RFI
អន្តរជាតិ
លោកពូទីនប្រកាសឲ្យប្រើច្បាប់រឹបអូសទ្រព្យសម្បត្តិអ្នកដែលមួលបង្កាច់កងទ័ពរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន។ AFP
×
ដោយ៖កែវ ឆាយា /RFI ខេមរភាសា
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីនបានប្រកាសនៅថ្ងៃពុធ ទី១៤ កុម្ភៈឲ្យប្រើច្បាប់ស្តីពីការរឹបអូសលុយ និងទ្រព្យសម្បត្តិរបស់បុគ្គលណាដែលត្រូវទទួលស្គាល់ពីកំហុសបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំអំពីកងទ័ពរុស្ស៊ី ។ ច្បាប់នេះរំលេចឲ្យឃើញពីវិធានការបង្ក្រាបលើមនុស្សទាំងឡាយណាដែលហ៊ានរិះគន់ ទិតៀនប្រតិបត្តិការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងរយៈពេលជិត ២ឆ្នាំកន្លងទៅ។
ចាប់ពីអំណើះតទៅ រាល់ការរិះគន់ ទិតៀនចំពោះកងទ័ពរុស្ស៊ីដែលបានបើកប្រតិបត្តិការវាយសម្រុកចូលអ៊ុយក្រែនកាលពីជិត ២ ឆ្នាំមុនត្រូវបានក្រុងមូស្គូចាត់ទុកជាទង្វើខុសច្បាប់។ អត្ថបទថ្មីនៃច្បាប់នេះបានទទួលការបោះឆ្នោតគាំទ្រកាលពីចុងខែមករាដោយសភាឌូម៉ាដែលជាសភាជាន់ក្រោមនៃរដ្ឋសភារុស្ស៊ី និងការបោះឆ្នោតអនុម័តដោយព្រឹទ្ធសភានៅដើមខែកុម្ភៈនេះ។ បន្ទាប់មកក្នុងថ្ងៃពុធ ទី១៤ កុម្ភៈ និងគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ក្រិត្យដែលប្រកាសដាក់ឲ្យប្រើច្បាប់នេះត្រូវបានចុះហត្ថលេខាដោយដៃលោកប្រធានាធិបតីវ៉្លាឌីមៀរ ពូទីនផ្ទាល់។
អ្នកនាំពាក្យវិមានក្រេមឡាំងលោកឌីមីទ្រី ប៉េស្កូវបានថ្លែងអះអាងនៅពីមុខពួកអ្នកកាសែតថា ច្បាប់ថ្មីនេះអាចប្រៀបធៀបបានជាដាច់ខាតទៅនឹងច្បាប់ទាំងឡាយណាដែលចូលជាធរមានក្នុងសម័យសូវៀត។ « យើងនឹងមានឱកាសគ្រប់គ្រាន់សម្រាប់វាយតម្លៃលើការអនុវត្តច្បាប់នេះ។ យើងចាត់ទុកការព្រួយបារម្ភដែលលើកឡើងគ្មានសមហេតុផល និងគ្មានមូលដ្ឋានអ្វីជាសំអាង » នេះជាការបន្ថែមរបស់លោកប៉េស្កូវ។
គួរបញ្ជាក់ថា នៅក្នុងពិធីបង្ហាញអត្ថបទច្បាប់ទៅកាន់ក្រុមអ្នកតំណាងរាស្ត្រ ប្រធានសភាឌូម៉ាលោក Viatcheslav Volodine បានថ្លែងថា ច្បាប់នេះមានទិសដៅតម្រង់ទល់នឹងពួកជនថោកទាប និងថា ច្បាប់នេះអនុញ្ញាតឲ្យដាក់ទណ្ឌកម្មពួកក្បត់ដែលប្រព្រឹត្តអំពើប្រឆាំងនឹងប្រទេសជាតិខ្លួន។ អ្វីជាការកត់សម្គាល់ ច្បាប់នេះមិនសំដៅរឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលដែលត្រូវបានកាត់ទោសទេ តែអនុញ្ញាតឲ្យរឹបអូសយកលុយ និងមូលនិធិរបស់គេដែលប្រើ ឬទុកផ្គត់ផ្គង់ដល់សកម្មភាពឧក្រិដ្ឋ។
ទន្ទឹមគ្នានេះ អត្ថបទច្បាប់ក៏អនុញ្ញាតឲ្យតុលាការដកហូតរាល់គ្រឿងឥស្សរិយយសរបស់រដ្ឋពីបុគ្គលដែលត្រូវបានកាត់ទោសក្នុងបទក្លែងបន្លំព័ត៌មានអំពីកងទ័ពរុស្ស៊ីដែរ។ បទចោទប្រកាន់ក្នុងរឿងផ្សព្វផ្សាយព័ត៌មានក្លែងបន្លំអំពីកងទ័ពរុស្ស៊ីនេះអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ តាំងពីជិត ២ឆ្នាំកន្លងទៅ មានពលរដ្ឋរុស្ស៊ីសាមញ្ញជាច្រើនរយនាក់ត្រូវបានកាត់ទោសដោយយោងតាមមាត្រានេះនៃក្រមព្រហ្មទណ្ឌ៕
© រក្សាសិទ្ធិដោយ thmeythmey.com