ជាតិ
រទេះធ្វើពីឈើ និងឡានធ្វើពីដែក តែលោក លី ធ្វើឡានពីឈើគ្រញូងប្រើប្រាស់ប្រចាំថ្ងៃ
× ភ្នំពេញ ៖ លោក មុយ លី បានធ្វើរថយន្ដមួយគ្រឿងទៀតហើយអំពីឈើ។ ឆ្នាំ២០២៣កន្លងមក លោកបានប្រើរយៈពេល៧ខែ កែច្នៃឡានបុរាណ១គ្រឿង គឺរថយន្ដម៉ាក MITSUBISHI JEEP ប្រភេទ J ម៉ូឌែល 27 ផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ លោកបានគូរប្លង់ ហើយជួលជាងឡានបិទឈើលើរថយន្ដ។
លោក លី បានទិញឈើប្រណីត ដូចជាគ្រញូង នាងនួន និងនាងម៉ៅ ៧០០គីឡូក្រាម។ ឡានសម្រាប់យោធាវិញ លោកបានទិញវា នៅបន្ទាយក្រុងតាខ្មៅ ខេត្តកណ្ដាល។ មិនមែនជារថយន្ដកែច្នៃ ដោយផ្គុំគ្រឿងពីប្រភពផ្សេងៗទេ។ សរុបទាំងអស់ ឡានឈើនេះមានតម្លៃថ្លៃដូចរថយន្ដថ្មីតែម្ដង ! វាមានទម្ងន់ ២តោន ដែលធ្វើឱ្យស៊ីប្រេងសាំងច្រើន។
លោក លី អះអាងថា ៖ « ឥឡូវនេះ បើមានគេទិញ ៥ខែ ខ្ញុំអាចធ្វើបាន។» វាប្រសើរជាងរថយន្ដឈើដំបូង ដែលគាត់បានធ្វើ២០ឆ្នាំមុន។ កាលនោះ លោក លី បានប្រើរយៈពេល៣ឆ្នាំដើម្បីធ្វើរថយន្តឈើមួយគ្រឿង។
រថយន្ដបុរាណយោធា M151 ម៉ូឌែល A2 ពីឆ្នាំ១៩៦៨ លោកបានជំនួសទាំងទ្រង់ទ្រាយ ទាំងកៅអី ទាំងឧបករណ៍ ទាំងដែកកាង ដោយឈើគ្រញូងវិញ។ គ្រឿងបង្គុំ ដែលដូចរថយន្ត M151 A2 ដើម មានពីប៉ែល និងសោ ដល់់ធុងសាំងបន្ថែម។
លើសពីគ្រាន់តែដាក់ឈើធម្មតា លោក លី បានឆ្លាក់ឈើតែម្ដង ពីព្រោះកាលពីពេលកំពុងច្នៃប្រឌិត តាំងពីឆ្នាំ២០០៣ រហូតដល់់ឆ្នាំ២០០៨ នាយកក្រុមហ៊ុនថ្មដានេះ ចង់ធ្វើឡាននេះឱ្យបានដូចក្ដីស្រមៃរបស់គាត់ ដោយគិតគ្រប់ផ្នែកទាំងអស់យ៉ាងលម្អិត។ នៅវ័យ៥២ឆ្នាំ លោក លី ប្រើឡានដ៏ប្លែករបស់គាត់នេះ ជាប្រចាំ។
សូមរំលឹកថា កាលពីដើមប្រវត្តិឧស្សាហកម្មរថយន្ដ គេធ្វើឡានពីឈើ ពីព្រោះសម័យនោះ គេគ្រាន់តែយកគំរូពីរទេះសេះ។ ដើមសតវត្សរ៍ទី២០ គ្រប់ក្រុមហ៊ុនរថយន្ដ ផ្តើមប្រើលោហៈធាតុច្រើនទៅៗ និងមកដល់ទសវត្សរ៍១៩៧០ គេប្រើជ័រច្រើនវិញ។
មនុស្សមិនច្រើនទេ ដែលស្រឡាញ់ និងពេញចិត្តរបស់ចាស់ៗ។ យានយន្ដបុរាណមួយចំនួនធំ ដែលមានវត្តមាននៅកម្ពុជា ត្រូវបានកែច្នៃតាមភាពទាន់សម័យ។ ឡានពីដើមនេះស្រដៀង JEEP CJ ពីព្រោះក្រុមហ៊ុន MITSUBISHI បានសហការជាមួយក្រុមហ៊ុនអាម៉េរិកាំង JEEP ដើម្បីប្រឌិតរថយន្ដប្រភេទ J ។ MITSUBISHI បានផលិតវាពីឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ១៩៨៣។ ក្រៅពីម៉ូឌែលទ្វារ៣ និងទ្វារ៥ MITSUBISHI ក៏មានម៉ូឌែលដំបូលក្រណាត់ និងដំបូលដែក។ ឆ្នាំ១៩៨៣ MITSUBISHI មកផលិតប្រភេទ Pajero ជំនួសប្រភេទ J វិញ។ MITSUBISHI ត្រូវបានបង្កើតឡើងឆ្នាំ១៨៧០ នៅប្រទេសជប៉ុន។ វាចាប់ផ្ដើមផលិតរថយន្ដនាឆ្នាំ១៩១៧៕
Tag:
(នាយយ៉ានតាមដងផ្លូវ
ឡានឈើ)
© រក្សាសិទ្ធិដោយ thmeythmey.com