កីឡាជាតិ
ជាតិ
«គុនល្បុក្កតោ មិនមែនជារបស់ខ្ញុំតែម្នាក់ទេ » លោក ប៉ុញ កើន ផ្ដាំឲ្យយុវជនជួយថែរក្សា
24, Feb 2024 , 9:29 pm        
រូបភាព
លោក ប៉ុញ កើន ប្រធានក្លិបល្បុក្កតោគោកធ្លក រូបពីវីដេអូក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
លោក ប៉ុញ កើន ប្រធានក្លិបល្បុក្កតោគោកធ្លក រូបពីវីដេអូក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
 
លោក ប៉ុញ កើន ប្រធាន និងជាគ្រូបង្វឹកក្លិបគុនល្បុក្កតោគោកធ្លក នៃសមាគមក្រសួងមហាផ្ទៃ បាននិយាយថា ខ្លួនខំប្រឹងថែរក្សា និងផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ ព្រោះចង់ឲ្យក្មេងជំនាន់ក្រោយ ជួយថែរក្សា និងអភិរក្សមរតកក្បាច់គុន ដែលជាកេរដំណែលពីបុព្វបុរសខ្មែរ។

លោក ប៉ុញ កើន ដែលបានបើកក្លិបគុនល្បុក្កតោ នៅភូមិត្រពាំងព្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានផ្ដល់បទសម្ភាសទៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃថា រូបលោក បានប្រឹងផ្សព្វផ្សាយ និងបើកក្លិបនេះ ដើម្បីឲ្យផ្ទេរមរតកក្បាច់គុន ក៏ដូចជាកាតព្វកិច្ចថែរក្សា ទៅកាន់ក្មេងជំនាន់ក្រោយ។ 
 
«ក្បាច់គុននេះ មិនមែនជារបស់ខ្ញុំតែម្នាក់ទេ ប៉ុន្ដែគឺជារបស់ដូនតាយើង។ ជាវប្បធម៌ជាតិ និងជាក្បាច់គុនសម្រាប់ក្មេងៗជំនាន់ក្រោយហ្វឹកហាត់។ នៅពេលខាងមុខ ក្មេងទាំងនោះមានឱកាសយកទៅប្រើការដូចជាប្រកួតព្រឹត្តិការណ៍ថ្នាក់ជាតិ ឬអន្ដរជាតិ និងប្រឡងចូលក្របខ័ណ្ឌផ្សេងៗ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
បច្ចុប្បន្នក្លិបគុនល្បុក្កតោគោកធ្លក មានសិស្សជាង២០នាក់។ បើតាមលោក ប៉ុញ កើន ក្លិបកំពុងជួប ការលំបាក ខ្វះសម្ភារៈហ្វឹកហាត់ដូចជា ហ្គង់ ហ្ស៊ីប និងបញ្ហាទីលានហ្វឹកហាត់តូច ដែលជាហេតុ ធ្វើឲ្យការបញ្ចេញក្បាច់ពិបាក។
 
ដ្បិតជួបការលំបាក ប៉ុន្តែគ្រូបង្វឹករូបនេះ នៅតែប្ដេជ្ញាបណ្ដុះបណ្ដាលយុវជនពីក្បាច់បុរាណខ្មែរនេះ ។ បើតាមលោក ប៉ុញ កើន ប្រជាជនក្នុងភូមិ-ឃុំរបស់លោក មានការយល់ដឹង និងចាប់ផ្ដើមស្រឡាញ់នូវអ្វីជារបស់ខ្មែរ ជាពិសេសសិល្បៈក្បាច់គុនមួយនេះ ។ លោក បានសង្កត់ធ្ងន់ថា ពលរដ្ឋក្នុងភូមិ តែងតែបញ្ជូនកូនៗ មកហ្វឹកហាត់ ដោយមិនហាមឃាត់ឡើយ៕
 

Tag:
 ល្បុក្កតោ
  ប៉ុញ កើន
  ក្លិបគុនល្បុក្កតោគោកធ្លក
© រក្សាសិទ្ធិដោយ thmeythmey.com