កីឡាជាតិ
ជាតិ
កងយោធពលខេមរភូមិន្ទ ដណ្ដើមមេដាយគុនខ្មែរជើងឯកថ្នាក់ជាតិច្រើនជាងគេ
03, Feb 2024 , 9:00 pm        
រូបភាព
ការប្រគល់មេដាយដល់កីឡាការិនី ផ្នែកសម្ដែង
ការប្រគល់មេដាយដល់កីឡាការិនី ផ្នែកសម្ដែង
សមាគមប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយ១៦ ក្នុងនោះមាស​៨ ប្រាក់៣ និងសំរឹទ្ធ៥ ពីការប្រកួតគុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ត​កំពង់​​ឆ្នាំង។ កីឡាករ-កីឡាការិនីចូលរួមប្រកួត ​ក៏មានចំនួនកើនឡើង ដោយមានកីឡាករ ១២៨​នាក់ និងកីឡាការិនី២០នាក់ មកពីបណ្ដា១៤ សមាគមក្រសួង និងរាជធានីខេត្ត។ លោក ខូវ ឆាយ បាននិយាយថា កំណើននៃអ្នកចូលរួម គឺបង្ហាញពីវឌ្ឍនភាព​​គុន​ខ្មែរ ជា​ពិសេស​ការ​ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩។

ក្រោយបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ សមាគមប្រដាល់ កងយោធព​លខេមរភូមិន្ទ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយមាស៨ ប្រាក់៣ និងសំរឹទ្ធ៥ តាមពីក្រោយដោយក្រសួងមហាផ្ទៃ មេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធ៤។ ចំណែកខេត្តស្វាយរៀង ឈរនៅចំណាត់ថ្នាក់លេខ៣ មេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៣ និងចំណាត់ថ្នាក់លេខ៤ ខេត្តបាត់ដំបង មេដាយមាស១ ប្រាក់២ និង​សំរឹទ្ធ៣។ រីឯបន្ទាយមានជ័យ ចំណាត់ថ្នាក់លេខ៥ មេដាយមាស១ ប្រាក់១ និងសំរិទ្ធ៣។


 ការប្រកួតកីឡាការិនី ជ្រើសរើសជើងឯកថ្នាក់ជាតិ

ដោយឡែកក្នុងបណ្ដាសមាគមប្រដាល់គុនខ្មែរទាំង១៤ ដែលចូលរួមនោះ ខេត្តព្រះ​សីហ​នុ និងខេត្តកំពត មិនឈ្នះមេដាយណាមួយឡើយ។ ការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មាន កីឡាករ-កីឡាការិនី សរុប១៤៨នាក់ មកពីបណ្ដាសមគម-ក្លិបរាជធានីខេត្ត-ក្រុង និង ក្រសួងចូលរួមប្រកួតប្រជែង។ លោក ខូវ ឆាយ កត់សម្គាល់ថានេះជាចំណុចវិជ្ជមានដែល​ចំនួន​កីឡាការិនីកើនឡើងដល់ចំនួន២០នាក់ ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ ១២​នាក់​។ ប្រធានគណៈកម្មការរៀបចំរូបនេះ ប្រាប់ថានេះ​គឺជាការអភិវឌ្ឍដ៏ល្អ នៃវិស័យ ប្រ ដាល់គុនខ្មែរ ព្រោះមានទាំងធនធានកីឡាករ-កីឡាការិនីត្រៀមស្នងមរតកពី និង សាង​ស្នាដៃ បន្ទាប់ពីអត្ដពលិកជំនាន់មុន។
 
ជាមួយនឹងការរៀបចំប្រកួតថ្មីនេះ គណៈកម្មការរៀបចំ​ការប្រកួត ក៏​បង្កើនប្រាក់រង្វាន់​មេ​ដាយ​​​​ច្រើន​ដែរ ដោយមេដាយមាស​ទទួលបានថវិកា ៤លានរៀល, មេដាយប្រាក់ ២.៤​លាន​រៀល​, និងមេដាយ​សំរឹទ្ធ ១.២ លានរៀល៕

Tag:
 (ប្រដាល់គុនខ្មែរ
  ខូវ ឆាយ)
© រក្សាសិទ្ធិដោយ thmeythmey.com