ជាតិ
ផាកពិន័យហើយ ឆាតញ៉ែទៀត»! លោក ជួន ណារិន្ទ ប្រាប់ឱ្យនារីម្នាក់ ដាក់ពាក្យប្ដឹងប៉ូលិសចរាចរណ៍
07, Feb 2024 , 10:26 am        
រូបភាព
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានអំពាវនាវឱ្យនារីម្នាក់ ឈ្មោះ ម៉ូ លីកា ដាក់ពាក្យបណ្ដឹងទៅលើមន្ត្រីនគរបាលចរាចរណ៍ ដែលបានផាកពិន័យហើយ ឆាតទៅសុំស្រឡាញ់ ។ លោក ជួន ណារិន្ទ កំពុងតាមដានលើករណីនេះ។



ដើមចមនៃបញ្ហានេះ កើតចេញពីករណីអនុវត្តច្បាប់ និងផាកពិន័យចរាចរណ៍ទៅលើនារី ឈ្មោះ ម៉ូ លីកា ។ នារីរូបនេះ បានសរសេរសាររៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួន បានបើកឡានជូនម្ដាយទៅកាន់មន្ទីរពេទ្យ ដោយសារម្តាយមានអាការៈថប់ដង្ហើម និងជំងឺបេះដូង កាលពីថ្ងៃទី១ កុម្ភៈ។ 
 
ធ្វើដំណើរទៅដល់ចំណុចស្តុបកាន់ពីរ រូបនាង ក៏បានបើកឡានជ្រុល និងឈប់លើគំនូស «ស» សម្រាប់អ្នកថ្មើរជើងឆ្លងកាត់ អំឡុងពេលស្តុបព័ណ៌ក្រហម។ ពេលស្តុបលោតភ្លើងបៃតងវិញ រូបនាង ក៏បានជិះចូលទៅផ្លូវបឹងកក់ ស្រាប់តែមានមន្ត្រីនគរបាល៣នាក់ ផាកពិន័យលើរូបនាង។
 
បើតាមសំណេរដែល ម៉ូ លីកា រៀបរាប់នោះ មន្ត្រីប៉ូលិស បានសុំពិនិត្យបណ្ណបើកបរ កាតគ្រី និងឆៀកឡាន។ ក្រោយពីសួរនាំ និងពិនិត្យហើយ ឃើញថា ឆៀកឡានផុតកំណត់ ដែលត្រូវផាកពិន័យ២០ម៉ឺនរៀល ហើយឈប់លើគំនូស «ស» ត្រូវពិន័យ១៥ម៉ឺនរៀលទៀត សរុបទាំងអស់៣៥ម៉ឺនរៀល។ តែយ៉ាងណាមន្ត្រីនគរបាលទាំងនោះ បានបញ្ចុះតម្លៃសល់ត្រឹមតែ២៥ម៉ឺនរៀលទេ ក្រោយម្ចាស់ឡានឈ្មោះ ម៉ូ លីកា អះអាងថា ជិះខុសច្បាប់ដោយសារប្រញាប់ជូនម្ដាយទៅមន្ទីរពេទ្យ។
 
«ខ្ញុំថាពូ ខ្ញុំសុំជូនពូ ២០ដុល្លារ ទៅបានហើយ ព្រោះប្រញាប់ជូនម្តាយទៅពេទ្យ ។ (ប៉ូលិស) គាត់ថា បើប្រញាប់បង់(ពិន័យឈប់លើ)គំនូសជាក់ស្តែងទៅ បញ្ចុះតំលៃឲ្យសល់ ២៥ម៉ឺនរៀល។ ចុងក្រោយគាត់ថា បើអត់លុយ យកឡានទៅទុកចោលនៅខណ្ឌសិន ។ ខ្ញុំសួរខណ្ឌនៅឯណា គាត់ថានៅដូនពេញ»។ នេះបើតាម ម៉ូ លីកា សរសេរលើហ្វេសប៊ុក។
 
ក្រោយចចារលើការផាកពិន័យហើយ ក៏សម្រេចបង់ជាទឹកប្រាក់ជាង១៤ម៉ឺនរៀល (៣៦.៦៣ ដុល្លារ)។ នេះបើតាមគណនី ABA ប្រតិបត្តិការ ដែលនារីឈ្មោះ ម៉ូ លីកា បានបង្ហោះ។ រឿងផាកពិន័យបានបញ្ចប់ហើយ ក៏ឈានដល់ករណីមន្ត្រីនគរបាល ឆាតតាមតេឡេក្រាមទៅសាសងសម្តីជាមួយ ម៉ូ លីកា បន្តទៀត។
 
សម្តីសាសងទាំងនោះ ត្រូវបានចែកចាយព្រោងព្រាតតាមបណ្ដាញសង្គម។ មន្ត្រីនគរបាល ដែលឆាតទៅសាសងសម្តីនេះ គឺជាអ្នកផាកពិន័យលើនារី ឈ្មោះ ម៉ូ លីកា ។ ក្នុងសារឆ្លើយឆ្លងសម្តីនេះ មន្រ្តីនគរបាលចរាចរណ៍រូបនោះ បានអះអាងថា ខ្លួនមានតួនាទីជានាយរងការិយាល័យចរាចរណ៍ជើងគោក រហស្សនាម «ព្រួញ៧៧» ប្រចាំនៅគោលដៅក្តាន់២ ។
 
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានឃើញសារសាសងសម្តីរវាងមន្ត្រីនគរបាល និងនារី លីកា នេះដែរ ។ លោក ជួន ណារិន្ទ ដែលកំពុងតាមដានលើករណីនេះ បានអំពាវនាវតាមបណ្ដាញសង្គមហ្វេសប៊ុក ឱ្យម្ចាស់សាមីខ្លួន ដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធី។ 
 
«សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី។ តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូ ដើម្បីសហការណ៍និងដាក់ពាក្យបណ្ដឹងមក។ ពូនឹងរកយុត្តិធម៌ជូនក្មួយស្រី! ដូច្នេះពូសង្ឃឹមថា ក្មួយនិងមកសហការណ៍ជាមួយពូដើម្បីរកយុត្តិធម៌ដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ។ តែបើក្មួយមិនព្រមមកដាក់ពាក្យបណ្ដឹងទេ ពូក៏ធ្វើការងារនេះបន្តជូនដល់មហាជនទូទាំងប្រទេស ដើម្បីជ្រាបជាការពិតដែរ»។ នេះបើតាមសំណេររបស់លោក ជួន ណារិន្ទ អមជាមួយរូបថតនារីម្នាក់ ឈ្មោះ ម៉ូ លីកា៕
 

Tag:
 ជួន ណារិន្ទ
  នគរបាល
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com