ជាតិ
វីដេអូ
ស្ម័គ្រចិត្តនៅ«បណ្ណាល័យ»ក្នុងភូមិ ជួយ​ឱ្យកញ្ញា ប៉ិច លីដា ​រកឃើញចំណូលចិត្ត​ខ្លួនឯង
08, Feb 2024 , 1:59 pm        
រូបភាព
បាត់ដំបង៖ការចូលរួមស្ម័គ្រចិត្តជួយកិច្ចការងារផ្សេងៗនៅ«បណ្ណាល័យ»ក្នុងភូមិ ដែលបង្កើតឡើងដោយយុវជន បានជួយឱ្យ កញ្ញា ប៉ិច លីដា ស្វែងរកឃើញអំពីចំណង់ចំណូលរបស់ខ្លួនដែរ។ អាចរកឃើញខ្លួនឯងក្នុងពេល​កំពុងសិក្សានៅថ្នាក់វិទ្យាល័យ គឺជាសំណាងដ៏ធំមួយសម្រាប់ លីដា ព្រោះនាងអាចជ្រើសរើសជំនាញសិក្សានៅកម្រិតឧត្តមសិក្សា បានត្រឹមត្រូវស្របនឹងចំណូលចិត្ត។ មិនត្រឹមតែអាចរកឃើញខ្លួនឯងប៉ុណ្ណោះទេ យុវតី ប៉ិច លីដា អះអាងថា ការងារស្ម័គ្រចិត្ត ក៏បានពង្រឹងទាំងចំណេះ ជំនាញទន់ផ្សេងៗ បង្កើនសមត្ថភាព​ និងស្មារតីក្លៀវក្លាជាងមុន ពិសេសឱកាសការងារខ្ពស់។ ​

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖

 
ការជ្រើសរើសជំនាញសិក្សា ត្រូវនឹង​ចំណង់ចំណូលចិត្តខ្លួន​ មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ សម្រាប់សិស្សកម្រិតមធ្យមសិក្សាទុតិយភូមិ។ ​កញ្ញា ប៉ិច លីដា ​មានភព្វសំណាង ដែលអាចស្វែងរកចំណូលចិត្តខ្លួនឃើញពេលកំពុងរៀននៅថ្នាក់វិទ្យាល័យ តាមរយៈការងារស្ម័គ្រចិត្ត​នានា ដូចជានៅក្នុងគម្រោងរបស់សាលារៀន បណ្ណាល័យក្នុងភូមិ និងធ្លាប់ហាត់ការក្នុងអង្គការក្រៅរដ្ឋាភិបាលជាដើម។ ក្នុងចំណោមការងារស្ម័គ្រចិត្តជាច្រើនដែលនាងបានចូលរួម ការងារនៅ «បណ្ណាល័យ​» បានរួមចំណែក​យ៉ាងធំសម្បើម ជួយឱ្យ លីដា ​អាចរកចំណូលចិត្តរបស់ខ្លួនឃើញ។ 
 
មានស្រុកកំណើតនៅ​ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កញ្ញា ប៉ិច លីដា ​ច្ចុប្បន្នមានវ័យ២២ឆ្នាំ ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ​ជំនាញអភិវឌ្ឍសហគមន៍ ពីសកលវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង។ 
 

 
យុវតី ប៉ិច លីដា ដែលជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ នៃគ្រួសារដែលឪពុកជាជាងម៉ៅការសំណង់ និងម្ដាយជាមេផ្ទះ បានរំឭកថា ក្នុងពេលកំពុងរៀនថ្នាក់ទី១១ ខ្លួនតែងឆ្លៀតពេលទំនេរពីការសិក្សា ទៅស្ម័គ្រចិត្ត​នៅក្នុងបណ្ណាល័យ សួនបញ្ញា ដែលស្ថិតនៅក្នុងភូមិ​របស់នាង។ ការងារស្ម័គ្រចិត្តនេះ បានជួយ លីដា ពង្រឹងសមត្ថភាពរបស់នាងខ្លាំង​ពាក់ព័ន្ធនឹងការងារសហគមន៍ ពិសេស​នាំឱ្យនាងស្គាល់ខ្លួនឯងកាន់តែច្បាស់ និងឱកាសការងារដ៏ល្អមួយ ក្នុងអង្គការក្រៅរដ្ឋាភិបាល​ដែលមានមូលដ្ឋានក្នុងក្រុងបាត់ដំបង តាំងពីនាងនៅសិក្សាឆ្នាំទី៣មកម្ល៉េះ។
«បណ្ណាល័យជួយខ្ញុំច្រើនតាំងពីកកើតមក។ ខ្ញុំមកអាន ខ្ញុំបានចំណេះ ដឹងច្រើន។ ពេលបណ្ណាល័យមានកម្មវិធីផ្សេងៗ មានអ្នកមកចែករំលែកបទពិសោធន៍ តម្រង់ទិសអនាគត។ ខ្ញុំមានឱកាសចូលរួមស្ដាប់ ហើយក៏ស្វែងរកឃើញ ថាខ្ញុំចង់រៀនជំនាញអ្វី។ ហើយមូលហេតុដែលខ្ញុំចាប់ជំនាញ អភិវឌ្ឍន៍សហគមន៍ ក៏ដោយសារតែខ្ញុំមកបណ្ណាល័យ ហើយខ្ញុំរកឃើញថា ខ្លួនឯងចូលចិត្តធ្វើការជាមួយសហគមន៍»។
 

 
មានសម្បុរស្រអែមស្រស់ មុខមូលមានប្រជាប្រិយ លីដា តែងចូលរួមសកម្មភាពនានា ពេលបណ្ណាល័យមានកម្មវិធី។ នាងថាខ្លួនជាមនុស្ស ដែលមិនសូវចូលចិត្តនិយាយច្រើន មិនចូលចិត្តទំនាក់ទងជាមួយអ្នកដទៃ ជាពិសេសជាមនុស្សខ្លាចគេផងដែរ។ ប៉ុន្តែទទួល បានការជំរុញ និងណែនាំពីម្ចាស់បណ្ណាល័យសួនបញ្ញាច្រើនដង ធ្វើឱ្យនាងអាចជម្នះ      ចំណុចខ្សោយរបស់ខ្លួនបាន។ 
 
«កាលពីមុនខ្ញុំជាមនុស្សមិនចូលចិត្តនិយាយ ហើយក៏ជាមនុស្សមិនចូលចិត្ត ដើរចេញទៅ ក្រៅ​ជួបមនុស្សដែរ។ ពេលបានស្ម័គ្រចិត្តហើយ ក៏មិនសូវចេះនិយាយដែរ ប៉ុន្តែបងបញ្ញា (ស្ថាបនិកបណ្ណាល័យសួនបញ្ញា) គាត់តែងតែជំរុញ ឱ្យទំនាក់ទំនងជាមួយគេ ហើយឱ្យ មើលគំរូគាត់អ៊ីចឹងទៅ ខ្ញុំក្លាហានជាងមុន។ កាលពីមុនមិនហ៊ានទេ ជាមនុស្សដែលខ្លាចគេ ។ មានកម្មវិធីអី អត់ហ៊ានទៅទេ។ ប៉ុន្តែឥឡូវចេះទៅម្នាក់ឯង តាំងពីស្ម័គ្រចិត្តមក ដោយ សារខ្ញុំស្គាល់មនុស្សច្រើនហើយ បានជួបនិយាយគ្នា ស្ដាប់គេច្រើនទៅក៏ដឹង»។ នេះជាការបន្ថែមរបស់ លីដា។


សព្វថ្ងៃបើទោះបីជា​នាង​មមាញឹកនឹងការងារប្រចាំថ្ងៃរបស់ខ្លួនក៏ដោយ ​ក៏នាងនៅតែឆ្លៀតពេលខ្លះ ទៅជួយការងារក្នុងបណ្ណាល័យខាងលើដែរ។ ប៉ិច លីដា ក៏លើកទឹកចិត្តដល់សិស្សា​នុ​សិស្ស​ផ្សេងទៀត ឆ្លៀតពេលទំនេរចូលរួមការ​ងារស្ម័គ្រចិត្ត ព្រោះវាមិនត្រឹមតែជួយបង្កើនសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលវេលាដែលពួកគេ​ បាន​ស្វែងយល់ពីសង្គម​ ស្វែងរកខ្លួនឯង ​ទទួលយកបទពិសោធន៍ជីវិតថ្មីៗ និងមានឱកាសការងារខ្ពស់ផងដែរ។
 
«ពេលយើងរៀននៅវិទ្យាល័យល្អមែនទែន យើងអាចមកស្ម័គ្រចិត្ត យើងទទួលបានចំណេះដឹង ហើយយើងរៀន។ ជាពិសេសនៅតាមសហគមន៍យើង បើមានបណ្ណាល័យអី យើងមកអាន មកស្ម័គ្រចិត្ត មកជួយ យើងបានស្គាល់មនុស្សផ្សេងៗ ធ្វើឱ្យយើងមិនសូវខ្លាចគេ ពេលយើងចេញទៅក្រៅ។ ខ្ញុំសូមផ្ដាំទៅក្មេងជំនាន់ក្រោយ ពិសេសគាត់រៀននៅវិទ្យាល័យ យើងកុំគិតថាយើងរៀនតែមុខវិជ្ជានៅសាលា យើងអាចរៀនពីសង្គមខាងក្រៅ តាមរយៈយើងស្ម័គ្រចិត្ត ដើម្បីពង្រឹងសមត្ថភាពយើង តាមរយៈការទំនាក់ទំនង ហើយយើងទទួលបានចំណេះដឹងថ្មីៗ ក្រៅពីសាលា។ ពេលចូលដល់សកលវិទ្យាល័យ យើងអាចមានសមត្ថភាព ច្រើនជាងអ្នកដែលមិនបានស្ម័គ្រចិត្ត»៕


 

Tag:
 អំណាន
  អប់រំ
  ការសិក្សា
  ស្ម័គ្រចិត្ត
  បណ្ណាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com