អន្តរជាតិ
យុទ្ធនាការ​របស់​លោក Biden ចាប់ផ្តើម​ប្រើ​ TikTok ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ខាង​សន្តិសុខ​ក៏ដោយ
15, Feb 2024 , 3:29 pm        
រូបភាព
រូបភាពមួយបង្ហាញអ្នកសារព័ត៌មានបង្ហាញគណនី X របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden
រូបភាពមួយបង្ហាញអ្នកសារព័ត៌មានបង្ហាញគណនី X របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden
ដោយ: VOA
យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី២​របស់​លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃទី១២ ខែកុម្ភៈ កន្លង​ទៅ​នេះ បាន​ការពារ​គណនីបណ្តាញ​សង្គម​ទិកតុក (TikTok) ថ្មី​របស់​ខ្លួន​ថា វា​ជា​មធ្យោបាយ​សំខាន់​ក្នុង​ការ​ជំរុញ​ការទាក់ទាញ​របស់​ខ្លួន​ដល់​អ្នកបោះឆ្នោត​វ័យក្មេង ទោះបីជា​រដ្ឋបាល​របស់​លោក​បាន​បន្ត​លើកឡើង​អំពី​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ដែល​ថា ​តើ​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ពេញនិយម​នេះ​អាច​ចែក​រំលែក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ដែរ​ឬ​ទេ។



យុទ្ធនាការ​របស់​លោក​ Biden បាន​ចាប់ផ្តើម​ប្រើ TikTok នេះ ដោយ​បង្ហាញ​ពី​លោក​ប្រធានាធិបតី​ដែល​ត្រូវ​បាន​គេ​សាកសួរ​នៅ​ឯ​ការប្រកួត​ផ្តាច់ព្រ័ត្រ​កីឡា Football អាមេរិក Super Bowl កាលពី​ថ្ងៃ​ទី១១ ខែកុម្ភៈ ហើយ​មាន​រួមបញ្ចូល​នូវ​ទ្រឹស្ដី​ឃុបឃិត​ខាង​នយោបាយដែល​ផ្ដោត​លើ​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ គឺ​នាង Taylor Swift។
 
លោក Rob Flaherty អនុ​ប្រធាន​គ្រប់គ្រង​យុទ្ធនាការ​សម្រាប់​អាណត្តិ​ទី២​របស់​លោក Biden នេះ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​លើ TikTok របស់​លោក​ប្រធានាធិបតី​កាលពី​យប់មិញ ដោយ​មាន​ការ​មើល​ច្រើន​ជាង ៥ លានដង ហើយ​ចំនួន​នៃ​ការ​មើល​នឹង​កើន​ឡើង​ទៀត​នោះ គឺជា​ភស្តុតាង​វិជ្ជមាន​នៃ​ការប្តេជ្ញាចិត្ត និង​ភាពជោគជ័យ​របស់​យើង​ក្នុង​ការស្វែងរក​វិធី​ច្នៃប្រឌិត​ថ្មី ដើម្បី​ឈោង​ទៅ​ដល់​អ្នកបោះឆ្នោត​នៅ​ក្នុង​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ការវិវត្ត ការ​បែងចែក​ជា​ច្រើន និង​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​កាន់តែ​ខ្លាំងឡើង‍»។
 
ក៏ប៉ុន្តែ ទោះបីជា​យ៉ាងនេះ​ក៏ដោយ នៅឯ​សេតវិមាន អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​និយាយ​ថា៖ «នៅតែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ជាតិ​អំពី​ការប្រើប្រាស់ TikTok នៅ​លើ​ឧបករណ៍​របស់​រដ្ឋាភិបាល ហើយ​មិន​មាន​ការផ្លាស់ប្តូរ​ចំពោះ​គោលនយោបាយ​របស់​យើង​ដែល​មិន​អនុញ្ញាត​ឱ្យ​ប្រើ​នោះ​ទេ‍»។
 
លោក Kirby បាន​បង្វែរ​សំណួរ​ភាគច្រើន​អំពី​ការប្រើប្រាស់ TikTok ទៅកាន់​យុទ្ធនាការ របស់​លោក Biden ជា​អ្នកឆ្លើយ ហើយជៀសវាង​មិនឆ្លើយ​សំណួរ​ទូទៅមួយ​អំពី​ថា​តើ​ការ​ប្រើ​កម្មវិធី​នេះ ជា​រឿង​វៃឆ្លាត​ដែរ​ឬ​ទេ។ លោក​បាន​និយាយ​ថា បញ្ហា​សុវត្ថិភាព​ដែល​អាច​កើត​មាន​«គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បារម្ភ​អំពី​ការ​រក្សា​ទុក​ទិន្នន័យ និង​ការប្រើប្រាស់​ទិន្នន័យ​និង​ព័ត៌មាន​ឯកជនភាព​មិន​ត្រឹមត្រូវ​ដោយ​ជន​បរទេស‍»។
 
ទាំង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI និង ​គណៈកម្មការ​គមនាគមន៍​សហព័ន្ធ​បាន​ព្រមាន​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ByteDance ដែល​ជា​ម្ចាស់ TikTok អាច​ចែករំលែក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ដូចជា​ប្រវត្តិ​រុករក ទីតាំង និង​អត្តសញ្ញាណ​ជីវមាត្រ (biometrics) ជាមួយ​រដ្ឋាភិបាល​ផ្តាច់ការ​របស់​ប្រទេស​នោះ។ នៅក្នុង​ឆ្នាំ២០២២ លោក Biden បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ហាមឃាត់​បុគ្គលិក​ជិត​៤ លាន​នាក់​របស់​រដ្ឋាភិបាល​សហព័ន្ធ​មិន​ឱ្យ​ប្រើប្រាស់ TikTok នៅ​លើ​ឧបករណ៍​ដែល​គ្រប់គ្រង​ដោយ​ភ្នាក់ងារ​របស់​ខ្លួន ដោយ​មាន​ការលើកលែង​មាន​កំណត់​សម្រាប់​ការអនុវត្ត​ច្បាប់ ក្នុង​គោលបំណង​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ និង​សន្តិសុខ​ជាតិ។
 
ដោយឡែក គណៈកម្មាធិការ​សម្ងាត់ និង​ដ៏​មាន​ឥទ្ធិពល​លើ​ការវិនិយោគ​បរទេស​នៅ​សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​ពិនិត្យ​មើល TikTok នេះ​អស់​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​ដែល​ព្យាយាម​មិន​បាន​ជោគជ័យ​ក្នុង​ការ​បង្ខំ​ឱ្យ​ម្ចាស់ TikTok ដក​ខ្លួន​ចេញពី​ក្រុមហ៊ុន​មេ​របស់​ខ្លួន។ សេតវិមាន​បាន​និយាយ​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ថា ការ​ត្រួត​ពិនិត្យ​ឡើងវិញនេះ​កំពុង​បន្ត​ធ្វើ។
 
ដោយ​មាន​អ្នកប្រើប្រាស់​ចំនួន​១៥០​លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក TikTok ត្រូវបាន​គេ​ស្គាល់​ថា​ជា​វីដេអូ​ខ្លីៗ​ដែល​បង្ហាញ​ពី​ក្បាច់​រាំ​ដែល​មាន​ប្រជាប្រិយភាព។ ក៏ប៉ុន្តែ លោក Josh Hawley សមាជិក​ព្រឹទ្ធសភា​តំណាង​រដ្ឋ Missouri ខាង​គណបក្ស​សាធារណរដ្ឋ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម X ថា យុទ្ធនាការ​របស់​លោក Biden គឺ​«អួត​អំពី​ការប្រើប្រាស់​កម្មវិធី​ app ចារកម្ម​របស់​ចិន ទោះបីជា​លោក Biden ខ្លួនឯង​ បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​វា​នៅ​លើ​ឧបករណ៍​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទាំងអស់​ក៏​ដោយ‍»។
 
យុទ្ធនាការ​របស់​លោក Biden បាន​និយាយ​ថា ខ្លួន​បាន​គិតគូរ​ចង់​បង្កើត​គណនី TikTok ជាច្រើន​ខែ​មក​ហើយ ហើយ​ទីបំផុត​ក៏​បាន​បង្កើត​វា​ឡើង​តាម​ការជំរុញ​របស់​សកម្មជន​ដែល​ជា​យុវជន និង​អង្គការ​នានា ដែល​បាន​អះអាង​ថា កម្មវិធី​នេះ គឺជា​គន្លឹះ​ក្នុង​កា​រឈោង​ទៅ​ដល់​អ្នកបោះឆ្នោត​វ័យ​ក្មេង។
 
យុទ្ធនាការ​របស់​លោក Biden បាន​និយាយ​ថា ខ្លួន​កំពុង​ប្រើប្រាស់​ទូរសព្ទដៃ​ដាច់​ដោយ​ឡែក​មួយ​ដើម្បី​ប្រើ TikTok ដើម្បី​មិន​ឱ្យ​វា​ពាក់ព័ន្ធ​នឹង​ការងារ និង​ទំនាក់​ទំនង​ផ្សេង​ទៀត រួមទាំង​អ៊ីមែល​ផងដែរ។ យុទ្ធនាការ​នេះ​បាន​និយាយ​ទៀត​ថា ខ្លួន​បានចាត់​វិធានការ​បន្ថែម ប៉ុន្តែ​បដិសេធ​មិន​បញ្ចេញ​ឱ្យ​ដឹង​ពី​វិធានការ​ទាំង​នោះ ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ។
 
អ្នកនាំ​ពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre និយាយ​ថា អ្នកស្រី​មិន​បាន​ទាក់ទង​ជាមួយ​យុទ្ធនាការ​នេះ​ទេ ហើយ​មិនមាន​ការ​ប្រាប់​ឱ្យ​ដឹង​ជាមុន​ថា គណនី TikTok របស់​យុទ្ធនាការ​របស់​លោក Bidenនឹង​ចាប់ផ្តើម​ដំណើរការ​នោះ​ទេ៕
 
ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

© រក្សាសិទ្ធិដោយ thmeythmey.com