ជាតិ
សេដ្ឋកិច្ច
ARDB ត្រៀមផ្តល់កម្ចី៣០លានដុល្លារ លើការប្រមូលទិញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះ
20, Feb 2024 , 10:15 am        
រូបភាព
រូបតំណាង៖ កសិករនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ កំពុងលាងគ្រាប់ស្វាយចន្ទី
រូបតំណាង៖ កសិករនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ កំពុងលាងគ្រាប់ស្វាយចន្ទី
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​ ត្រៀមផ្តល់កម្ចី៣០លានដុល្លារ ​​លើការប្រមូលទិញគ្រាប់ស្វាយចន្ទី ​សម្រាប់រដូវកាលឆ្នាំ២០២៤។ បើតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ថវិកានេះ ធ្វើឡើងក្នុងគោលដៅលើកស្ទួយខ្សែច្រវាក់កែច្នៃស្វាយចន្ទីស្រុក ​ដើម្បីកាត់បន្ថយការនាំចេញគ្រាប់ចន្ទីស្រស់ទៅបរទេស។

 
ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ រដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ ​និងធនាគារសហគ្រាសធុនតូច និងមធ្យម(SME Bank) បានបញ្ចេញទុនជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍វិស័យដ៏មានសក្តានុពលនេះ។

ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ នាថ្ងៃទី១៩កុម្ភៈ លោក ផាន់ ផល្លា បានបញ្ជាក់ថា​ បច្ចុប្បន្នធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានត្រៀមកញ្ចប់ថវិកាប្រមាណ៣០លានដុល្លារទៀត​ សម្រាប់ផ្តល់កម្ចីលើការប្រមូលទិញគ្រាប់ស្វាយចន្ទី ក្នុងឆ្នាំ២០២៤។ 
 
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បាននិយាយយ៉ាងដូច្នេះ៖ « កន្លងមក ARDB បានផ្តល់កម្ចីប្រមាណ៣០លានដុល្លារ សម្រាប់វិស័យស្វាយចន្ទី ហើយក៏បានត្រៀម (ផ្តល់កម្ចី) ៣០លានដុល្លារទៀត លើការប្រមូលទិញស្វាយចន្ទីនៅក្នុងរដូវកាលនេះ»។​
 
ដោយឡែក ធនាគារសហគ្រាសធុនតូច និងមធ្យម  ក៏ទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលប្រមាណ១០០លានដុល្លារ សម្រាប់ផ្តល់ទៅឱ្យសហគ្រាសធនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី ព្រមទាំងជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា ឲ្យរីកចម្រើនដែរ។​ 
 
លោក ផល្លា បន្ថែម៖«សម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យម គឺយើងចាប់ពីកែច្នៃចន្ទីឡើងទៅ ហើយយើងអនុញ្ញាតឱ្យអ្នកដែលមានបំណងចង់បង្កើតសិប្បកម្ម ឬសហគ្រាសកែច្នៃស្វាយចន្ទីនេះ អាចយកសុំកម្ចីបានពីធនាគារសហគ្រាសធុនតូច និងមធ្យម»។ 
 
ហិរញ្ញប្បទានដែលផ្ដល់ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម មានអត្រាការប្រាក់ត្រឹម៥,៥ភាគរយក្នុងមួយឆ្នាំ ឬស្មើ ០,៤១ ភាគរយក្នុងមួយខែប៉ុណ្ណោះ។​
 
គួររំលឹកថា​ កាលឆ្នាំ២០២៣ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ៦៥ម៉ឺនតោន។ ក្នុងចំណោមនោះមានគ្រាប់ស្វាយចន្ទី៦១,៨ម៉ឺនតោន ត្រូវបាននាំចេញ ហើយជាង៩០ភាគរយ គឺជាគ្រាប់ចន្ទីស្រស់៕ 

Tag:
 កសិកម្ម
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com