RFI
អន្តរជាតិ
ការសិក្សា៖ បារាំង​អាចសម្រេច​កម្មវត្ថុ​អាកាសធាតុ​ ដោយបន្ថយ​ការ​បរិភោគ​សាច់​៥០%
25, Feb 2024 , 7:39 pm        
រូបភាព
ដោយ៖ អៀង សុខម៉ិញ/RFI
ដើម្បី​សុខភាព​សូម​បរិភោគ​បន្លែ​ផ្លែឈើ​ឱ្យ​បាន៥មុខ​ក្នុង​មួយ​ថ្ងៃ និង​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់។ ដើម្បី​អាកាសធាតុ និង​សម្រេច​កម្មវត្ថុ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃភពផែនដី គេ​ក៏​ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​សត្វដែរ។ បើ​តាម​ការ​សិក្សា​របស់​បារាំង ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​ទី​២០​កុម្ភៈ​២០២៤​នេះ បញ្ចុះ​ការ​ទទួល​ទាន​សាច់​ឱ្យ​បាន​៥០%​នឹង​ជួយ​ប្រទេស​បារាំង​ឱ្យ​សម្រេច​កម្មវត្ថុ​អាកាសធាតុ​បាន។

បណ្តាញ​សមាគម​សកម្មដើម្បី​អាកាសធាតុ ​ប្រមូល​ផ្តុំ​ដោយ​សមាគម​ជាង​៣០ និង​សមាគម​អាហារូបត្ថម្ភបារាំង​​ ដែលប្រជុំ​ទៅ​ដោយ​​​បញ្ញាវន្ត អ្នក​ចេះ​ដឹងខ្ពស់ៗ អ្នក​ជំនាញ​ក្នុង​វិស័យ​សាធារណៈ​និង​ឯកជន​ បានដឹកនាំ​​សិក្សា​អំពី​របប​អាហារ​ មិន​ប៉ះពាល់​ដល់​បរិស្ថាន។
 
​លទ្ធផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គេ​អាច​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​សត្វ​ ៥០% ដោយ​បំពេញ​​បាន​ទាំង​ស្រុង​នឹង​សេចក្តីត្រូវ​ការ​របស់​សរីរាង្គកាយ​ផ្នែក​អាហារូបត្ថម្ភ​ និង​ដោយ​គ្មាន​ត្រូវ​ការ​ប្រើ​ផលិតផល​ប៉ូវ ឬ​អ្វីបន្ថែម​ទេ។ បញ្ចុះ​​​ការ​ទទួល​ទាន​បរិមាណសាច់ពាក់កណ្តាល​ ​នេះ អាច​នឹង​ជួយ​កាត់​​បន្ថយ​បរិមាណ​នៃ​ការ​បញ្ចេញ​ឧស្ម័នកាបូន​របស់​ចំណី​អាហារ​បាន​ដល់​២០ទៅ​៥០% ទៅ​តាម​ប្រភេទ​នៃ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ទៀត។ ពោល​គឺ​តាម​រយៈ​ការ​ ​ការ​ទទួល​ទាន​សាច់តិច​ជាង​មុន​ពាក់កណ្តាល បារាំង​នឹង​អាច​សម្រេច​កម្មវត្ថុ​អាកាសធាតុ​ដែល​ចង់​កាត់​បន្ថយឧស្ម័ន​ផ្ទះ​កញ្ចក់​បញ្ចេញ​ដោយ​វិស័យ​កសិកម្ម​ ឱ្យ​បាន​៤៦%​នៅ​ឆ្នាំ​២០៥០។ ​នេះ​បើ​តាម​ការ​លម្អិត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល។
 
របាយការណ៍​សិក្សា​បាន​រំលឹក​ថា បច្ចុប្បន្ន​នេះ ​ចំណី​អាហារ​​ជា​ប្រភព​បន្សល់​ទុក​នូវ​ស្នាម​កាបូន​ប្រមាណ​២២% និង​៦០%​នៃ​ឧស្ម័ន​កាបូនិកបំពុល​​បរិយាកាសនៅ​ប្រទេស​បារាំង បញ្ចេញ​ដោយ​ផលិតកម្មក​សិកម្ម​ និង​ផលិតកម្ម​អាហារសម្រាប់​បំពេញក្រពះ​​​រាល់​ថ្ងៃ។ ការ​ចិញ្ចឹម​សត្វ​ជា​ដើម​ហេតុ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​យ៉ាង​ខ្លាំងមួយ​នៃ​វិស័យ​​កសិកម្ម។ នៅក្នុង​អំឡុង​ពេល​ពីរ​ទសវត្សរ៍​ គឺ​ពី​ឆ្នាំ​១៩៩០ដល់​ឆ្នាំ​២០១២ ការ​បរិភោគ​សាច់​សត្វ​នៅ​បារាំង​បាន​ថយ​ចុះ​ច្រើន តែ​ចាប់​ស្ទុះ​ឡើង​បន្តិច​វិញ​តាំង​ពី​ជាង​១០​ឆ្នាំ​ចុងក្រោយ​មក​នេះ។ សព្វថ្ងៃ​ ប្រជាពលរដ្ឋ​បារាំង​បរិភោគ​សាច់ច្រើន​​ជាង​​មធ្យមភាគ​ពិភពលោក​ដល់​ទៅពីរ​ដង។
 
ហេតុ​ដូច្នេះហើយ​បាន​ជា​បណ្តាញ​​សមាគមដើម្បី​អាកាសធាតុ​និង​សមាគមអាហារូបត្ថម្ភ​បារាំង បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​យល់​អំពី​ភាព​​ចាំបាច់ត្រូវបញ្ចូល​បញ្ហា​បរិស្ថានទៅក្នុង​កម្មវិធីជាតិ​ នៅពេល​ចេញ​​​អនុសាសន៍​​​ទាក់ទង​នឹង​របប​អាហារ​ដើម្បី​សុខភាព។ ក្នុង​ន័យ​នេះ ការ​សិក្សា​របស់​ក្រុម​បញ្ញាវន្ត​បារាំង បាន​ណែនាំ​ឱ្យ​មនុស្ស​ម្នាក់ៗ​ កុំ​ទទួល​ទាន​សាច់​ (សាច់​ស្រស់ សាច់​ប្រលាក់​ សាច់​កែច្នៃ សាច់ជ្រូកគោមាន់ទា) ហួស​​ពី ៤៥០ក្រាម (បួនខាំកន្លះ) ក្នុង​សប្តាហ៍។ បើ​តាម​​ការ​សិក្សាដដែល​ របប​អាហារ​ដ៏​ប្រពៃ​បំផុត គឺបង្កើន​ការ​​ទទួល​ទាន​បន្លែ​និង​ផ្លែឈើ​ ពពួក​បន្លែ​ស្ងួតដូច​ជា​សណ្តែក​បាយ សណ្តែក​សៀង... ពពួក​ផ្លែ​ឈើ​មាន​សំបក​រឹង និង​អាហារ​ជា​គ្រាប់​​ធញ្ញជាតិ​សម្រូប ហើយ​ត្រូវ​បរិភោគ​ស៊ុតនិង​ផលិតផលធ្វើ​ពី​​ទឹក​ដោះ​គោ​ក្នុង​បរិមាណ​តិច​ល្មម និង​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​មែន​ទែន ការ​ទទួល​ទានអាហារ​មាន​ ខ្លាញ់​ជ្រុល​ ផ្អែម​ និង​ប្រៃ​ខ្លាំង៕
 

Tag:
 ការសិក្សា៖ បារាំង​អាចសម្រេច​កម្មវត្ថុ​អាកាសធាតុ​ ដោយបន្ថយ​ការ​បរិភោគ​សាច់​៥០%​ ​ Pixabay
© រក្សាសិទ្ធិដោយ thmeythmey.com