អន្តរជាតិ
កូរ៉េខាង​ត្បូង​៖ ​ពេទ្យ​កម្មសិក្សា​នាំ​គ្នា​ឈប់ធ្វើការ ​ប្រឆាំងនឹងការដំឡើង​ចំនួន​និស្សិត​​ពេទ្យ
24, Feb 2024 , 8:29 am        
រូបភាព
​ពេទ្យ​កម្មសិក្សា​នាំ​គ្នា​ឈប់ធ្វើការ ​ប្រឆាំងនឹងកំណែទម្រង់​ដំឡើង​ចំនួន​និស្សិត​​ពេទ្យ AP - Chun Jung-in
​ពេទ្យ​កម្មសិក្សា​នាំ​គ្នា​ឈប់ធ្វើការ ​ប្រឆាំងនឹងកំណែទម្រង់​ដំឡើង​ចំនួន​និស្សិត​​ពេទ្យ AP - Chun Jung-in
ដោយ៖អៀង សុខម៉ិញ/RFI
មន្ទីរពេទ្យ​កំពុង​រអាក់រអួល​យ៉ាង​ខ្លាំង ដោយ​ក្រុម​គ្រូពេទ្យ​ថ្នាក់​បញ្ចប់ហាត់​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ចំនួន​៧១%​​​បាន​នាំ​គ្នា​លាលែង​ពី​ការងារ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែទម្រង់​ដំឡើង​ចំនួន​និស្សិត​ប្រលង​ចូល​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ។

 
បើ​តាម​ទិន្នន័យ​ផ្លូវការ​និង​ព័ត៌មាន​ចុះ​ផ្សាយ​នៅក្នុង​សារព័ត៌មាន​ជាតិ មន្ទីរពេទ្យ​ធំៗ​ចំនួន​៥​របស់​កូរ៉េខាងត្បូង​កំពុងមាន​​ដំណើរ​ការ​យ៉ាង​រអាក់​រអួល​បំផុត ដោយ​ត្រូវ​បង្ខំ​ចិត្ត​មិន​ទទួល​អ្នក​ជំងឺ និង​​លុប​គម្រោងការ​​វះកាត់​អ្នក​ជំងឺ​ អស់​ប្រមាណ​៥០%​​ តាំងពី​ថ្ងៃអង្គារ​ទី​២០​កុម្ភៈ​មក ព្រោះ​ខ្វះ​ពេទ្យ។ នៅថ្ងៃពុធ​នេះ​ ចំនួនគ្រូពេទ្យកម្មសិក្សាឈប់​​មិន​មក​ធ្វើ​ការ​មាន​ចំនួន​ដល់​ទៅ ៧៨១៣នាក់ ពោល​គឺ​៥​ដង​ច្រើន​ជាង​កាលពី​ថ្ងៃ​អង្គារម្សិលមិញ និង​ត្រូវ​ជា​៧១%​នៃ​គ្រូពេទ្យ​កម្មសិក្សា​សរុប។
 
​ក្រុមគ្រូពេទ្យ​ថ្នាក់​បញ្ចប់​កំពុងហាត់ការ​នៅតាម​មន្ទីរពេទ្យ (les internes) បាន​នាំ​គ្នាលាលែង​ពីការងារ ដើម្បី​ប្រឆាំង​នឹង​គម្រោង​​កំណែទម្រង់​របស់​រដ្ឋាភិបាលដែល​ចង់​ដំឡើង​ចំនួននិស្សិត​ចូល​រៀន​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ។ លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង យ៉ូន សុកយោល បាន​ជំនះ​ធ្វើ​កំណែទម្រង់​ដំឡើង​​បរិមាណ​​និស្សិត​អាច​ចូល​រៀន​ពេទ្យ​ចំនួន​៦៥% ឬ​ត្រូវ​ជា​២ពាន់​នាក់​បន្ថែម​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០២៥​ទៅ។ សម្រាប់​លោក​ប្រធានាធិបតី នេះ​ជា​វិធានការ​​ចាំបាច់​របស់​ប្រទេស​ក្នុង​ការ​​មើល​ថែ​ពលរដ្ឋ​ចាស់​ៗ​កាន់​តែ​ច្រើន​ឡើងៗ។ រដ្ឋាភិបាល​ព្យាករ​ឃើញ​ថា​ប្រទេស​​​នឹង​មាន​ពលរដ្ឋ​អាយុ​​លើស​ពី​៦៥​ឆ្នាំ​ចំនួន​ដល់​ទៅ​៤៤%​នៅ​ឆ្នាំ​២០៥០។​ ហើយ​កូរ៉េខាង​ត្បូង​មាន​គ្រូពេទ្យ​ជា​មធ្យម​តែ​២,៦នាក់​ប៉ុណ្ណោះ​សម្រាប់​មើល​ពលរដ្ឋ​១ពាន់នាក់ ទល់​នឹង​មធ្យមភាគ​៣,៧%​ នៃ​៣៧​រដ្ឋ​​ជា​សមាជិក​អង្គការ​ប្រទេស​អភិវឌ្ឍន៍​។ ដូច្នេះ​បើ​គ្មានកំណែទម្រង់​ទេ កូរ៉េខាង​ត្បូង​ខ្វះ​គ្រូពេទ្យ​ដល់ទៅ​១៥០០០នាក់​នៅ​ឆ្នាំ​២០៣៥​។
 
ប៉ុន្តែ​​ចំណាត់ការដំឡើង​ចំនួននិស្សិត​ នឹង​ធ្វើ​ឱ្យ​ធ្លាក់​គុណភាព​គ្រូពេទ្យ​នៅ​ថ្ងៃ​អនាគត​ ហើយ​គុណភាព​មើល​ថែ​ព្យាបាល​អ្នក​ជំងឺ​ក៏​ចុះ​ថយ​នៅ​តាម​នោះ​ដែរ។ នេះ​ជា​ការ​យល់​ឃើញ​របស់​ក្រុមគ្រូពេទ្យ។ ម្យ៉ាង​ទៀត​ កំណែទម្រង់​របស់​​រដ្ឋាភិបាល​ មិន​ឆ្កឹះ​ចំ​បញ្ហា​ពិតនៃ​ប្រព័ន្ធ​សុខាភិបាល​កូរ៉េខាង​ត្បូង​ទេ។ កូរ៉េខាង​ត្បូង​ខ្វះ​អ្នក​ជំនាញ​ផ្នែក​ខ្លះ ដូច​ជា​ជំនាញ​កុមារ ឬ​ជំនាញ​បេះដូង ព្រោះ​និស្សិត​នាំ​គ្នា​ចាប់​យក​តែ​ជំនាញ​វះកាត់​កែសម្ផស្ស និង​ចិត្តសាស្ត្រ។ រដ្ឋាភិបាល​គួរ​តែ​​ស្នើ​វិធានការ​កាត់​បន្ថយ​បន្ទុក​តាម​ផ្លូវ​ច្បាប់​វិញ​ ក្នុង​ករណី​មាន​កំហុស​វេជ្ជសាស្ត្រ​គ្រប់គ្រង​មិនបាន​ប្រសើរ​ជាង។ នេះ​បើ​តាម​ការ​ទាមទារ​របស់​សមាគម​និស្សិតពេទ្យ​កម្មសិក្សា​ ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ធ្វើ​កុប្បកម្មឈប់​ធ្វើការ។ តែ​ក្រុម​អ្នក​គាំទ្រ​កំណែទម្រង់​ដែលមាន​ដល់​ទៅ​៧៥% យល់​ថា​ក្រុមប្រឆាំង​មិន​ចង់​មាន​ពេទ្យ​ច្រើន ដើម្បី​អាច​បន្ត​មាន​ប្រាក់​ចំណូល​ខ្ពស់។ នៅកូរ៉េខាងត្បូង ការ​ជ្រើសរើស​និស្សិត​ពេទ្យ​តឹង​តែង​ខ្លាំងណាស់ គ្រូពេទ្យ​ចេញ​មក​មានប្រាក់​ខែ​ខ្ពស់​និង​កិត្តិយសថ្លៃថ្លា​ខ្លាំង​ណាស់។
 
ប្រឈម​នឹង​អវត្តមាន​គ្រូពេទ្យ​ដ៏​សន្ធឹកសន្ធាប់​យ៉ាង​ដូច្នេះ នាយករដ្ឋមន្ត្រី​ដែល​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជំងឺ​ដល់​មន្ទីរពេទ្យ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ  និង​ក្រសួង​សុខាភិបាល បាន​ថ្លែងសារ​ នៅថ្ងៃពុធ​នេះ ជំរុញ​ឱ្យ​ក្រុមគ្រូពេទ្យ​ទាំង​នោះ​ត្រលប់​ទៅ​បំរើការងារ​គោរព​វិជ្ជាជីវៈ​ ដែល​ជា​អ្នក​ការពារព្យាបាល​​សុខភាព​មនុស្ស​ទូទៅ។ គ្រូពេទ្យ​សិក្ខាកាម​ដែល​មិន​មក​ធ្វើ​ការ​អាច​នឹង​ត្រូវឃាត់​ខ្លួន​និង​ជាប់​ទោស​បើ​មិន​ព្រម​ស្តាប់​បញ្ជា​របស់​រដ្ឋាភិបាល។ នេះ​ជាពាក្យ​ព្រមាន​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌៕
 

© រក្សាសិទ្ធិដោយ thmeythmey.com