ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំ​រំលង​ឲ្យ​សោះ ! អាហារ​ទាំងនេះ​ជួយ​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ចៀស​ពី​ហានិភ័យ​ជំងឺ​បេះដូង
16, Feb 2024 , 10:59 pm        
រូបភាព
ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ជំងឺ​បេះដូង ជា​ជំងឺ​ដែល​មាន​ទំនាក់ទំនង​គ្នា ដែល​មាន​ន័យ​ថា បើ​កើត​ជំងឺ​ទឹកនោមផ្អែម នឹង​អាច​មាន​ហានិភ័យ​ទាក់ទង​នឹង​ជំងឺ​បេះដូង​ផង​ដែរ​។ យ៉ាងណាមិញ សកម្មភាព​ប្រចាំ​ថ្ងៃ រាប់​ទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ ជា​ពិសេស​របប​អាហារ​ល្អ​សម្រាប់​សុខភាព ជា​គន្លឹះ​សំខាន់​មួយ​ដែល​អាច​ចូលរួម​ចំណែក​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​។ អាហារ​ទាំងនោះ​មាន​ដូច​ជា​៖

 
ពពួក​សណ្តែកកួរ
ប្រភេទ​សណ្តែកកួរ មាន​ជាតិ​កាក​សរសៃ (Fiber)​ច្រើន ដែល​ជា​ប្រភព​ជីវជាតិ​ល្អ​សម្រាប់​បេះដូង ពិសេស​ជួយ​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​។ បន្ថែម​ពី​នោះ សណ្ដែក​ប្រភេទ​នេះ​ក៏​ផ្តល់​រសជាតិ​ឆ្ងាញ់​ច្រើន​បែប នៅ​ក្នុង​មុខម្ហូប​ផង​ដែរ​។
 
ផ្លែ​ឈើ​ស្រស់
ផ្លែ​ឈើ​ស្រស់​ៗ ជំនួស​ឱ្យ​ពពួក​ផ្លែ​ឈើ​វេច​ខ្ចប់​ក្នុង​កំប៉ុង ឬ​កញ្ចប់ ជា​ជម្រើស​ល្អ ដែល​អាច​ចៀស​ពី​ហានិភ័យ​ជំងឺ​ខាងលើ​ផង​ដែរ​។ ជម្រើស​ផ្លែ​ឈើ​ស្រស់​ទាំងនោះ មាន​ច្រើន​តាម​ចូល​ចិត្ត​ដែល​មាន ផ្លែ​ប៉ោម ទំពាំងបាយជូរ ឬ​សារី​ជាដើម​។
អាហារ​ពពួក​មាន​ខ្លាញ់​មិន​ឆ្អែត (Monounsaturated fats)
 
នេះ​ជា​ពពួក​អាហារ​ដែល​ជួយ​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ថេរ និង​កាត់​បន្ថយ​ហានិភ័យ​ការ​កើត​ជំងឺ​បេះដូង​។ អាហារ​ទាំងនោះ​មាននៅ​ក្នុង ត្រី និង​គ្រាប់សណ្តែក ហើយ​ក៏​មាន​សំបូរ​ក្នុង​ផ្លែ​ប៊ើ ផង​ដែរ​។
 
ត្រី
ប្រាកដ​ណាស់​ត្រី​ជា​ជម្រើស​ល្អ​បំផុត​ចំពោះ​សុខភាព ដោយសារ​សារធាតុ​អាស៊ីត​ខ្លាញ់ Omega-3 ល្អ​សម្រាប់​សុខភាព​បេះដូង​។ ហើយគ្នា​យើង​អាច​មាន​ជម្រើស​ជា​ច្រើន​ទៅ​លើ​សាច់​ត្រី ដូច​ជា​ត្រី​សាល់​ម៉ុ​ន ត្រី​ធូ​ណា ត្រី​Mackerel ឬ​ត្រី​សា​ឌី​ន​ជាដើម ដែល​សុទ្ធ​សឹង​ជា​ប្រភព​សារធាតុ Omega-3​។
 
ស៊ុត
ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន បង្ហាញ​ថា ស៊ុត កាលណា​ញ៉ាំ​ក្នុង​បរិមាណ​សម​ស្រប នឹង​ជួយ​ដល់​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​ជួយ​ជំរុញ​ប្រូតេអ៊ីន High-Density Lipoprotein ដែល​ជា​ប្រភេទ​កូ​លេស​ស្តេ​រ៉ូ​ល​ល្អ ជួយ​ដល់​សរសៃឈាម និង​បេះដូង​មាន​សុខភាព​ល្អ​។
 
បន្លែ​បៃតង
ពពួក​បន្លែ​បៃតង​ដូច​ជា ស្ពៃខៀវ ខាត់ណា​ខៀវ (Broccoli) សុទ្ធ​សឹង​ជា​ជម្រើស​ល្អ​សម្រាប់​ប្រភព​ជីវជាតិ​ការពារ​ពី​ធម្មជាតិ ជួយ​ទ្រទ្រង់​សុខភាព​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com