ជាតិ
“ចូលឆ្នាំចិន ស្រវឹងខ្មែរ” ពិតមែន?
09, Feb 2024 , 11:29 am        
រូបភាព
ភ្នំពេញ៖ “ចូលឆ្នាំចិន ស្រវឹងខ្មែរ” ជាពាក្យលេងសើច? ឬជាពាក្យពិត? ពាក្យនេះគេនិយមនិយាយ ក្នុងអំឡុងពេលចូលឆ្នាំចិន។ គេថែមទាំងនិយាយទៀតថា ចូលឆ្នាំចិនស្រវឹងខ្មែរ ចូលឆ្នាំខ្មែរ ចិនប្រមូលប្រាក់។



ចូលឆ្នាំចិន នៅស្រុកខ្មែរ ហាងលក់ទំនិញធំៗ នៅរក្សាដំណើរការលក់ធម្មតា។ ចំណែកហាងតូចៗ បិទទ្វារ។ រីឯតូបលក់ទំនិញតាមផ្ទះ ទំនិញដែលលក់ដាច់ជាងគេ ក្នុងពេលចូលឆ្នាំចិន គឺស្រាបៀ។ អ្នកទិញខ្លះច្រកថង់ធំឬតូច តែខ្លះទៀត ទិញទាំងកេះតែម្ដង។ អ្នកខ្លះចូលឆ្នាំចិន៣ថ្ងៃ ពួកគេប្រជុំគ្នា ទទួលទានទឹកស្រវឹង រហូតដល់៥ថ្ងៃ។ អ្នកទទួលទានទាំងនោះ ពុំសូវឃើញជនជាតិចិនទេ តែច្រើនដោយជនជាតិខ្មែរ។
 
“ចូលឆ្នាំចិន ស្រវឹងខ្មែរ” ស្ដាប់ទៅដូចជាពាក្យលេងសើច ប៉ុន្តែវាជាពាក្យពិត។ នោះក៏ព្រោះតែរៀងរាល់ពេលចូលឆ្នាំចិន គេតែងឃើញ ប្រជាជនខ្មែរមួយចំនួន ទាំងមនុស្សចាស់ និងយុវជន យកឱកាសនេះ ជួបជុំគ្នាទទួលទានទឹកស្រវឹង។ រូបភាពនោះមានជាក្រុម ជាវង់ យ៉ាងអ៊ូអែ ទាំងនៅក្នុងរាជធានីភ្នំពេញ ទីក្រុងនានា ទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាលផង។ ហេតុអ្វី?
 
ពុំមានការស្រាវជ្រាវណាមួយ ដែលបានកំណត់មូលហេតុជាក់លាក់ ពីហេតុផលប្រជាជនខ្មែរ បែរជាចូលចិត្តទទួលទានទឹកស្រវឹង ក្នុងពេលពិធីបុណ្យចូលឆ្នាំជាតិគេ ឬបុណ្យទានឡើយ។ ប៉ុន្តែគេអាចសន្និដ្ឋានបានខ្លះៗ អំពីចរិតលក្ខណៈរបស់ខ្មែរមួយចំនួន។ 
 
ប្រជាជនខ្មែរមួយចំនួន ហាក់បង្ហាញឱ្យឃើញថា ការទទួលទានទឹកស្រវឹង ក្នុងពេលចូលឆ្នាំចិន គឺជារឿងទូទៅធម្មតា។ សកម្មភាពពួកគេមួយចំនួននេះ ទំនងជាពួកគេកំពុងគិតថា ការទទួលទានទឹកស្រវឹង គឺជារឿងអស្ចារ្យ ហើយអាចចូលចំណោមគេ ​និងធ្វើឱ្យជីវិតរបស់ពួកគេថ្លៃថ្នូរទៅវិញ។
 
តាមពិតទៅ មិនថាតែនៅក្នុងថ្ងៃចូលឆ្នាំចិនឡើយ សូម្បីថ្ងៃចូលឆ្នាំប្រពៃណីជាតិ ចូលឆ្នាំសកល ក្នុងពិធីមង្គលការ ពិធីបុណ្យសព ឬគ្រាន់តែជាការជួបជុំគ្នាតិចតួច ក៏មានគ្រឿងស្រវឹងដែរ។ អ្នកខ្លះជុំគ្នាទទួលទានទឹកស្រវឹង រៀងរាល់ល្ងាចតែម្ដង។
 
ប្រជាជនខ្មែរមួយចំនួន បា​នងប់នឹងការទទួលទានទឹកស្រវឹងបាត់ទៅហើយ។ ពួកគេ កំពុងខ្ជះខ្ជាយប្រាក់ និងសុខភាព ប្រសិនពួកគេមិនភ្ញាក់ស្មារតី៕

Tag:
 ទស្សនៈ
  ចូលឆ្នាំចិន
  ស្រាវ
  គ្រឿងស្រវឹង
  ខ្មែរ
  ចិន
 
© រក្សាសិទ្ធិដោយ thmeythmey.com