កីឡាជាតិ
ជាតិ
កុំព្រោះតែ View! អ្នកផលិតមាតិការគុនខ្មែរ ត្រូវថ្លឹងផលប្រយោជន៍ និងផងប៉ះពាល់ ​
04, Feb 2024 , 7:40 pm        
រូបភាព
ក្រុម Admin សម្ភាសកីឡាករប្រដាល់អន្ដរជាតិ
ក្រុម Admin សម្ភាសកីឡាករប្រដាល់អន្ដរជាតិ
ភ្នំពេញ៖ អ្នកផលិតមាតិកាអំពីគុនខ្មែរ​ ផ្សព្វផ្សាយនៅលើបណ្តាញសង្គម មានកំណើនកាន់តែច្រើន គឺជា​រឿង​ល្អសម្រាប់ប្រជាប្រិយភាពគុនខ្មែរ នៅក្នុង និងក្រៅប្រទេស។ នេះជាការយល់ ឃើញ របស់ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ យ៉ាងណាក៏ដោយ លោក ហេង សុខឃន ស្នើឱ្យ​អ្នកផលិតត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយពី​ខ្លឹមសារផលិតរបស់ខ្លួន ចៀសវាងជះផលអាក្រក់ដល់កីឡាករ និងវិស័យកីឡាមួយនេះ។

កីឡាប្រដាល់គុនខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាង​ខ្លាំង ពីអ្នកគាំទ្រជាតិ និង​អន្ដរជាតិ។ រាល់សប្ដាហ៍មានការប្រកួត ពី៥ ទៅ៦សង្វៀនឯណោះ ដែលជាឱកាសឱ្យ​​កីឡាករ-កីឡាការិនី និងធនធានថ្នាល ​បញ្ចេញសមត្ថភាព។
 
ក្រៅពីកិច្ចខិតខំ​ពង្រឹង​សមត្ថភាពកីឡានេះ របស់ស្ថាប័នរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ការផ្សព្វផ្សាយ ទាំង​នៅតាមស្ថាប័នផ្លូវការ និងតាមបណ្តាញសង្គម បានរួមចំណែកយ៉ាង សម្បើមដល់ប្រជាប្រិយភាពកីឡាគុនខ្មែរ។ កំណើនៃការផ្សព្វផ្សាយពីគុនខ្មែរ កាន់តែផុស ផុស បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ ទន្ទឹមនឹងនេះ​ ​អ្នក ផលិតមាតិកា​ផ្សព្វផ្សាយពីគុនខ្មែរផ្សាយតាមបណ្ដាញសង្គម ហាក់កើនឡើងច្រើនដែរ។ នេះបើតាម លោក ហេង សុខឃន អគ្គលេខា​ធិការ​សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ។
 
ទន្ទឹមនឹងការសាទរ លោក ហេង សុខឃន ព្រួញចិត្តខ្លាំងដែរ ចំពោះខ្លឹមសារនៃការ ផ្សព្វ ផ្សាយ ពិសេសមាតិកាដែលផលិតចេញពីអ្នកគាំទ្រកីឡាគុនខ្មែរ នៅតាមបណ្តាញសង្គម ដែលអាចជះផលមិនល្អដល់កីឡាករ និងគុនខ្មែរ។ លោក ហេង សុខឃន លើកឡើងដូច្នេះ ៖«គេស្គាល់ កីឡាករ-កីឡាការិនីយើងច្រើន ស្គាល់គុនខ្មែរច្រើន គឺជារឿងល្អ ប៉ុន្ដែ​ពួក​គាត់​ត្រូវ​ដឹង អ្វីខ្លះគួរផ្សាយ និង​មិនគួរផ្សាយ។ បើប៉ះពាល់ដល់កីឡាករ-កីឡាការិនី មិនគួរ​ ផ្សាយទេ ព្រោះអ្នកទាំងនោះ បានហត់នឿយក្នុងការហ្វឹកហាត់ និងប្រកួតដើម្បីជាតិ ហើយ ។ ដូច្នេះ កុំឲ្យកីឡាករកីឡាការិនីយើងត្រូវប្រឈមដោះស្រាយរឿងលើបណ្ដាញសង្គម ទៀត។»។ ​
 
​លោក ផុន សំណាង ជាអ្នកបង្កើតមាតិកាពីគុនខ្មែរម្នាក់យល់ស្របថាការផ្សព្វផ្សាយ​ច្រើន ពីវិស័យ ឬអំពីរឿងអ្វីមួយ ច្រើនគឺ​ជារឿងល្អ។​ ប៉ុន្ដែក៏ពុំគួរឱ្យចំនួនច្រើនពេក រហូត​ពិបាក គ្រប់គ្រងសណ្ដាប់ធ្នាប់នោះដែរ។ ​
 
អំពីការផលិតមាតិកាគុនខ្មែរ លោក ផុន សំណាង សង្កេតឃើញថា ​មានមាតិកាជាវីដេអូ មួយ​ចំនួនដែលត្រូវបានផលិត និងផ្សព្វផ្សាយ​នៅលើបណ្តាញសង្គម ដោយ​មិនមានខ្លឹមសារ​គ្រប់ជ្រុងជ្រោយនោះទេ ពោលការផ្សព្វផ្សាយនោះ គ្រាន់តែចង់បានអ្នកទស្សនាច្រើនប៉ុណ្ណោះ។ ខ្លឹមសារទៀតសោត អាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់កីឡាករ និងវិស័យនេះទៀតផង។ «កីឡាករស្លាប់រស់ លើពួកគាត់ហើយប្រសិនជា ពួកគាត់អត់ដឹងថាអ្វីគួរផ្សាយ និងអ្វីមិនគួរផ្សាយ។ ខ្ញុំ ខ្លួនឯងក៏ពេលខ្លះមានភ្លាត់ដែរ ប៉ុន្ដែខ្ញុំ ព្យាយាមធ្វើឲ្យបានល្អ មុនពេលផលិតវីដេអូនោះ។»។

អ្នកផលិតមាតិការូបនេះ បាននិយាយដូច្នេះ។
 
ដូចគ្នា​នេះដែរ អ្នកផលិតមាតិកាគុនខ្មែរម្នាក់ទៀត គឺ លោក ធី ប៉ុនណារ៉ា ក៏ស្នើឱ្យអ្នក ផលិតផ្សេងទៀត យកចិត្តទុកដាក់ចំពោះក្រមសីលធម៌នៃការផ្សព្វផ្សាយ ហើយ​ត្រូវថ្លឹងថ្លែងនូវសំណួររបស់ខ្លួនមុនពេលសួរទៅលើកីឡាករ-កីឡាការិនី។ ម្យ៉ាងវិញទៀត អ្នកទាំងនោះ ត្រូវដឹងថាចំណុចណាកីឡាករ-កីឡាការិនី និយាយក្រៅផ្លូវការ។ «ខ្ញុំគិតថាយើងគួរតែយល់ដឹងខ្លះ ពីច្បាប់នៃសារព័ត៌មាន ហើយយើងគួរតែយល់ថា ពេល​​​ដែលសួរអីមួយទៅថា បើខ្លួនយើងអ្នកស្ដាប់តើប៉ះពាល់​​អ្វីខ្លះ? យើង ចង់បាន View ពេកក៏មិនគាត់ និយាយរួមយើងត្រូវគិតឲ្យបានល្អ។»។ លោក ធី ប៉ុនណារ៉ា យល់ដូច្នេះ៕

Tag:
 (ប្រដាល់គុនខ្មែរ
  Admin)
© រក្សាសិទ្ធិដោយ thmeythmey.com