កីឡាជាតិ
ជាតិ
លោក កាំង សេង ជាប្រធានក្លិបបាល់ទាត់ដំបូងគេ ដែលចូលរួមជាកីឡាករ ក្នុងលីគកំពូលកម្ពុជា
24, Feb 2024 , 12:12 pm        
រូបភាព
លោក កាំង សេង ប្រធានក្លិបអាយ អេស អាយ ដង្កោសែនជ័យ ពាក់អាវក្រៅពណ៌ខៀវ រូបពី Cambodian Premier League
លោក កាំង សេង ប្រធានក្លិបអាយ អេស អាយ ដង្កោសែនជ័យ ពាក់អាវក្រៅពណ៌ខៀវ រូបពី Cambodian Premier League
 
លោក កាំង សេង ប្រធានក្លិបអាយ អេស អាយ ដង្កោសែនជ័យ គឺជាប្រធានក្លិបដំបូង ដែលនឹងក្លាយជាកីឡាករក្នុងលីគកំពូលកម្ពុជា។ ប្រធានក្លិបវ័យ ៣៩ឆ្នាំរូបនេះ ក៏នឹងក្លាយជាកីឡាករចាស់ជាងគេ ក្នុងក្របខ័ណ្ឌ Cambodian Premier League 2023-2024។ ជំនួបអាយ អេស អាយ ដង្កោសែនជ័យ និងព្រះខ័នរាជស្វាយរៀង នាម៉ោង ៦:០០ល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ នៅកីឡដ្ឋាន AIA KMH Park គឺជាការបង្ហាញខ្លួន លើកដំបូងរប​ស់ម្ចាស់ក្លិបរូបនេះ ក្រោយពីខកខានឱកាស កាលពីរដូវកាលមុន ក្នុងលីគ២កម្ពុជា។

លោក កាំង សេង ធ្លាប់ខកខានឱកាសបង្ហាញខ្លួនជាកីឡាករម្ដងរួចមកហើយ កាលពីរដូវកាលមុន Cambodian League 2  ឱ្យអាយ អេស អាយ ដង្កោសែនជ័យ ដែលប្រកបអាជីពនៅលីគ២។ ការខកខាននេះ ដោយសារលោក កាំង សេង របួស ACL។ ប្រធានក្លិបរូបនេះ នៅតែមានបំណងចង់ក្លាយជាកីឡាករអាជីពមួយរូប ដោយអំឡុងពេលសម្រាកពីការព្យាបាល ACL លោក កាំង សេង បានប្រឹងហ្វឹកហាត់ជាខ្លាំង។ 
នៅថ្ងៃទី២៤ កុម្ភៈ នេះ ក្តីបំណងលោក កាំង សេង នឹងអាចក្លាយជាការពិត ក្នុងការបង្ហាញខ្លួនលេងជាលើកដំបូង នាការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង។
 
«ប្រវត្តិរបស់ខ្ញុំ មិនមែនជាអ្នកបាល់ទាត់ទេ ប៉ុន្ដែតាមរយៈការស្រឡាញ់ ការចង់លេងបាល់ទាត់ ខ្ញុំបានបង្កើតក្លិប ខ្ញុំបានសាងសងកីឡដ្ឋាន ថែមទាំងខំហ្វឹកហាត់ដោយខ្លួនឯង ដើម្បីអាចទៅលេងនៅលីគ២ បាន។ បានបាត់បង់ឱកាសម្ដងរួចមកហើយ ដោយសារតែរបួស ACL ក្នុងការប្រកួតលីគ២ កាលពីរដូវកាលមុន។ ទន្ទឹមជាមួយនិងការសម្រាក់ព្យាបាលរបួស ACL លោក កាំង សេង បានប្រឹងហ្វឹកហាត់ ដើម្បីឲ្យបានត្រឡប់មកទីលានជាមួយសមត្ថភាព ដែលខ្លាំង។»។ កីឡាកររូបនេះ បាននិយាយដូច្នេះ។
 
ប្រធានក្លិបវ័យ ៣៩ឆ្នាំរូបនេះ ក៏នឹងក្លាយជាកីឡាករវ័យចាស់ជាងគេ ក្នុងលីគកំពូលកម្ពុជា ខណៈអ្នកមានអាយុច្រើនជាងគេ គឺកីឡាករ គួច សុកុម្ភៈ វ័យ៣៦ឆ្នាំ ដែលកំពុងប្រកបអាជីពនៅក្លិបណាហ្គា។
 
ជំនួប អាយ អេស អាយ ដង្កោសែនជ័យ និងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន AIA KHM Park ។ ទន្ទឹមនេះ ណាហ្គាវើលដ៍ ស្វាគមន៍ ភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២១ ព្រះខ័នរាជស្វាយរៀង នៅតែរក្សាកំពូលតារាង (បណ្ដោះអាសន្ន) ដោយមាន៥៣ ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន៤៨ពិន្ទុ។ ក្រុមវិសាខា ឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៥ពិន្ទុ រីឯ បឹងកេត លេខ៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៥ មាន៣១ពិន្ទុ ដូចគ្នា។ កងយោធពលខេមរភូមិន្ទ មាន២៤ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៦ តាមពីក្រោយដោយណាហ្គាវើលដ៍ លេខ៧ មាន២៣ពិន្ទុ។ ចំណែក ព្រៃវែង មាន២០ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៨។ រីឯ អង្គរថាយហ្គឺរ បន្ដឈរលេង៩ មាន១៥ពិន្ទុ និងគិរីវង់សុខសែនជ័យ លេង១០ មាន១៤ពិន្ទុ៕
 

Tag:
 បាល់ទាត់
  កាំង សេង
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com