ជាតិ
ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញត្រូវបានបញ្ចប់តំណែង ហើយអ្នកស្រី ណម ណារីម គ្រប់​គ្រងប​ណ្តោះអា​សន្ន
15, Feb 2024 , 3:59 pm        
រូបភាព
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)
ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាន សម្រេច​ឱ្យ អ្នកស្រី ណម ណារីម អនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព ទទួលខុសត្រូវរួម​នៅ​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ​​​បណ្ដោះអាសន្ន ជំនួសប្រធានមន្ទីរចាស់​ដែលត្រូវបានបញ្ចប់តំណែង។នេះបើតាមសេចក្តី សម្រេច ចុះថ្ងៃទី៩ ខែកុម្ភៈ។


លោកស្រី ភឿង សកុណា បានបញ្ជាក់នៅក្នុងសេចក្តីសម្រេចដដែលនេះដូច្នេះ៖ «ប្រគល់ភារកិច្ចជូនអ្នកស្រី ណម ណារីម អនុប្រធាននាយកដ្ឋាន សិល្បៈទស្សនីយភាព ឱ្យទទួលខុសត្រូវរួម នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ជំនួសលោក ជុំ វុឌ្ឍី ដែលត្រូវបានបញ្ចប់មុខតំណែង រហូតដល់មានចំណាត់ការថ្មី»។
 
ជុំវិញការបញ្ចប់តំណែងប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ  លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា ការផ្លាស់ប្ដូរតួនាទី ឬមុខតំណែង នៃអ្នកទទួលខុសត្រូវផ្នែកណាមួយ គឺ​ជាផ្នែក​នៃការគ្រប់គ្រង និងចាត់ចែង ការងារបច្ចេកទេស របស់ក្រសួង។  «ការតែងតាំងថ្មី មានការត្រួតពិនិត្យ និងឯកភាព ទាំងក្រសួង និងថ្នាក់ក្រោមជាតិ ដើម្បី បន្តនិរន្តរភាព និងប្រសិទ្ធភាពស្ថាប័ន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុំ ម៉ាប់។
 
យ៉ាងណាក៏ដោយ លោក ស៊ុំ ម៉ាប់ មិន​បញ្ជាក់បន្ថែម ពីមូលហេតុនៃការបញ្ចប់មុខតំណែង​លោក ជុំ វុឌ្ឍី ឡើយ៕
 
 

Tag:
 វប្បធម៌
  ក្រសួងវប្បធម៌
  តំណែង​
© រក្សាសិទ្ធិដោយ thmeythmey.com