ជាតិ
ក្រុមអ្នកជួសជុលរីករាយ ក្រោយប្រាសាទព្រហ្មកិល ងើបឈរឡើងវិញ លោក សេង ស៊ន់ កំពុងដាប់ឆ្លាក់ថ្មនៅប្រាសាទតាព្រហ្មកិល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
× សៀមរាប៖ ក្រុមកម្មករជួសជុលប្រាសាទ បង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យសម័យព្រះបាទជ័យវរ្ម័នទី៧ ជួសជុលរួចជាស្ថាពរ។
លោក សេង ស៊ន់ អាយុ៦៩ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ជាកម្មករជួសជុលប្រាសាទតាព្រហ្ម បានបង្ហាញក្ដីរីករាយជាខ្លាំងក្រោយប្រាសាទនេះ ងើបឈរឡើងវិញ។ លោក ស៊ន់ រំឭកថា ពេលចូលមកដំបូង ប្រាសាទនេះទ្រុឌទ្រោម និងឈរបានដោយសារការទល់ទ្រ ហើយថ្មភាគច្រើនរលុះធ្លាក់មកក្រោម។
ប្រាសាទតាព្រហ្មកិល។ រូបភាពពីអាជ្ញាធរជាតិអប្សរា
មានតួនាទីជាអ្នកដាប់ឆ្លាក់ថ្ម លោកតា សេង ស៊ន់ ស្រឡាញ់ការងារនេះណាស់។ លោកបំពេញការងារនេះដោយមិនខ្លាចនឿយហត់ឡើយ និងចង់មកឃើញប្រាសាទជានិច្ច។ ទោះមានវ័យចាស់ហើយក៏ពិតមែន តែលោកតា ស៊ន់ នៅតែចង់ចូលរួមជួសជុលប្រាសាទ និងរីករាយក្រោយស្នាដៃខ្លួនជួសជុល លេចជារូបរាងឈររឹងមាំឡើងវិញ ដែលជាមរតកតទៅ អ្នកជំនាន់ក្រោយឱ្យបានឃើញបន្តទៀត។
ចំណែកលោក ឡៃ ឡន វ័យ៦០ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក៏ជាកម្មករជំនាញជួសជុល ប្រាសាទច្រើនឆ្នាំមកហើយដែរ។ លោក ឡន មានមោទកភាពដែលរួមចំណែកជួយឱ្យ ប្រាសាទតាព្រហ្មកិលមានរូបរាងឈររឹងមាំឡើងវិញ។ ក្នុងនាមអ្នករស់នៅតំបន់អង្គរមួយរូប លោក ឡន យល់ថាខ្លួនឯងមានតម្លៃខ្លាំងណាស់តាមរយៈជាកម្មករជំនាញជួសជុលប្រាសាទ ដែលមិនមានមនុស្សច្រើនទេចេះ ដូចជាដាប់ថ្ម និងឆ្លាក់ជាដើម។
ជាមួយការងើបឈរឡើងវិញនៃប្រាសាទតាព្រហ្មកិលដែលស្ថិតនៅខាងមុខឈៀងជើងប្រាសាទ អង្គរវត្តនេះ ទាំងលោក សេង ស៊ន់ និងលោក ឡៃ ឡន រំពឹងថា ភ្ញៀវទេសចរនឹងចូលមកទស្សនា ប្រាសាទដ៏ច្រឡឹង និងមានតម្លៃមួយនេះ។ លោកទាំងពីរក៏ចង់ឃើញប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សា និងបន្តអភិរក្សប្រាសាទបុរាណខ្មែរឱ្យបានគង់វង្សជានិរន្តរ ផងដែរ។
គួររំឭកថា ប្រាសាទតាព្រហ្មកិលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប្រាសាទនេះ ទទួលបានការរៀបចំ និងជួសជុលឡើងវិញនៅឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៣៕
Tag:
ពាក្យគន្លឹះ៖ ប្រាសាទព្រហ្មកិល
© រក្សាសិទ្ធិដោយ thmeythmey.com