កីឡាជាតិ
ជាតិ
សហព័ន្ធបាល់ទះកម្ពុជា រៀបចំប្រកួត ៤ទល់៤ ដណ្តើមប្រាក់រង្វាន់៥០លានរៀល
02, Feb 2024 , 5:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) នឹងរៀបចំការប្រកួតកីឡាបាល់ទះ ៤ទល់៤ ជាលើកដំបូង ដើម្បីដណ្តើមប្រាក់រង្វាន់ ៥០លានរៀល។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ VFC បង្កើតកម្មវិធីប្រកួត ៤ទល់៤ នេះឡើង ក្នុងគោលដៅឱ្យកីឡាករយុវជនបន្តវេន ទាំង២៥រាជធានី ខេត្ត មានឱកាសបង្ហាញសមត្ថភាព និងជំរុញអ្នកលេងក្រៅប្រព័ន្ធ ងាកមកប្រកួតតាមស្តង់ដារវិញ។



តាមរយៈខ្សែវីដេអូជិត៧នាទី ដែលបានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ VFC នៅថ្ងៃទី២ ខែកុម្ភៈ លោក សិរីពិសិដ្ឋ ពិតជាចង់បញ្ជូនកម្មវិធីប្រកួតកីឡាបាល់ទះ ៤ទល់៤ នេះ ឱ្យទៅដល់បណ្តាខេត្តក្រុងទាំងអស់ ដើម្បីឱ្យអត្តពលិកក្មេងៗ មានការប្រជែងគ្នាជាផ្លូវការ ដោយស្របតាមស្តង់ដារ។
 
ហេតុផលប្រកួតតាមស្តង់ដារនេះ ទំនងជាអគ្គ VFC ចង់កែតម្រូវការប្រកួតក្រៅផ្លូវការមួយចំនួន ដែលកីឡាករតែងតែលេងខុសបច្ចេកទេស ដូចជាចាប់បាល់បោក និងបញ្ជូនបាល់ស្អិតជាប់ដៃជាដើមនោះ ឱ្យមកលេងតាមក្បួនច្បាប់កីឡាបាល់ទះត្រឹមត្រូវវិញ។ អ្វីដែលពិសេសទៀតនោះ ការប្រកួតលក្ខណ ៤ទល់៤ នេះ ដើម្បីផ្តល់ឱកាសដល់យុវជនបន្តវេននៅតាមតំបន់ឆ្ងាយៗ ដែលស្រឡាញ់ចូលចិត្តវិស័យកីឡាបាល់ទះ អាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន។
 
ការរៀបចំពានរង្វាន់ ដែលមានទំហំទឹកប្រាក់សម្រាប់ក្រុមជើងឯកចំនួន ៥០លានរៀល នឹងមានការប្រកួតជម្រុះនៅ៥តំបន់ធំៗ មុនឡើងមកប្រកួតនៅភ្នំពេញវគ្គផ្តាច់ព្រ័ត្រដែលមាន៦ក្រុមរង់ចាំរួចស្រេច។
 
ខេត្តបាត់ដំបងត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះសម្រាប់ភូមិភាគទី១ ដែលមានក្រុមពីខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យប្រកួតប្រជែងគ្នា ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ។ ភូមិភាគទី២ នៅខេត្តសៀមរាប មានការចូលរួមរបស់ក្រុមមកពីខេត្ត កំពង់ធំ ឧត្តមានជ័យ និងព្រះវិហារ ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៤។ ភូមិភាគទី៣ នៅកំពង់ចាម ដោយចូលរួមពី ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី និងត្បូងឃ្មុំ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៩-១០ ខែមីនា។  ភូមិភាគទី៤ ព្រៃវែងម្ចាស់ផ្ទះ រួមជាមួយ ស្វាយរៀង តាកែវ និងខេត្តកណ្តាល។ ភូមិភាគទី៥ ខេត្តព្រះសីហនុជាម្ចាស់ផ្ទះ ដោយមានការចូលរួមពីខេត្តកំពង់ស្ពឺ កែប កំពត និងកោះកុងចាប់ផ្តើមពីថ្ងៃទី២៣-២៤ ខែមីនា។ 
 
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទីលេខ១ និងលេខ២ តាមភូមិភាគនិមួយៗ នឹងឡើងមកប្រកួតផ្តាច់ព្រ័ត្រនៅភ្នំពេញ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២២-២៨ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ក្រុមដែលអង្គុយរង់ចាំដោយមិនបាច់ប្រកួតជម្រុះទាំង៦ ជាក្រុមដែលទទួលបានចំណាត់ថ្នាក់ល្អទាំង៦ នៃលីគកីឡាបាល់ទះតេជោលីគរដូវកាលទីមួយ។
 
បើតាមការបញ្ជាក់របស់លោក សិរីពិសិដ្ឋ កីឡាករជាជនបរទេសក៏អាចចុះឈ្មោះបង្កើតក្រុមចូលរួមប្រកួតប្រជែងបានដែរ ឱ្យគ្រប់លក្ខខណ្ឌមានសមាជិកកីឡាករសរុប៦នាក់ ក្នុងនោះ៤នាក់លើទីលាន និង២រូបនៅបម្រុង។
 
សូមបញ្ជាក់ថា ដើម្បីចូលរួមការប្រកួតពានរង្វាន់កីឡាបាល់ទះ Wurkz Special Volleyball Cup 2024 កម្មវិធី ៤ទល់៤ នេះបាន ក្រុមទាំងអស់នៅតាមទីតាំងភូមិភាគទាំង៥ ត្រូវដាក់ពាក្យចូលរួមប្រកួតជាមុនសិន ដោយការកំណត់ឈប់ទទួលពាក្យ ត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ក្រុមទាំង៦ដែលមានកៅអីស្រាប់ ប្រសិនបើក្រុមណាមួយអនុញ្ញាតឱ្យកីឡាករខ្លួន ទៅចូលរួមក្រុមនៅតាមបណ្តាខេត្តអំឡុងវគ្គជម្រុះ នោះ VFC មិនអនុញ្ញាតឱ្យកីឡាករទាំងនោះត្រឡប់ចូលក្រុមដើមវិញឡើ នៅពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ៕

Tag:
 បាល់ទះ
  VFC
© រក្សាសិទ្ធិដោយ thmeythmey.com