ជាតិ
ឱកាសល្អ សម្រាប់ប្អូនៗចូលរួមប្រកួត «សរសេរសំបុត្រថ្នាក់ជាតិ»
18, Feb 2024 , 8:00 am        
រូបភាព
ភ្នំពេញ៖ ជាឱកាសល្អ សម្រាប់សិស្សានុសិស្ស ដែលមានសញ្ជាតិខ្មែរ អាយុពី៩ដល់១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤) អាចប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ ដើម្បីទទួលបានរង្វាន់ជាទឹកប្រាក់ សម្ភារមួយចំនួន។ ជាពិសេសសិស្សានុសិស្ស អាចមានឱកាស តំណាងកម្ពុជា ទៅប្រកួតបន្តនៅថ្នាក់អន្តរជាតិបានទៀត ផង។

កម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៤ លើប្រធានបទ «រយៈពេល ១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកល បានបម្រើមនុស្សជុំវិញពិភពលោក ជាង៨ជំនាន់។ ចាប់តាំងពីពេលនោះមក ពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ ចូរសរសេរសំបុត្រ ទៅមនុស្សជំនាន់ក្រោយ អំពីពិភពលោក ដែលអ្នកសង្ឃឹមថា ពួកគេទទួលបានមរតក »។
 
ការប្រកួតនេះ ត្រូវសរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី៤ទំព័រ) ឬជាភាសាអង់គ្លេស (មិនលើសពី២ទំព័រ)។ បេក្ខជន អាចផ្ញើពាក្យចុះឈ្មោះ ចូលរួមប្រកួត និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជា ដោយឥតគិតថ្លៃ ឬសេវាបញ្ញើឆាប់រហ័ស ឯកជនណាមួយ មកអាសយដ្ឋាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រៃសណីយ៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ព្រះចក រាជធានីភ្នំពេញ។ 
 


ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា៖ «បេក្ខជនត្រូវសរសេរសំបុត្រ ដោយខ្លួនឯងផ្ទាល់។ សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិត ដែលលួចចម្លងទាំងស្រុង ឬដោយផ្នែក ពីអត្ថបទផ្សេងៗ ពុំត្រូវបានវាយតម្លៃឡើយ»។ 
ការជ្រើសរើស នឹងត្រូវធ្វើជា២ដំណាក់កាល ដោយដំណាក់កាលទី១ អត្ថបទដែលចូលរួមទាំងអស់ នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើខ្លឹមសារត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត។ បើតាមក្រសួង នៅដំណាក់កាលទី២ ជយលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេ ចំនួន១០រូប នឹងត្រូវឆ្លងកាត់ការសម្ភាស ដើម្បីជ្រើសរើសជយលាភីលេខ១ ដល់លេខ៣។ 
 
« បេក្ខជនជយលាភី នឹងត្រូវជ្រើសរើសបន្ត ឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែង កម្រិតអន្តរជាតិ ដែលរៀបចំដោយ សហភាពប្រៃសណីយ៍សកល (Universal Postal Union)»។ នេះជាការអះអាងរបស់ក្រសួងប្រៃសណីយ៍។ 
 
ជយលាភីលេខ១ ទទួលបានទឹកប្រាក់ ៣លានរៀល មេដាយ១ កាបូប១ និងសៀវភៅតែមប្រី១ឈុត។ ជយលាភីលេខ២ ទទួលបានទឹកប្រាក់ ២លានរៀល មេដាយ១ កាបូប១ និងសៀវភៅតែមប្រី១ឈុត។ និងជយលាភីលេខ៣ ទទួលបានទឹកប្រាក់ ១លានរៀន មេដាយ១ កាបូប១ និងសៀវភៅតែមប្រី១ឈុត។
ផុតកំណត់ត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខទូរសព្ទ ០១០ ២៦៥ ៧០០ និង ០៩៩ ៧៧២ ០១៩៕

Tag:
 អក្សរសាស្ត្រ
  ប្រកួត
  សំបុត្រ
 
© រក្សាសិទ្ធិដោយ thmeythmey.com