ជាតិ
ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ រៀបចំការប្រកួតសំណេរ ថ្ងៃមាឃបូជា លើកដំបូង
14, Feb 2024 , 2:11 pm        
រូបភាព
រូបពីហ្វេសប៊ុក ព្រះសមណសោភ័ណ ហៀង ប៊ុនធន វត្តរកាកោងក្រៅ
រូបពីហ្វេសប៊ុក ព្រះសមណសោភ័ណ ហៀង ប៊ុនធន វត្តរកាកោងក្រៅ
ភ្នំពេញ៖ បុណ្យមាឃបូជា ជាបុណ្យប្រពៃណី ក្នុងព្រះពុទ្ធសាសនាខ្មែរ ដែលបានប្រារព្ធ ជាយូរណាស់មកហើយ។ ឆ្នាំនេះក្រុមជំនុំទំនៀមទម្លាប់ នៃពុទ្ធសាសនបណ្ឌិត្យ នឹងរៀបចំការប្រកួតប្រជែង សរសេរអត្ថបទស្ដីពី ពិធីបុណ្យមាឃបូជា លើកដំបូង នៅឆ្នាំ២០២៤។



អ្នកស្រី ហ៊ុន ច័ន្ទសុជាតា ប្រធានការិយាល័យ ​ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃនាយកដ្ឋានពុទ្ធសាសនបណ្ឌិត្យ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណង៣ធំៗ គឺទី១ ដើម្បីលើកទឹកចិត្តឱ្យមានការស្រាវជ្រាវ និងចងក្រងឯកសារ ស្ដីពីការប្រារព្ធពិធីបុណ្យមាឃបូជា នៅតាមវត្តនីមួយៗ នៅកម្ពុជា។ ទី២ ដើម្បីរក្សាទុកឯកសារស្រាវជ្រាវទាំងនោះ ជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា សម្រាប់ក្មេងជំនាន់ក្រោយ។ និងទី៣ សម្រាប់អបអរពិធីបុណ្យមាឃបូជាផ្ទាល់តែម្ដង។
 
យ៉ាងណាក៏ដោយ អ្នកស្រី ច័ន្ទសុជាតា នៅពុំទាន់អាចបញ្ជាក់បាននៅឡើយថា ការប្រកួតសំណេរនេះ នឹងមាននៅឆ្នាំបន្តបន្ទាប់ទៀត ឬយ៉ាងណា។
 
«យើងចង់ដឹងថា តាមវត្តនីមួយៗ មានប្រពៃណី នៃការប្រារព្ធពិធីបុណ្យមាឃបូជា ខុសប្លែកគ្នាយ៉ាងណា​។ យើងមិនទាន់អាចដឹងច្បាស់ទេ ថាឆ្នាំក្រោយៗ យើងនឹងធ្វើទៀត ឬយ៉ាងណា អាស្រ័យតាមជាក់ស្ដែង។ ប៉ុន្តែប្រសិនមានការប្រកួត បែបនេះទៀត យើងនឹងប្រកាសជូនសាធារណជន ឱ្យបានដឹង»។ នេះជាការបញ្ជាក់បន្ថែម របស់ប្រធានការិយាល័យ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ។ 
 
សូមបញ្ជាក់ថា ការសរសេរអត្ថបទប្រកួតប្រជែងនេះ មិនឱ្យលើសពី៥ទំព័រ នៃក្រដាសA-4 ឡើយ។ ស្មេរអាចសរសេរដោយដៃ ឬវាយក្នុងកុំព្យូទ័រក៏បាន ដោយសរសេរជារបៀបតែងសេចក្ដី។ ស្មេរដែលចូលរួមប្រកួត ត្រូវចុះអង្កេតតាមវត្តអារាមដោយផ្ទាល់ ហើយត្រូវប្រាប់អាសយដ្ឋានវត្ត នោះឱ្យបានច្បាស់លាស់ (ភូមិ ឃុំ ស្រុក ខេត្ត-រាជធានី)។ 
 
តើពិធីបុណ្យនេះ វត្តប្រារព្ធប៉ុន្មានថ្ងៃ? ធ្វើកម្មវិធីអ្វីខ្លះ? មានថ្នាក់ដឹកនាំជាគ្រហស្ថ និងព្រះសង្ឃ និមន្ត អញ្ជើញចូលរួមប៉ុន្មានអង្គ-នាក់? តាជី យាយជីប៉ុន្មាននាក់? យុវជនចូលរួមឬទេ? តើមានសូត្រធម៌អ្វីខ្លះ? ទាំងនេះ ជាចំណុចសំខាន់ ដែលស្មេរត្រូវសរសេររៀបរាប់ តាមលំដាប់លំដោយ នៃកម្មវិធីនីមួយៗ រួមទាំងអក្ខរាវិរុទ្ធ ឱ្យបានត្រឹមត្រូវ។
 
ក្រុមជំនុំនឹងជ្រើសរើសយកអត្ថបទចំនួន០៣ ដើម្បីជូនរង្វាន់ជាថវិកា និងសៀវភៅ។ អត្ថបទល្អ នឹងត្រូវយកទៅបោះពុម្ពផ្សាយ។
 
បញ្ជាក់៖​ សូម​ដាក់ឈ្មោះ អាសយដ្ឋាន លេខទូរសព្ទ របស់អ្នកសរសេរឱ្យបានច្បាស់លាស់។ សូមផ្ញើមកក្រុមជំនុំទំនៀមទម្លាប់ នៃពុទ្ធសាសនបណ្ឌិត្យ ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ តាមរយៈតេឡេក្រាម ឬផ្ញើមកក្រុមជំនុំផ្ទាល់។ 
 
ក្រុមជំនុំមិនទទួលយកអត្ថបទ ក្រោយថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ឡើយ។ សូមទាក់ទងអ្នកស្រី ហ៊ុន ច័ន្ទសុជាតា លេខតេឡេក្រាម ០៩៣ ៤៨២ ២២៤។ អាសយដ្ឋានពុទ្ធសាសនបណ្ឌិត្យ អគារថ្មី ជាប់សួនច្បារសម្ដេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕  

Tag:
 សាសនា
  វប្បធម៌
  មាឃបូជា
  សំណេរ
 
© រក្សាសិទ្ធិដោយ thmeythmey.com