កីឡាជាតិ
ជាតិ
ឡោ សំណាង ចង់ប្រកួតជាមួយ Majid Tocayah ដែលបានផ្ដួល ក្រាក់ សម្ផស្ស ត្រឹមទឹកទី១
25, Feb 2024 , 2:44 pm        
រូបភាព
Front-ក្រាក់ សម្ផស្ស ដួលក្រោយត្រូវមួយជើងរបស់កីឡាករអ៊ីរ៉ង។ រូបភាពផ្ដល់ដោយ ណារ៉ា គុនខ្មែរ
Front-ក្រាក់ សម្ផស្ស ដួលក្រោយត្រូវមួយជើងរបស់កីឡាករអ៊ីរ៉ង។ រូបភាពផ្ដល់ដោយ ណារ៉ា គុនខ្មែរ
ឡោ សំណាង អតីតកីឡាករប្រដាល់គុនខ្មែរ ចង់វិលត្រឡប់មកប្រកួតវិញ។ កីឡាករវ័យ៤២ឆ្នាំនេះ ស្នើឲ្យផលិតករ និងម្ចាស់កម្មវិធី រៀបចំឲ្យខ្លួន បានប្រកួតជាមួយកីឡាករ ដែលមានសមត្ថភាពខ្លាំង។ ឡោ សំណាង ស្នើសុំប្រកួតជាមួយ Majid Tocayah មកពីអ៊ីរ៉ង ដែលបានផ្ដួល ក្រាក់ សម្ផស្ស លើប្រភេទទម្ងន់ ៦៥គីឡូក្រាម ក្នុងទឹកទី១ លើសង្វៀន KKIF កាលពីថ្ងៃទី២៤ កុម្ភៈ ។

ឡោ សំណាង បានឈប់ប្រកួតដណ្ដើមខ្សែក្រវ៉ាត់ផ្សេងៗ តាំងពីឆ្នាំ២០០៦។ ដោយឡែក ការប្រកួតចុងក្រោយ គឺក្នុងឆ្នាំ២០១៦ ជាលក្ខណៈមិត្តភាពជាមួយកីឡាករមកពីថៃ។ ក្រោយពីការចាកចេញពីសង្វៀនប្រដាល់គុនខ្មែរ អស់ជិត១០ឆ្នាំ កីឡាកររូបនេះ ចង់វិលត្រឡប់មករកការប្រកួតជាថ្មី។ 
 
យោងតាមការបង្ហោះសារ ក៏ដូចជាវីដេអូហ្វឹកហាត់ផ្សេងៗ លើហ្វេសប៊ុកខ្លួន អតីតកីឡាករវ័យ ៤២ឆ្នាំរូបនេះ ទទូចឲ្យអ្នកផលិតករ និងអ្នករៀបចំកម្មវិធី ផ្គូផ្គងឲ្យរូបលោក ប្រកួតជាមួយកីឡាករមានកម្រិតខ្លាំង។ លោក ឡោ សំណាង ក៏សុំប្រកួតជាមួយ Majid Tocayah ដែលបានផ្ដួល ក្រាក់ សម្ផស្ស ត្រឹមទឹកទី១ ។
 
«បើសិនអ្នករៀបចំកម្មវិធី ឲ្យខ្ញុំបានជួបដៃគូរប្រកួតយប់មិញឈ្នះ ក្រាក់ សម្ផស្ស ល្អខ្លាំងពីព្រោះចង់ប្រកួតអ្នកដែលឈ្នះ មិនខ្លាចទេដាក់មក។»។ ឡោ សំណាង បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួន ដូច្នេះ។
 
កាលពីថ្ងៃទី២៤ ខែកុម្ភៈ លើសង្វៀនប្រដាល់គុនខ្មែរអន្ដរជាតិ (KKIF) Majid Tocayah កីឡាករអ៊ីរ៉ង បានផ្ដួល ក្រាក់ សម្ផស្ស ដោយបានទាត់ចូលចុងដង្ហើម នៅទឹកទី១។ ក្រាក់ សម្ផស្ស បាននិយាយក្រោយចប់ការប្រកួតថា រូបខ្លួន គឺមិនទាន់ត្រៀមលក្ខណៈរួចរាល់ និងមិនបានប្រុងប្រយ័ត្ននៅពេលដែលអាជ្ញាកណ្ដាល បានចូលទៅឃាត់ ហើយកីឡាករអ៊ីរ៉ងរូបនោះ បានឆ្លៀតឱកាសទាត់មួយទំហឹងតែម្ដង៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ឡោ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com