សុំ​ច្បាប់​លំហែមាតុភាព។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រី ប្រគល់សិទ្ធិដល់​អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋាន និងប្រធានអង្គភាព ថ្នាក់ប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ មានសិទ្ធិសម្រេចអនុញ្ញាតច្បាប់ឈប់សម្រាក រយៈពេលត្រឹម៥ថ្ងៃចុះ។
 
រីឯប្រធាន​នាយកដ្ឋាន ប្រធានអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាននានា ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មានសិទ្ធិសម្រេច អនុញ្ញាតច្បាប់ឈប់សម្រាកជូនមន្ត្រីនគរបាលក្រោមឱវាទ រយៈពេលត្រឹម៣ថ្ងៃចុះ។
 
នាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាយកសាលានគរបាលជាតិភូមិភាគ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នាយកសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ប្រធាន ស្នាក់ការប្រឆាំងចារកម្មរាជធានី-ខេត្ត នៃនាយកដ្ឋានចារកម្ម ប្រធានស្នាក់ការប្រចាំតំបន់នៃនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រធានអង្គភាពនគរបាលការពារ បេតិកភណ្ឌ ប្រធានសាខាលិខិតឆ្លងដែនប្រចាំតំបន់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ មានសិទ្ធិ សម្រេចអនុញ្ញាតច្បាប់ឈប់សម្រាកជូនមន្ត្រីនគរបាលក្រោមឱវាទ រយៈពេលត្រឹម២ថ្ងៃចុះ។
 
រីឯនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានសិទ្ធិសម្រេចអនុញ្ញាតច្បាប់ឈប់សម្រាកជូនមន្ត្រី នគរបាលក្រោមឱវាទ រយៈពេលត្រឹម១ថ្ងៃ។
 
ក្នុ​ងសេចក្តីសម្រេច លោក ស សុខា តម្រូវ​ឱ្យប្រធានអង្គភាពនីមួយៗរៀបចំបញ្ជីឈប់សម្រាកពីការងាររបស់មន្ត្រីនគរបាលចំណុះអង្គភាពឱ្យបានសមស្រប ដើម្បីធានានិរន្តរភាពការងាររបស់អង្គភាពប្រព្រឹត្តទៅជាធម្មតា។
 
សេចក្តី​សម្រេច​របស់រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺយោងតាម​ព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និង វិន័យរបស់កងកម្លាំងនគរបាលជាតិ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ដែល​ធ្វើ​ឡើង​ក្នុងគោលបំណងធ្វើកំណែទម្រង់និងពង្រឹងអភិបាលកិច្ចល្អ ក្នុងការជំរុញឱ្យមន្ត្រីនគរបាលជាតិ គោរពវិន័យការងារបានត្រឹមត្រូវ ធានានិរន្តរភាព និងលើកកម្ពស់ប្រសិទ្ធភាព ការងារ ព្រមទាំងផ្តល់សុខុមាលភាពដល់មន្ត្រីនគរបាលជាតិ៕
 

Tag:
 នគរបាលជាតិ
  ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com