អន្តរជាតិ
អាមេរិកត្រៀម «វិធានការជាច្រើន» ដើម្បីរារាំងក្រុមគាំទ្រអុីរ៉ង់ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។
× ខណៈពេលដែលសហរដ្ឋអាមេរិកត្រៀម «វិធានការជាច្រើន» ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយដ្រូនរបស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ដែលបានសម្លាប់ទាហានអាមេរិកាំង ៣ នាក់ ក្រុម Kataib Hezbollah ដែលជាក្រុមគាំទ្រអ៊ីរ៉ង់ដ៏មានឥទ្ធិពលខ្លាំងមួយនៅអ៊ីរ៉ាក់ បានប្រកាសផ្អាករាល់ប្រតិបត្តិការយោធាទាំងអស់ប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា លោកបានសម្រេចចាត់វិធានការយោធាដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើមូលដ្ឋានសហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្ស៊កដានីជិតព្រំដែនអ៊ីរ៉ាក់និងស៊ីរីដែលបានសម្លាប់ទាហានអាមេរិកាំង ៣ នាក់និងធ្វើឱ្យទាហានជាង ៤០ នាក់ទៀតរងរបួស។
ទាំងលោក Biden និងមន្ត្រីរបស់លោកមិនបានផ្ដល់សេចក្ដីលម្អិតណាមួយអំពីរឿងនេះទេ។ ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One ថា គោលបំណងគឺដើម្បីធានាថា សហរដ្ឋអាមេរិកធ្វើឱ្យសមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធទាំងនោះចុះខ្សោយក្នុងការវាយប្រហារលើទាហាននិងទីតាំងយោធាសហរដ្ឋអាមេរិក ហើយស្របពេលនោះដែរ បញ្ជូន «សញ្ញាដ៏ខ្លាំងក្លាមួយទៅកាន់អ្នកគាំទ្រក្រុមទាំងនោះ» នៅក្នុងកងទ័ពអ៊ីរ៉ង់។
ការវាយប្រហារកាលពីថ្ងៃអាទិត្យលើមូលដ្ឋានយោធាសហរដ្ឋអាមេរិកបានសម្លាប់ទាហានអាមេរិកាំងដំបូងបំផុតនៅតំបន់មជ្ឈិមបូព៌ាតាំងពីពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ បានផ្ទុះឡើងនៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនមក។
ក្រុមតស៊ូអ៊ិស្លាមនៅអ៊ីរ៉ាក់ (Islamic Resistance in Iraq) ដែលជាក្រុមមេរបស់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ទាំងនេះ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការវាយប្រហារដោយដ្រូននេះមាន «ស្លាកស្នាម» បន្សល់ទុករបស់ក្រុមកងជីវពល Kataib Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់ បើទោះបីជាសហរដ្ឋអាមេរិកមិនបានបញ្ជាក់ចុងក្រោយថាអ្នកណាជាអ្នកទទួលខុសត្រូវក៏ដោយ។
កាលពីថ្ងៃទី៣០ មករា ក្រុម Kataib Hezbollah បានបញ្ជាក់ថា ការផ្អាកប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងទាហានសហរដ្ឋអាមេរិកនៅក្នុងតំបន់គឺធ្វើឡើង «ដើម្បីបង្ការកុំឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់បាក់មុខ»៕
© រក្សាសិទ្ធិដោយ thmeythmey.com