ជាតិ
សេដ្ឋកិច្ច
កម្ពុជា សម្រេចការនាំចេញបានជិត២០០០លានដុល្លារ កើន២៧ភាគរយ ​នាខែមករា​
19, Feb 2024 , 10:32 am        
រូបភាព
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកនាំចេញ-នាំចូលទំនិញ ធំជាងគេរបស់កម្ពុជា។​
រូបតំណាង៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកនាំចេញ-នាំចូលទំនិញ ធំជាងគេរបស់កម្ពុជា។​
នាខែ​មករា ​ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា​ គឺសម្រេចបានក្នុងទំហំទឹកប្រាក់ ១ ៩៦៧​លានដុល្លារ។ ទំហំនេះ​កើនដល់២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។

 
ស្ថិតិពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងចំណោមទីផ្សារធំៗទាំង២០របស់កម្ពុជាក្នុងពិភលោក  គឺអាម៉េរិក ជាទីផ្សារលំដាប់ទី១។ ទំនិញដែលកម្ពុជានាំទៅប្រទសមហាអំណាចនេះ នៅក្នុងខែមករា គឺមានប្រមាណ៦២៦លានដុល្លារ កើន១១,៤ភាគរយ។
 
ចំពោះ​ការនាំចេញរបស់កម្ពុជាទៅវៀតណាម កើនរហូតដល់ជាង១១៦,៦ភាគរយ ដែលមានទំហំទឹកប្រាក់ ៣៧៣លានដុល្លារ ខណៈនាំចេញទៅប្រទេសចិនសម្រេចបាន១២១លានដុល្លារ​ កើន៥០ភាគរយ សម្រាប់ខែដំបូង ឆ្នាំ២០២៤។
 
ជាមួយគ្នានេះ​ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនដែលជាទីផ្សារធំលំដាប់ទី៤​ សម្រេចបានជិត១១៧លានដុល្លារ កើន១១,៨ភាគរយ ផងដែរ។ ក៏ប៉ុន្តែ ការនាំចេញទៅប្រទេសថៃ បែរជាធ្លាក់ចុះ២,៧ភាគរយ ដែលមានទំហំ១០៤លានដុល្លារ។
 
ស្ថិតិពាណិជ្ជកម្មនាំចេញដដែលពីអគ្គនាយកដ្ឋាគយ បានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូក្នុងពិភពលោកបានប្រមាណ៤០០០លានដុល្លារ។ ក្នុងនោះមានការនាំចូល មាន២ ០៩០លានដុល្លារ។  
 
កាលឆ្នាំ២០២៣ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​បាន៤៦ ៨២៨លានដុល្លារ ដោយក្នុងនោះការនាំចេញមាន២២ ៦៤៤លានដុល្លារ។ រីឯនាំចូលវិញ មាន២៤ ១៨៣លានដុល្លារ៕ 

Tag:
 ពាណិជ្ជកម្ម
  នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com