RFI
អន្តរជាតិ
លោកពូទីនប្រកាសឲ្យប្រើច្បាប់រឹបអូសទ្រព្យសម្បត្តិអ្នកដែលមួលបង្កាច់កងទ័ពរុស្ស៊ី
15, Feb 2024 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន។ AFP
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន។ AFP
ដោយ៖កែវ ឆាយា /RFI ខេមរភាសា
 
ប្រធានាធិបតី​រុស្ស៊ី​លោក​វ៉្លាឌីមៀរ ពូទីន​បាន​ប្រកាស​នៅ​ថ្ងៃពុធ ទី១៤ កុម្ភៈ​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការ​រឹបអូស​លុយ និង​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ណា​ដែល​ត្រូវ​ទទួល​ស្គាល់​ពី​កំហុស​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​អំពី​កងទ័ពរុស្ស៊ី ។ ច្បាប់​នេះ​រំលេច​ឲ្យ​ឃើញ​ពី​វិធានការ​បង្ក្រាប​លើ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​រិះគន់ ទិតៀន​ប្រតិបត្តិការ​វាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្នុង​រយៈពេល​ជិត ២ឆ្នាំ​កន្លង​ទៅ។

 
ចាប់​ពី​អំណើះ​ត​ទៅ រាល់​ការ​រិះគន់ ទិតៀន​ចំពោះ​កងទ័ព​រុស្ស៊ី​ដែល​បាន​បើក​ប្រតិបត្តិការ​វាយសម្រុក​ចូល​អ៊ុយក្រែន​កាល​ពី​ជិត ២ ឆ្នាំ​មុន​ត្រូវ​បាន​ក្រុង​មូស្គូ​ចាត់​ទុក​ជា​ទង្វើ​ខុស​ច្បាប់។ អត្ថបទ​ថ្មី​នៃ​ច្បាប់​នេះ​បាន​ទទួល​ការ​បោះឆ្នោត​គាំទ្រ​កាល​ពី​ចុង​ខែ​មករា​ដោយ​សភាឌូម៉ា​ដែល​ជា​សភាជាន់ក្រោម​នៃ​រដ្ឋសភា​រុស្ស៊ី និង​ការ​បោះឆ្នោត​អនុម័ត​ដោយ​ព្រឹទ្ធសភា​នៅ​ដើម​ខែ​កុម្ភៈ​នេះ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ពុធ ទី១៤ កុម្ភៈ និង​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្រិត្យ​ដែល​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ដៃ​លោក​ប្រធានាធិបតី​វ៉្លាឌីមៀរ ពូទីន​ផ្ទាល់។
 
អ្នកនាំពាក្យ​វិមានក្រេមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​ថ្លែង​អះអាង​នៅ​ពី​មុខ​ពួក​អ្នកកាសែត​ថា ច្បាប់​ថ្មី​នេះ​អាច​ប្រៀបធៀប​បាន​ជា​ដាច់​ខាត​ទៅ​នឹង​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ចូល​ជា​ធរមាន​ក្នុង​សម័យ​សូវៀត។ « យើង​នឹង​មាន​ឱកាស​គ្រប់គ្រាន់​សម្រាប់​វាយតម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​នេះ។ យើង​ចាត់​ទុក​ការ​ព្រួយបារម្ភ​ដែល​លើក​ឡើង​គ្មាន​សមហេតុផល និង​គ្មាន​មូលដ្ឋាន​អ្វី​ជា​សំអាង » នេះ​ជា​ការ​បន្ថែម​របស់​លោក​ប៉េស្កូវ។
 
គួរ​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​បង្ហាញ​អត្ថបទ​ច្បាប់​ទៅ​កាន់​ក្រុម​អ្នកតំណាងរាស្ត្រ ប្រធាន​សភា​ឌូម៉ា​លោក Viatcheslav Volodine បាន​ថ្លែង​ថា ច្បាប់​នេះ​មាន​ទិសដៅ​តម្រង់​ទល់​នឹង​ពួក​ជនថោកទាប និង​ថា ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ដាក់​ទណ្ឌកម្ម​ពួក​ក្បត់​ដែល​ប្រព្រឹត្ត​អំពើ​ប្រឆាំង​នឹង​ប្រទេសជាតិ​ខ្លួន។ អ្វី​ជា​ការ​កត់សម្គាល់ ច្បាប់​នេះ​មិន​សំដៅ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​បុគ្គល​ដែល​ត្រូវ​បាន​កាត់ទោស​ទេ តែ​អនុញ្ញាត​ឲ្យ​រឹបអូស​យក​លុយ និង​មូលនិធិ​របស់​គេ​ដែល​ប្រើ ឬ​ទុក​ផ្គត់ផ្គង់​ដល់​សកម្មភាព​ឧក្រិដ្ឋ។
 
ទន្ទឹម​គ្នា​នេះ អត្ថបទ​ច្បាប់​ក៏​អនុញ្ញាត​ឲ្យ​តុលាការ​ដក​ហូត​រាល់​គ្រឿងឥស្សរិយយស​របស់​រដ្ឋ​ពី​បុគ្គល​ដែល​ត្រូវ​បាន​កាត់ទោស​ក្នុង​បទ​ក្លែងបន្លំ​ព័ត៌មាន​អំពី​កងទ័ព​រុស្ស៊ី​ដែរ។ បទចោទប្រកាន់​ក្នុង​រឿង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ​អំពី​កងទ័ព​រុស្ស៊ី​នេះ​អាច​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ឆ្នាំ។ តាំង​ពី​ជិត ២ឆ្នាំ​កន្លង​ទៅ មាន​ពលរដ្ឋ​រុស្ស៊ី​សាមញ្ញ​ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​កាត់ទោស​ដោយ​យោង​តាម​មាត្រា​នេះ​នៃ​ក្រមព្រហ្មទណ្ឌ៕

© រក្សាសិទ្ធិដោយ thmeythmey.com