ជាតិ
សម្ដេច ហ៊ុន សែន ទៅសួរសុខទុក្ខ ព្រះរាជសុខភាព សម្ដេច ទេព វង្ស នៅកាល់ម៉ែត
17, Feb 2024 , 12:00 pm        
រូបភាព
រូបពីហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក
រូបពីហ្វេសប៊ុក លេខាធិការដ្ឋានគណៈសង្ឃនាយក
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន និងសម្ដេច ប៊ុនរ៉ានី ហ៊ុន សែន រួមទាំងលោកហ៊ុន ម៉ានី និងភរិយា បានទៅសួរសុខទុក្ខ ពីព្រះរាជសុខភាព របស់សម្ដេច ទេព វង្ស នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ។

សម្ដេច ទេព វង្ស បានគង់ព្យាបាលព្រះរោគក្នុងមន្ទីរពេទ្យអស់រយៈពេលជាង១ខែមកហើយ។ រហូតមកដល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងតាមដានព្រះរាជសុខភាពរបស់ព្រះអង្គ​។ បើតាមសម្ដេច យ៉ន សេងយៀត បច្ចុប្បន្នសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា មានព្រះជន្ម៩៤ព្រះវស្សា។
 
សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤ សម្ដេចព្រះមហាអរិយវង្ស យ៉ន សេងយៀត  អនុប្រធានលេខាធិការដ្ឋានគណសង្ឃនាយក ធ្លាប់បានមានព្រះថេរដីការប្រាប់​សារព័ត៌មាន​ឌីជីថលថ្មីៗថា សម្ដេចព្រះអគ្គ​មហាសង្ឃរាជ ទេព វង្ស ពុំមានព្រះរោគអ្វីផ្សេង ក្រៅពីភាពជរារបស់ព្រះអង្គឡើយ។ 
 
ព្រះអង្គ សេងយៀត បន្ថែមថា សម្ដេច ទេព វង្ស មានព្រះកាយពលខ្សោយ ក្រោយពីព្រះអង្គពុំអាចសោយចង្ហាន់បាន ដោយទ្រង់សោយបានតែទឹកបន្តិចបន្តួច។ ទោះជាយ៉ាងណា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ យ៉ន សេងយៀត អះអាងថា សម្ដេច ទេព វង្ស នៅមានព្រះស្មារតីចងចាំល្អ៕
 

Tag:
 សាសនា
  ព្រះពុទ្ធ
  ព្រះរាជសុខភាព
  សម្ដេច
  ពេទ្យ
 
© រក្សាសិទ្ធិដោយ thmeythmey.com