ជាតិ
អ្នកនាំពាក្យកសិកម្ម សំណូមពរឱ្យប្រជាកសិករស្ដាប់ការណែនាំ ខណៈក្រសួងនឹងរកទីផ្សារស្រូវបន្ថែម
24, Feb 2024 , 2:39 pm        
រូបភាព
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម។
ភ្នំពេញ៖ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទូចឱ្យប្រជាកសិករស្ដាប់ការណែនាំរបស់ក្រសួង ទើបការបង្កបង្កើនផលពុំជួបបញ្ហាប្រឈម ។ ការទទូចរបស់អ្នកនាំពាក្យរូបនេះ ស្របពេលពលរដ្ឋកំពុងតែត្អូញត្អែរពីការធ្លាក់ចុះ នៃតម្លៃស្រូវ នារដូវប្រមូលស្រូវប្រាំង ។

 
កញ្ញា រចនា បានបញ្ជាក់ថា តម្លៃកសិផលធ្លាក់ចុះ ឬឡើង គឺអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់។ ហេតុនេះ បើប្រជាកសិករ ដាំដុំលើសតម្រូវការ នឹងជួបបញ្ហាទីផ្សារ។ នេះបើតាមការសង្កេតឃើញរបស់ កញ្ញា រចនា ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៤ កុម្ភៈ តាមប្រព័ន្ធតេឡេក្រាម។ 
 
«…ប្អូនបងប្រជាកសិករយើង ម្ដងហើយម្ដងទៀត ខ្ញុំសូមសំណូមពរឱពិចារណាមើល ទៅលើការណែនាំឡាយរបស់ក្រសួង។ នេះជាសារដែលក្រសួងសូមផ្ញើជូនដល់បងប្អូនប្រជាកសិករទាំងអស់»។ អ្នកនាំពាក្យក្រសួងកសិកម្មបានសង្កត់ធ្ងន់បែបនេះ មុនបន្ថែមថា ក្រសួងបានយកចិត្តទុកដាក់និងតាមដានលើតម្លៃស្រូវនេះណាស់ ហើយនឹងបន្តជួយស្វែងរកទីផ្សារ រួមទាំងដំណោះស្រាយដល់កសិករបន្ថែមទៀត។ 
 
កន្លងមកក្រសួងបានណែនាំ ពលរដ្ឋមិនឱ្យសម្រុកធ្វើស្រូវប្រាំង និងធ្វើលើសតម្រូវការឡើយ។ ការណែនាំនេះ ក៏ដោយសារក្រសួង ពិនិត្យឃើញបញ្ហាប្រែប្រួលអាកាសធាតុ ដែលនាំឱ្យខ្វះទឹក។ 


 តម្លៃស្រូវនៅថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៤។ រូបពី អ្នកនាំពាក្យ 
 
សូមជម្រាបថា នៅថ្ងៃនេះ តម្លៃស្រូវសើមប្រភេទ OMសើម, OM5451 នៅខេត្តកំពង់ធំ និងកំពង់ចាម មានតម្លៃ៩៥០រៀល ហើយស្រូវសែនក្រអូប នៅខេត្តត្បូងឃ្មុំ តម្លៃ១២៥០រៀល ដល់១៣០០រៀល។ នេះបើតាមតម្លៃមធ្យមភាគស្រូវសើម ដែលសារព័ត៌មានថ្មីៗ ទទួលបានពីអ្នកនាំពាក្យ៕ 
 
សូមអញ្ជើញស្ដាប់សេចក្ដីលម្អិត របស់អ្នកនាំពាក្យក្រសួងកសិកម្ម៖


 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com