កីឡាជាតិ
ជាតិ
ក្រៅពីបាល់ទាត់ លោក Oriol Mohedano ស្រឡាញ់វ​ប្បធម៌របស់កម្ពុជា
03, Feb 2024 , 4:20 pm        
រូបភាព
លោក Oriol Mohedano ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
លោក Oriol Mohedano ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
វិស័យបាល់ទាត់បានធ្វើឲ្យលោក Oriol Mohedano Segura អតីតគ្រូបង្វឹកក្លិបអង្គរថាយហ្គឺរ បានស្គាល់ប្រទេសកម្ពុជា។ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះ បាននិយាយថាពិសោធន៍រស់នៅប្រទេសកម្ពុជា៨ឆ្នាំមកនេះ ធ្វើឲ្យរូបលោកពេញចិត្តវប្បធម៌ និងអត្ដចរិករបស់រាក់ ទាក់របស់ប្រជាជនតាមតំបន់។



លោក Oriol Mohedano Segura បានមកកម្ពុជាដំបូងក្នុងឆ្នាំ២០១៦ ដោយបម្រើការងារជាមួយភ្នំពេញក្រោន។ ក្នុងឆ្នាំ២០១៧ បុរសវ័យ ៣៧ឆ្នាំរូបនេះ បានប្ដូរមកធ្វើជាគ្រូបង្វឹកឲ្យ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ រហូតដល់ចុងឆ្នាំ២០២១។ ក្រោយចែកផ្លូវជាមួយអង្គរថាយហ្គឺរ គ្រូបង្វឹករូបនេះ ត្រូវបានក្លិបព្រះខ័នរាជស្វាយរៀង តែងតាំងជាគ្រូជំនួយនៅអំឡុងឆ្នាំ ២០២២។ នាខែវិច្ឆិកា ឆ្នាំ២០២២ លោក Oriol Mohedano ក៏បានចែកផ្លូវជាមួយព្រះខ័នរាជស្វាយរៀង ហើយបានទៅដឹកនាំក្លិប Jhapa FC នៅប្រទេសនេប៉ាល់។
 
អំឡុងពេលចាកចេញនោះ គ្រូបង្វឹករូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា តែងនឹកប្រទេសកម្ពុជា ព្រោះរូបលោក បានសាំទៅនិងការរស់នៅទីនេះ ដូចជាប្រទេសទី២របស់ខ្លួន។ គ្រូបង្វឹករូបនេះ បន្ថែមថា បាល់ទាត់បានធ្វើឲ្យលោកស្គាល់កម្ពុជា ប៉ុន្ដែវប្បធម៌ និងស្នាមញញឹម មនុស្សក្នុងតំបន់ធ្វើឲ្យលោកនឹកកម្ពុជា។
 
«ខ្ញុំ ទទួលបានការគោរពស្រឡាញ់ពីអ្នកគាំទ្របាល់ទាត់កម្ពុជា ពេលដែលខ្ញុំ បានឈានជើងចូលក្នុងវិស័យបាល់ទាត់ទីនេះ។ ប៉ុន្ដែជាចុងក្រោយ ខ្ញុំនៅតែជាជនបរទេស។ ច្បាស់ណាស់ខ្ញុំ នៅទីយូឆ្នាំមកហើយ។ ពេលខ្ញុំ ទៅក្រៅខ្ញុំនឹកកម្ពុជា ខ្ញុំមិនបាននឹកនរណាម្នាក់ឡើយ ប៉ុន្ដែគឺខ្ញុំនឹកដល់កម្ពុជា។ រយៈពេល ៨ឆ្នាំនៅកម្ពុជា ខ្ញុំស៊ាំហើយក៏អាចសម្របខ្លួន ជាមួយនឹងមនុស្សនៅទីនេះផងដែរ។»។ លោក Oriol Mohedano បាននិយាយដូច្នេះ។
 
បច្ចុប្បន្ន អតីតគ្រូបង្វឹករូបនេះ មិនទាន់មានក្លិបឈរជើងក្នុងលីគកម្ពុជាឡើយ ហើយរូបលោក ក៏កំពុងសម្លឹងមើលឱកាសណាមួយ បានដឹកនាំក្រុមក្នុងលីគ ផងដែរ៕

Tag:
 (Oriol Mohedano Segura
  បាល់ទាត់)
© រក្សាសិទ្ធិដោយ thmeythmey.com