កីឡាជាតិ
ជាតិ
កីឡាហោះហើរ ជួយទាញទេសចរអន្តរជាតិ និងបង្ហាញភាពសម្បូរបែបនៃវិស័យកីឡានៅកម្ពុជា
24, Feb 2024 , 7:59 pm        
រូបភាព
លោក តេង ប៉េងស៊ាង
លោក តេង ប៉េងស៊ាង
 
លោក តេង ប៉េងស៊ាង ប្រធានសហព័ន្ធកីឡាហោះហើរ​កម្ពុជា មើលឃើញថា កីឡាហោះហើរ ជាផ្នែកមួយទាក់ទាញភ្ញៀវអន្ដរជាតិ ឱ្យមកស្គាល់កម្ពុជា និងជួយបង្ហាញភាពសម្បូរបែបនៃវិស័យកីឡានៅកម្ពុជាផងដែរ។ សព្វថ្ងៃ មានភ្ញៀវអន្ដរជាតិមួយចំនួនចូលចិត្តកីឡាហោះហើរ ព្រោះទទួលបានចំណីអារម្មណ៍ប្លែក លើសកីឡាផ្សេងទៀត ដែលលេងនៅក្នុងទឹក និងលើដី។

កីឡាហោះហើរ មានវត្តមាននៅកម្ពុជា ដំបូងនៅចន្លោះឆ្នាំ២០០០-២០០៤ ដោយកាលនោះ ត្រូវបានភ្ញៀវទេសចរបរទេស លេងកម្សាន្ដ នៅតំបន់សមុទ្រ នាខេត្តព្រះសីហនុ។ កីឡាហោះហើរ ដោយស្ពាយម៉ាស៊ីន Paramotor និងឆ័ត្រយោងនេះ មានភ្ញៀវទេសចរ លេងកាន់តែច្រើន គឺចន្លោះឆ្នាំ២០០៥-២០១០។ 
 

ដោយឡែក នាអំឡុងពេលនោះ ការជិះឆ័ត្រយោងនេះ មិនទាន់ចាត់ជាសកម្មភាពកីឡានៅឡើយទេ នៅកម្ពុជា។ នាឆ្នាំបន្ទាប់ ភ្ញៀវទេសចរទាំងនោះ ក៏មិនសូវមានសកម្មភាពហោះទៀត ហើយលោក តេង ប៉េងស៊ាន នៅតែបន្ដសកម្មភាពហោះហើរនេះ ដដែរ។ លុះចូលដល់ឆ្នាំ២០១៣ ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡាហោះហើរ ត្រូវបានបង្កើតឡើង ហើយលោក តេង ប៉េងស៊ាន ត្រូវបានតែងតាំងជាប្រធាន។
  

លោក តេង ប៉េងស៊ាង បង្រៀនសិក្ខាកាមហោះហើរ

ប្រធានសហព័ន្ធរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា អ្វីដែលធ្វើឲ្យរូបលោក បានបន្ដអភិវឌ្ឍកីឡានេះ ព្រោះឃើញថា ភ្ញៀវទេសចរអន្ដរជាតិ មួយចំនួនចូលចិត្ត ហើយការមានកីឡាគ្រប់ភាព គឺជាការបង្ហាញពីភាពសម្បូរបែបនៃវិស័យកីឡានៅកម្ពុជា។ ម្យ៉ាងវិញទៀត លោក ប៉េងស៊ាង ចង់ឲ្យកម្ពុជា មានធនធានកីឡាករហោះហើរ អាចចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា ដូចជាប្រទេសជិតខាងផងដែរ។
  

លោក តេង ប៉េងស៊ាង ប្រាប់ពីរបៀបប្រើ Paramotor

«វិស័យកីឡានេះទាក់ទាញភ្ញៀវទេសចរខ្លាំង។ នៅពេលកីឡាយើងទាក់ទាញ គេចង់មកប្រទេសយើង គេចង់សាកកីឡានៅប្រទេសយើង។ អ៊ីចឹង កីឡានេះ លើកមុខមានជាតិយើង ហើយនេះ ក៏ជាគោលដៅរបស់យើង ក្នុងការចូលរួមផ្សព្វផ្សាយមុខមានជាតិយើង ដែរ។ ខ្ញុំ ឃើញកីឡានេះ គេហ្វឹកហាត់ច្រើនៅប្រទេសថៃ ហើយខ្ញុំ បានហ្វឹកហាត់វាពីថៃមកដែរ។ ពេលមកដល់ខ្មែរ ខ្ញុំគ្រាន់តែហាត់ និងលេងដោយខ្លួនឯងប៉ុណ្ណោះ នៅតាមខេត្តដូចជាកំពង់សោម។ នៅពេលនោះ បរទេសមួយចំនួន គាត់តាមមើល ហើយគាត់និយាយថា នៅខ្មែរមានកីឡានេះ ដែរ។ អ៊ីចឹងគេចង់លេង។
 
 ខ្ញុំ ចង់លើកទឹកចិត្តឲ្យមានអ្នកហ្វឹកហាត់ច្រើន ដើម្បីមានកីឡាករ-កីឡាការិនីទៅប្រកួតប្រជែងដូចប្រទេសដទៃ។»។ លោក តេង ប៉េងស៊ាង បាននិយាយប្រាប់ដូច្នេះ។
 
សហព័ន្ធកីឡាហោះហើរ បានអនុវត្តសកម្មភាពហ្វឹកហាត់បន្ដិចម្ដងៗ រហូតដល់ឆ្នាំ២០១៩-២០២២ សកម្មហ្វឹកហាត់ទាំងនោះ ត្រូវបានផ្អាក់ដោយសារកូវីដ-១៩។ ចាប់ពីឆ្នាំ២០២៣ សកម្មភាពហ្វឹកហាត់ ក៏ចាប់ផ្ដើមម្ដងទៀត ដោយបច្ចុប្បន្ន មានសិក្ខាកាម២០នាក់។ លោក ប៉េងស៊ាង សង្ឃឹមថា សិក្ខាកាមទាំងនោះ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្ដុះធនធានកីឡាករ-កីឡាការិនី បន្ថែមទៀត។
  

លោក តេង ប៉េងស៊ាង ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ

ប្រធានសហព័ន្ធរូបនេះ បន្ដទៀតថា​ការអភិវឌ្ឍវិស័យកីឡាមួយនេះ មានការលំបាកច្រើនព្រោះ ត្រូវការចំណាយធនធានច្រើន ក្នុងការទិញម៉ាស៊ីនហោះហើរ (Paramotor) និងឆ័ត្រយោង ហើយម៉ាស៊ីននោះតម្លៃចាប់ពី៣០០០ដុល្លាឡើងទៅ។ ម្យ៉ាងវិញទៀត កីឡាករ-កីឡាការិនី ក៏ត្រូវចំណាយថវិការផ្ទាល់ខ្លួន ដើម្បីទិញរបស់ទាំងនោះ ផងដែរ។ លោក ប៉េងស៊ាង ក៏បានប្រាប់ផងដែរថា សម្រាប់ម៉ាស៊ីនខ្លះ គឺរូបលោក ត្រូវកែឆ្នៃរចេញពីម៉ាស៊ីនម៉ូតូ ព្រោះដើម្បីសន្សំថវិការខ្លះ ចំណាយលើការហ្វឹកហាត់ ដែលចាំបាច់។ ក្រៅអំពីការចំណាយលើឧបករណ៍ និងសម្ភារៈប្រើប្រាស់ សហព័ន្ធ ក៏ត្រូវចំណាយថវិការបោះតង់សម្រាបហ្វឹកហាត់តាមខេត្ត ផងដែរ។
 
ដោយឡែក បញ្ហាជួសជុលម៉ាស៊ីន Paramotor មិនមែនជារឿងធំឡើយ ព្រោះសហព័ន្ធ មានរោងជាងសម្រាប់ជួសជុលដោយខ្លួនឯង។
 
ប្រធានសហព័ន្ធរូបនេះ ជឿថាកីឡាករ-កីឡាការិនីកម្ពុជា គឺមានសក្ដានុពលគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ ប្រសិនជាបានហ្វឹកហាត់ខ្ជាប់ខ្ជួន ព្រោះអ្នកទាំងនោះ មានស្មារតីល្អ និងមានឆន្ទៈចង់លេងកីឡានេះ ជាពិសេសការយកឈ្នះខ្លួនឯង ដោយការហោះហើរលើរយៈកម្ពស់ខ្ពស់ ចន្លោះពី៥០-១០០ម៉ែត្រ៕
 

Tag:
 កីឡាហោះហើរ
  តេង ប៉េងស៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com