កីឡាជាតិ
ជាតិ
លោក ខូវ ឆាយ៖ លទ្ធផល ធន់ រិទ្ធី និង​ សៃ យុគ បែបណាក៏ដោយ ក៏គង់ត្រូវគេជេរ
06, Feb 2024 , 11:20 am        
រូបភាព
ធន រិទ្ធី បង្គោលក្រហម ឈរលើកដៃស្មើជាមួយ សៃ យុគ រូបពីវិដេអូ ទទក
ធន រិទ្ធី បង្គោលក្រហម ឈរលើកដៃស្មើជាមួយ សៃ យុគ រូបពីវិដេអូ ទទក
អ្នកគាំទ្រប្រដាល់មួយចំនួន បន្ដរិះគន់លើការកាត់សេចក្ដីស្មើរវាងការប្រកួត ធន់ រិទ្ធី និង សៃ យុគ ក្រោយប្រកួតកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក ខូវ ឆាយ អនុប្រធានទី១សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជឿថាការសម្រេចឱ្យកីឡាករទាំងពីរស្មើគ្នា គឺត្រឹមត្រូវបំផុត។ ប្រសិនចៅក្រមដាក់ពិន្ទុ ឲ្យខាងណាឈ្នះ ក៏ពួកគេ នឹងរងការរិះគន់ និងជេរដូចគ្នា។



កាលពីថ្ងៃទី៤ ខែកុម្ភៈ ធន់ រិទ្ធី ប្រកួតស្មើ សៃ យុគ ក្នុងសង្វៀន The Battle of The Kings ដោយលក្ខខណ្ឌវាយអំបោះឆៅ។ ដោយឡែក លទ្ធផលនោះ ត្រូវបានអ្នកគាំទ្រជាច្រើន បានរិះគន់យ៉ាងខ្លាំង ហើយចាត់ទុកថាចៅក្រមលម្អៀងកាន់ជើង ធន់ រិទ្ធី។ 
 
លោក ខូវ ឆាយ គណៈធិបតី និងជាអ្នកទស្សនាផ្ទាល់ បានបញ្ជាក់ប្រាប់ពីទស្សនៈផ្ទាល់ខ្លួន មកកាន់សារព័ត៌មានថ្មីៗថា ចៅក្រុមឲ្យលទ្ធផលស្មើ គឺជាលទ្ធផលសមហេតុផលបំផុត ព្រោះក្នុងទឹកទី១ និងទឹកទី២ ធន់ រិទ្ធី មានប្រៀបដោយការវាយចូលខ្លះ បើទោះជាវាយថយៗ ក៏ដោយ។ ក្នុងទឹកទី៣ ធន់ រិទ្ធី បានវាយឲ្យ សៃ យុគ រាប់ម្ដងដែរ មុនពេលដែលកីឡាករថៃរូបនេះ បានវាយឲ្យធន់ រិទ្ធី រាប់នៅចុងទឹកទី៣ វិញ។
 
អនុប្រធានទី១សហព័ន្ធរូបនេះ មើលឃើញថា បើទោះជាឲ្យខាងណាឈ្នះ ចៅក្រមដាក់ពិន្ទុនៅតែត្រូវបានគេជេរ និងរិះគន់ដែរ។ «ខ្ញុំ ជឿថាលទ្ធផលនេះ បើឲ្យខាងណាឈ្នះ ក៏គេជេរដែរ។

យើង ធ្វើអីគឺចាំតែខុស។ បើឲ្យ សៃ យុគ ឈ្នះ មានខ្មែរច្រើនណាស់ ដែលគាំទ្រ ធន់ រិទ្ធី ជេរចៅក្រម។ តែបើឲ្យ ធន់ រិទ្ធី ឈ្នះដឹងតែថៃរិះគន់។ ខ្ញុំ គិតថាលទ្ធផលស្មើ គឺយើងទទួលយកបាន ព្រោះមិនអាក្រក់មើលពេកទេ ក្នុងនាមយើងជាម្ចាស់ផ្ទះ ចំពោះលទ្ធផលបែបនេះ។ យើង ក៏មិនកាន់ជើងគ្នារ ប៉ុន្ដែយើងក៏មិនត្រូវជាន់ពន្លិច គ្នាឯងដែរ។»។ លោក ខូវ ឆាយ បានប្រាប់ដូច្នេះ។
 
បើតាមអនុប្រធានទី១រូបនេះ ធន់ រិទ្ធី មិនបានប្រកួតតំណាងឲ្យសហព័ន្ធក្នុងកម្មវិធី The Battle of The Kings ទេ ប៉ុន្ដែតំណាងឲ្យកម្ពុជា ក្នុងប្រកួតមិត្តភាពរវាងគុនខ្មែរ និង MuayThai៕

Tag:
 ខូវ ឆាយ
  សែ យុគ
  ធន់ រិទ្ធី
  សៃ យុគ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com