កីឡាជាតិ
ជាតិ
CPL៖ លេខ១បណ្តោះអាសន្ន ព្រះខ័នរាជស្វាយរៀង ​ស្វាគមន៍ភ្នំពេញក្រោននៅល្ងាចនេះ
04, Feb 2024 , 4:30 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង នៅក្នុងជើងទី២ រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង នៅក្នុងជើងទី២ រូបពី Cambodian Premier League
ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅចំណាត់ថ្នាក់លេខ១(បណ្ដោះអាសន្ន)មាន៤៧ពិន្ទុ តាមពីក្រោយ ដោយ​ភ្នំពេញក្រោន មាន៤៥ពិន្ទុ។ ក្នុងសប្ដាហ៍ទី២០ នៃCambodian Premier League 2023-2024 នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមមានទីតាំងនៅខេត្តស្វាយរៀងនេះ ត្រូវស្វាគមន៍ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀង នាម៉ោង ៦:០០ល្ងាច។ ដោយឡែក នេះ គឺជាជើងទី៣ ក្នុងជំនួបរវាងក្រុមទាំងក្នុងលីគកំពូលកម្ពុជា នារដូវកាលនេះ។

 
ជំនួបរវាងក្រុមទាំង២ ​បានឈានមកដល់ជើងទី៣ នៃការប្រកួតលីគកំពូលកម្ពុជា។ ដោយឡែក សម្រាប់ ២លើកមុន ភ្នំពេញក្រោន បានចាញ់ព្រះខ័នរាជស្វាយរៀង ២-១ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ និងជើងទី២ ស្មើ ០-០ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ 
 
នាដើមរដូវកាលភ្នំពេញក្រោន ធ្វើមិនសូវបានល្អ ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះជាបន្ដបន្ទាប់។ លុះចូលមកពាក់កណ្ដាលជុំទី២ និងឈានមកដល់ជុំទី៣ នៃការប្រកួតលីគកំពូល ភ្នំពេញក្រោន ធ្វើបានល្អខ្លាំង ព្រោះរកបានពិន្ទុ រហូតស្ទើរតែជិតទាន់ព្រះខ័នរាជស្វាយរៀង។ ដោយឡែកក្រុមទាំង២ គឺជាក្រុមមានពិន្ទុច្រើនជាង៨ក្រុមផ្សេងទៀតក្នុងលីគ ដែលបង្ហាញពីភាគរយច្រើន ក្នុងការយក៤ក្រុមកំពូល (Top 4) ដើម្បីទាត់ខ្វែងគ្នា រកម្ចាស់ជើងឯកលីគកំពូលកម្ពុជា។
 
តើជំនួបលើកទី៣ នៃរដូវកាលនេះ ភ្នំពេញក្រោន អាចយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដែរឬទេ ខណៈការប្រកួត ធ្វើនៅទឹកដីខេត្តស្វាយរៀង?
 
ក្នុងថ្ងៃជាមួយគ្នានេះ គិរីវង់សុខសែនជ័យ ត្រូវប៉ះជាមួយ កងយោពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់ វេលាម៉ោង៣:៤៥ រសៀល ចំណែក បឹងកេត ជួបជាមួយ អង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០ យប់។
 
រីឯលទ្ធផលប្រកួតសប្ដាហ៍ទី២០ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ណាហ្គាវើលដ៍ យកឈ្នះក្រុមវិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ លទ្ធផល ៣-១ ខណៈ អាយ អេស អាយ ដង្កោសែនជ័យ បានត្រឹមស្មើជាមួយ ព្រៃវែង ក្នុងលទ្ធផល ១-១៕

Tag:
 (បាល់ទាត់)
© រក្សាសិទ្ធិដោយ thmeythmey.com